​ក្មេងប្រុស​ម្នាក់​ដែល​ទឹក​ហូរ​ទៅ​បាត់​៣​យប់​៤​ថ្ងៃ​រកឃើញ​សព​ហើយ​

226
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​សព​ក្មេងប្រុស​អាយុ​២​ឆាំ្ន​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ទៅតាម​ទឹក​ហូរ​អស់​រយៈពេល​បី​យប់​បួន​ថ្ងៃ​កន្លងមក​នោះ​ត្រូវបាន​កងកម្លាំង​ចុះ​រុករក​ប្រទះឃើញ​ហើយ​។​សព​ឃើញ​នៅ​ខាងក្រោម​កន្លែង​ទេសចរណ៍​ចម្ងាយ​ជិត​១​គីឡូម៉ែត្រ​ពី​ចំណុចកើតហេតុ​ដោយ​សភាព​សព​ហើម​ចង់​រលួយ​។

​លោក​វរសេនីយ៍ត្រី​សុខ​សូ​មេបញ្ជាការរង​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត​ដែល​ឈរជើង​ជួរមុខ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​ស្ថិត​ក្នុងភូមិ​តេ​ជោ​បុស្ស​ស្បូវ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ការចុះ​រុករក​សាកសព​ក្មេងប្រុស​នេះ​មាន​កម្លាំង​ចំនួន​៣៥​នាក់​។​ក្នុងនោះ​កម្លាំង​ប៉ូលិស​វរៈ​៧៩៣​ចំនួន​៨​នាក់​និង​កម្លាំង​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត​ចំនួន​២៧​នាក់​។​

​សូមបញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​ក្មេងប្រុស​ម្នាក់​ឈ្មោះ​គង់​រតនៈ​កាន់​តា​អាយុ​២​ឆាំ្ន​ត្រូវបាន​ទឹកជំនន់​ហូរ​គួច​នាំយកទៅ​ក្នុងអំឡុង​ពេលធ្វើ​ដំណើរ​រួមគ្នា​ជាមួយនឹង​ឪពុកម្តាយ​ដោយ​ម៉ូតូ​។​ដែល​បើកបរ​ដោយ​លោក​ពលបាលឯក​គង់​សុវណ្ណ​ថា​រី​នាយក្រុម​.​ខ​២.​គ​១.​ផ្នែក​សឹក​រង​ជាំ​ក្សាន្ត​ជា​ឪពុក​។​ម្តាយ​ក្មេងប្រុស​ឈ្មោះ​ឡៃ​ផៃ​កំពុង​បំពេញភារៈកិច្ច​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ ។​

​សាក្សី​បាន​បញ្ជាក់ថា​នៅ​មុនពេល​កើតហេតុ​ឪពុកម្តាយ​និង​កូនប្រុស​បាន​ជិះ​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ខ្មៅ​ឆ្លងកាត់​ទឹកលូ​បង្ហៀ​ភូមិ​តេ​ជោ​បុស្ស​ស្បូវ​។​ខណៈពេល​ជំនន់​ទឹកភ្លៀង​កំពុងតែ​ស្ទុះ​ឡើង​ខ្លាំង​។​ទឹកបាន​ហូរ​បុក​ម៉ូតូ​ដួល​ហើយ​របូត​ក្មេងប្រុស​ចេញពី​ដៃ​ម្តាយ​បាត់​ទៅតាម​ទឹកតែ​ម្តង​។​បច្ចុប្បន្ន​សាកសព​ក្មេងប្រុស​កម្លាំង​បានប្រគល់​ឱ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

#