«​កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង​» ប្រារព្វ​ធ្វើ ៣​ទីតាំង​ផ្សេងគ្នា​

2094
ចែករម្លែក

​ដោយ​៖ សន​សក្ដា / កំពង់ឆ្នាំង​៖​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​បង្កើន​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ឆ្នាំង ស្រប​ពេលដែល​ពិធីបុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខិតជិត​ម​ក​ដល់ នៅ​ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ស្ម័គ្រចិត្ត ខេត្តកំពង់ឆ្នាំង ដោយមាន​កិច្ចសហការ​គាំទ្រ​ពី​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង​» ដែលមាន​លក្ខណៈ​រឹតតែ​ពិសេស និង​អស្ចារ្យ​ប្លែក​ពី​ឆ្នាំមុន​។​

​លោក ជិន រិទ្ធី ប្រធាន​ក្រុមការងារ​ស័​គ្រ​ចិត្តបាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៨​នេះ ព្រឹត្តិការណ៍ កំពង់ឆ្នាំង​បុណ្យ ភូមិ​យើង នឹង​រៀបចំ​លើ ៣​ទីតាំង​ផ្សេងៗ​គ្នា​។ ដោយ​ក្នុងនោះ​៖ ​ទីតាំង​ទី​១ ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី​២៤ និង ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៨ នៅ​បរិវេន​វត្ត​គិរី​សុវណ្ណ ហៅ​វត្ត​ត្រងិល ស្ថិតនៅក្នុង ឃុំ​ត្រងិល ស្រុក​កំពង់លែង ។​​ទីតាំង​ទី​២ ប្រារព្វ​ធ្វើ​នៅ​ថ្ងៃទី ៣១ ខែមីនា និង​ថ្ងៃទី​០១ ខែមេសា ឆ្នាំ ២០១៨ នៅ​បរិវេន វត្ត​កំពង់ព្រះ ស្ថិតនៅក្នុង​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​។ ទីតាំង​ទី​៣​ប្រារព្ធ​ធ្វើ​ថ្ងៃទី ៦ ,៧ និង ថ្ងៃទី​៨ ខែមេសា ឆ្នាំ ២០១៨ នៅ​បរិវេន វត្ត​ព​លិ​បុព្វ​តា​រាម ហៅ​វត្ត​សន្ទូច ស្ថិតនៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​កែវ ពៅ ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ស ខេង និង ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពលី​ប្រារព្វ​កម្មវិធី​កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង នៅ​វត្ត​គិរី​សុវណ្ណ ហៅ​វត្ត​ត្រងិល ក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់​
​លែង​។ ក្នុងនោះ​ឯកឧត្តម​កែវ ពៅ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០០​ដូ​ល្លារ ដល់​កម្មវិធី​បុណ្យ​ភូមិ​នៅ​វត្ត​ត្រងិល ស្រុក​កំពង់លែង​នេះ​ផងដែរ​។​

​សូមជម្រាបថា សំរាប់​ព្រឹត្តិការណ៍ កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង ក៏មាន​ការប្រគំ​តន្ត្រី ការលេង​ល្បែង​ប្រជាប្រិយ ការបង្ហាញ​ក្បាច់គុន​ល្បុកតោ ការដាក់​តាំង​បង្ហាញ ផលិតផល​របស់​ខេត្ត ការសម្តែង​របាំ​ប្រពៃណី និង​ការ​រាំលេង​កម្សាន្ត​ដើម្បី​អបអរ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​៕L​