​ក្មេង​ចំនួន​បួន​នាក់​ចុះ​លេង​ទឹកស្រះ​លង់​ស្លាប់​នៅ​ស្រុក​ស្ទឹងត្រង់​

569
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​កាលពី​ថ្ងៃទី​៨​មិថុនា​២០១៩​ក្មេងប្រុស​ស្រី​ចំនួន​បួន​នាក់​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​មួយកន្លែង​នៅ​ចំណុច​គីឡូ​៦​ស្ថិតក្នុង​ភូមិ​បែក​អន្លូង​ឃុំ​អារក្ស​ត្នោត​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​បន្ទាប់ពី​ពួកគេ​មាន​គ្នា​សរុប​ចំនួន​ប្រាំមួយ​នាក់​បាន​ដើរ​រើស​គ្រាប់ស្វាយចន្ទី​។​

ប្រភពព័ត៌មាន​ពី​ស្រុក​ស្ទឹងត្រង់​បានឱ្យដឹងថា​ក្មេងរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ទាំង​បួន​នាក់​មានឈ្មោះ ១.​ជុន​លី​តា​ភេទ​ស្រី​អាយុ​១២​ឆ្នាំ​,២.​ជុន​ជូ​ភេទ​ប្រុស​អាយុ​១០​ឆ្នាំ​,៣.​រ៉េត​ណូយ​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​,៤.​ហង្ស​ហ៊ី​ភេទ​ប្រុស​អាយុ​១១​ឆ្នាំ​។​អ្នកស្លាប់​ទាំង​បួន​នាក់​មាន​ទីលំនៅ​ភូមិ​កើតហេតុ​។​

​ប្រភព​ដដែល​បាន​បន្តថា​ការដែល​ក្មេងរងគ្រោះ​ទាំងនោះ​លង់ទឹក​ស្លាប់​គឺ​ពួកគេ​មាន​គ្នា​សរុប​ចំនួន​ប្រាំមួយ​នាក់​បាននាំគ្នា​ចេញពីផ្ទះ​ដើម្បី​ទៅ​រើស​គ្រាប់ស្វាយចន្ទី​នៅ​ចំណុច​គីឡូ​៦​ដែលមាន​ចម្ងាយ​ពី​ភូមិ​បែក​អន្លូង​ប្រមាណ​១.៥០០​ម៉ែត្រ​។​ប៉ុន្តែ​ខណ​:​ទៅដល់​ស្រះ​ទឹក​នោះ​ទាំំ​ង​បួន​នាក់​បាន​បបួលគ្នា​ចុះ​ងួ​ត​ទឹក​លេង​។​

ប្រភព​បាន​បន្តថា​ទំនងជា​ស្រះ​ទឹក​ដែល​គេ​ជីក​ទុក​ស្រោច​ដំណាំ​នោះ​ជ្រៅ​ទើប​បណ្តាលឱ្យ​ពួកគេ​ផុតដៃផុតជើង មិនចេះ​ហែល​ក៏​លង់​ស្លាប់ ហើយពីរ​នាក់​ទៅជា​មួយម្នាក់​អាយុ ៨ ឆ្នាំ និង​ម្នាក់ទៀត​អាយុ ៦ ឆ្នាំ​តូចៗ​មិនបាន​ចុះ​លេង​ឃើញ​សកម្មភាព​នោះ​ក៏​រត់​មក​ផ្ទះ​ប្រាប់​ដល់​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​បាននាំគ្នា​ទៅ​ស្រង់​សង្គ្រោះ គឺ​យឺត​ពេល​ពួកគេ​លែងមាន​ដង្ហើម​ទៅហើយ​។​

​ប្រភព​បាន​បន្ថែមថា​ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ជនរងគ្រោះ​ចំនួន បួន​នាក់​នោះ​រកឃើញថា​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ក៏បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

#