​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​ចាប់​សាងសង់​ថ្ងៃ​នេះហើយ​

1504
ចែករម្លែក
  • 28
    Shares

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​បាន​បុក​គ្រឹៈ​ចាប់ដំណើរការ​សាងសង់​នៅ​ព្រឹក​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨​នេះហើយ​។​បន្ទាប់ពី​ធ្វើ​ពិធី​ក្រុង​ពលី​សុំ​ទៅ​ម្ចាស់​ទឹក​ម្ចាស់​ដី​ស្របតាម​ប្រពៃណី​យ៍​ខ្មែរ​យើង​កាលពី​ម្សិលមិញ​រួចមក​។​

​ពិធី​បុក​គ្រឹៈ​សាងសង់​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អភិបាលខេត្ដ​កំពត​លោក​ជាវ តា​យ​និង​មន្ត្រី​ទេសចរ មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​បាន​ចូលរួម​យ៉ាង​កុះករ​។​​មន្ត្រី​ទេសចរ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​បាន​និយាយថាៈ​ការដែល​យក​ថ្ងៃនេះ​មក​ធ្វើ​ពិធី​សាងសង់​កំពង់ផែ​នេះ​គឺ​បាន​មើលឃើញ​ហុង ស៊ុយ​ល្អ​អស្ចារ្យ​គឺ​ចំ​ថ្ងៃទី​៨​ខែ​៨​ឆ្នាំ​២០១៨​វេលា​ម៉ោង​៨ ៨​នាទី​និង​៨​វិនាទី​ចាប់​ផ្តើមធ្វើ​ពិធី​បុក​គ្រឹៈ​តែម្តង​។​ជាមួយ​នោះ​ក៏​និមន្ត​ព្រះសង្ឃ​៨​អង្គ​អញ្ជើញ​ភ្ញៀវ​ចូលរួម​៨០០​នាក់​ថែមទៀត​។​

​នេះ​ជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ដំបូង​គេ​បាន​ផ្តើម​សង់​ក្រោម​លុយ​កម្ចី​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB)​ប្រមាណ​ជាង​៩​លាន​ដុល្លារ​សម្រាប់​បម្រើឱ្យ​ការដឹកជញ្ជូន​ទេសចរ​តាមផ្លូវ​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។ ដែល​បណ្តាញ​ដឹកជញ្ជូន​នេះ​ភ្ជាប់​ទៅនឹង​ភាគខាងត្បូង​ប្រទេស​វៀតណាម មាន​កោះត្រល់​ជា​គោលដៅ​សំខាន់​និង​ភាគខាងត្បូង​ប្រទេស​ថៃ មាន​ខេត្ត​ត្រាត​កោះ​ឆាង ភូ​កេ​ត​ជាដើម​។​

​កំពង់ផែ​នេះ​គេ​រំពឹងថា​នឹង​សាងសង់​រយៈពេល​១៨​ខែ​រួចរាល់​ជា​ស្ថាពរ​។​តាម​របាយការណ៍​រប​ស់លោក​សុខ​សុគន្ធ​ប្រធាន​គំរោង​សាងសង់​របស់​ក្រសួងទេសចរណ៍​បានបញ្ជាក់​ឱ្យដឹងថា​ផែ​នេះ​សង់​លើ​ផ្ទៃដី​៤​ហិកតា មាន​រចនាសម្ព័ន​ជាច្រើន​ផ្នែក​ស្របតាម​បទដ្ឋាន​ស្តង់ដារ​ផែ​ទេសចរណ៍​អន្តរជាតិ សម្រាប់​ទទួល សំចត​ភ្ញៀវទេសចរ​ចេញចូល​ចុះឡើង​ឱ្យមាន​សុវត្ថិភាព​និង​ធានា​នូវ​និរន្តរភាព​ខាង​បរិស្ថាន​ទៀតផង​។​

​គេ​រំពឹងថា​តាមរយៈ​កំពង់ផែ​នេះ​នឹង​អាចជួយ​ទាក់ទាញ​ទេចរ​មកកាន់​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុ​ជាមាន​កែប​កំពត​ព្រះសីហនុ​កោះកុង​ជាដើម​ប្រមាណ​១៤​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។​ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ​ឱ្យបាន​៦​លាន​នាក់​។​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សង់​ផែ​នេះ​ឈ្មោះ​ហៅថា​ក្រុមហ៊ុន​SBPH Engineering&ConstructionsCoLtd​។​

​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ​ខេត្តកំពត​ទទួល​ទេសចរ​បាន​ជាង​៨៥​ម៉ឺន​នាក់​។​ក្នង​នោះ​ទេសចរ​អន្តរជាតិ​បាន​ជាង​៩​ម៉ឺន​នាក់​។​មាន​រមណីយដ្ឋាន​១៧​សហគមន៍​ទេសចរណ៍​។​ជា​ខេត្ត​ធ្លាប់​ទទួលបាន​ផ្ការំដួល​៣​ទង​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នា​ដើមឆ្នាំ​២០១៨​នេះ​៕S/

រៀបចំក្រុងពលីសុំម្ចាស់ទឹកម្ចាស៉ដី។មូលសម្បត្តិ។

គំរូប្លង់ផែដែលត្រូវសង់នាពេលនេះ។

រូបថតទាញខ្សែរបុកគ្រឹៈបញ្ចុះបថមសីលាសាងសង់ផែ។