​កំពត​សង្ក្រាន្ត​នឹង​បង្ហាញ​គ្រប់​សក្តានុពល​ដែលមាន​ក្នុង​ខេត្ត​

1318
ចែករម្លែក

​ដោយ​៖​សុខ ឌី​ណា​/​កំ​ពតៈ​កំពត​សង្ក្រាន្ត​ធ្វើឡើង​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នាពេលខាងមុខ​នឹង​បង្ហាញ ក៏ដូចជា​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​ឱ្យ​កាន់តែ​ជ្រួតជ្រាប​នូវ​សក្តានុពល​ទាំងឡាយ​ដែល​កើត មាន​ក្នុង​ខេត្ត​នេះ​។ ផ្អែកលើ​ការព្យាករណ៍​តាមរយៈ​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់មាន​នោះ​តទៅ​ខេត្តកំពត​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ឱ្យមាន​សន្ទុះ​រឹតតែ​ខ្លាំងក្លា​ឡើង​។​

ថ្លែងប្រាប់​ឱ្យដឹង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៦ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​ពីរ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ លោក ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា ដោយមាន​ការ ឯកភាព​ក្នុង​ជួរ គណៈ​អភិបាលខេត្ត និង​ការចង្អុល​ណែនាំ​របស់លោក​ជាវ​តា​យ​រដ្ឋបាល​ខេត្តកំពត​នឹង​ប្រា​ព្ធ​ពិធី​កំពត​សង្ក្រាន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខ​។​

​ពិធីបុណ្យ​សង្ក្រាន្ត​ពិត​ជាមាន​សារសំខាន់​ព្រោះ​បានបង្ហាញ​ឱ្យឃើញ​ពី​គោលនយោបាយ​សន្តិភាព​ក្រោយ​ប្រទេសជាតិ​ឆ្លង​ផុត​ភ្លើងសង្គ្រាម​រ៉ាំរ៉ៃ​កន្លងមក​នោះ​។ សង្ក្រាន្ត​ក៏​ជា​ចលករ​ដែល​អាច​ស្រូប​ទាញ​អ្នកវិនិយោគ​ឱ្យ​កាន់តែ​មានការ​ចាប់អារម្មណ៍​មក​បណ្តាក់ទុន និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា បន្ថែម​លើ​អត្ថន័យ​នេះ សម្រាប់​កំពត​សង្ក្រាន្ត ជា​ឱកាស​មួយ​ដែល​អាជ្ញាធរ​នឹង​លើក​យកមក​ផ្សព្វផ្សាយ​និង​បង្ហាញជូន​ភ្ញៀវ​ជាតិ​អន្តរជាតិ​នូវ​សក្តានុពល​ទាំង​ប៉ុន្មាន​កំពុង​កើតមាន​នៅក្នុង​ខេត្ត​។ កំពត​មាន​សក្តានុពល​ផ្នែក សេដ្ឋកិច្ច និង​ទេសចរណ៍​ក្នុង​កម្រិត​ខ្ពស់​បើ​ប្រៀបធៀប​នឹង​បណ្តា​រាជធានី​ខេត្ត​ទូទាំងប្រទេស​។

លោក ស៊ុ​ក សា​រ៉ា​ដ​បាន​បញ្ជាក់ថា​ពិធី​នេះ​នឹង​អញ្ជើញ​ដៃគូ​សំខាន់ៗ​មិនអាច​ខ្វះ​បាន​គឺ​វិស័យ​ឯកជន​នានា​ដែល​កំពុងបើក​ដំណើរការ​អាជីវកម្ម​ក្នុង​ខេត្តកំពត​មក​ចូលរួម​ផងដែរ​។ រដ្ឋបាលខេត្ត​ក៏​មិន​ភ្លេច​ក្នុងការ​ផ្សព្វផ្សាយ​នូវ​ផលិតផល​ក្រុមហ៊ុន​ផ្សេងៗ ព្រម​គ្នា​ជាមួយ​សក្តានុពល​របស់​ខេត្ត ពិសេស​ការបោះពុម្ព​ជា​រូបភាព​លើ​អាវយឺត​សម្រាប់​ក្រុមយុវជន​ចូលរួម​បម្រើ​ការងារ​ប្រមាណ​១.៥០០​នាក់​និង​អ្នកពាក់ព័ន្ធ​ប្រើប្រាស់​ក្នុង​ពិធី​នោះ​។

​លោក​អភិបាលរង​ខេត្ត​បាន​សម្តែង​ក្តី​រំពឹងថា​តាមរយៈ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ដែល​មិន​ធ្លាប់មាន​នេះ​តទៅ​សង្ឃឹមថា​ខេត្តកំពត​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​មក​កម្សាន្ត​មាន​សន្ទុះ​ខ្លាំងក្លា​ថែមទៀត​។​លោក​មឿង​គង្គា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពត​បាន​រៀបរាប់ថា ដោយបាន​ការអនុញ្ញាត​ពី​លោកជាវ តា​យ អភិបាល​ខេត្តកំពត និង​មានការ​ចង្អុលបង្ហាញរ​បស់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុងនាម​តំណាងឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពត លោក​នឹង​ដឹកនាំ​កម្លាំង​យុវជន​ក្រោម​ឱវាទ​ចូលរួម​សម្រាប់​សកម្មភាព​កំពត​សង្ក្រាន្ត​នាពេលខាងមុខ ដោយ​ក្តី​រីករាយ​។

​ជាមួយនឹង​ការប្រើប្រាស់​ថវិកា​របស់​រដ្ឋបាលខេត្ត​ក្នុងករណី​មានការ​អនុញ្ញាត​លោក​នឹង​នាំ​កម្លាំង​យុវជន​សហការ​បង្កើត​ជា​ផ្ទាំង​រូបសំណាក​ផ្លែ​ទុរេន​ដែលជា​និម្មិត​រូប​សម្គាល់​ផលិតផល​ខេត្តកំពត​សម្រាប់​តាំង​បង្ហាញ​ក្នុង​ពិធី​កំពត​សង្ក្រាន្ត​នោះ​។​ប៉ុន្តែ​គ្រប់យ៉ាង​ស្ថិតនៅក្នុង​ពង្រាង​នៅឡើយ សូម្បី គំរូ​អាវយឺត ក្រមា និង​មួក​ស្លឹកត្នោត​ដែល​គណៈកម្មការ​បម្រុង​ផលិត​ក្នុង​មួយផ្នែកៗ​ចំនួន​២.០០០ ក៏​កំពុង ស្ថិតក្រោម​ការរង់ចាំ​ក្តី​សម្រេច​ពី​គណៈ​អភិបាលខេត្ត​ផងដែរ​។
​សូមបញ្ជាក់ថា ពិធី​កំពត​សង្ក្រាន្ត​នឹង​ប្រព្រឹត្តឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ ខែ មេសា ឆ្នាំ​២០១៨​។ គណៈកម្មការ​បាន​ព្រាង​ទីតាំង​សម្រាប់​ប្រារព្ធ​ពិធី​ពីរ​កន្លែង​ក្នុង​ក្រុង​កំពត​ដែល​កំពុង​រង់ចាំ​ការសម្រេច​ពី​លោក​អភិបាលខេត្ត គឺ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​កន្លែង​ធ្វើ​ពិធីបុណ្យ​សមុទ្រ ឯ​មួយកន្លែង​ទៀត​នៅមុខ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​។

កំពត​សង្ក្រាន្ត​នឹងមាន​ទស្សនីយភាព​សំខាន់​ជាច្រើន ដូចជា ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម ការតាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ការសម្តែង​សិល្បៈ ល្បែង​ប្រជាប្រិយ ការប្រឡង​ម្ហូបអាហារ ការបាញ់​កាំជ្រួច ការប្រគំ​តន្ត្រី និង​ពិធី​ស្រង់​ព្រះ​នា​ថ្ងៃ​ចុងក្រោយ​៕S/

​កំពត​សង្ក្រាន្ត​នឹង​បង្ហាញ​គ្រប់​សក្តានុពល​ដែលមាន​ក្នុង​ខេត្ត​