​ក្រសួងកសិកម្ម​និង​សហភាព​អឺរ៉ុប​រួមគ្នា​បង្រៀន​ការងារ​គ្រប់គ្រង​និង​ភាពជា​អ្នកដឹកនាំ​

544
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានរួម​សហការ​ជាមួយ​សហភាព​អឺរ៉ុប​បាន​បណ្តុះបណ្តាល​លើ​ការងារ​គ្រប់គ្រង​និង​ភាពជា​អ្នកដឹកនាំ​ដើម្បី​ពង្រឹងសមត្ថភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​ដល់​មន្ត្រី​កសិកម្ម​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​រយ​:​ពេល​បី​ថ្ងៃ​។​

​លោក កោះ ឈី​ណូ អនុប្រធាននាយកដ្ឋាន​បុគ្គលិក និង​អភិវឌ្ឍន៍​ធនធានមនុស្ស នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា នេះ​ជាការ​បណ្តុះបណ្តាល​លើក​ទី​២ ហើយ​នៅក្នុង​សណ្ឋាគារ​លោភ​វីរ​:​សាល ក្រុង​កំពង់ចាម ចាប់ពី​ថ្ងៃទី ២៩​ដល់ ៣១ ខែសីហា ឆ្នាំ​២០១៨​។

​ក្រោយពី​បញ្ចប់​ការបណ្តុះបណ្តាល​វគ្គ​ដូចគ្នានេះ ដំបូង​គេ​ដល់​មន្ត្រី នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ចំនួន ប្រាំបី មកជួបជុំ​គ្នា​នៅ​ខេត្តសៀមរាប​រួចមក​។​លោក​អនុប្រធាន​បាន​ឲ្យ​ដឹង​ទៀតថា​លើក​នេះ​មាន​មន្ត្រី​កសិកម្ម​ខេត្ត​ចំនួន​ប្រាំបួន​និង​មាន​សិក្ខា​ម​ចូលរួម​ចំនួន​៥០​នាក់​។​ក្នុងនោះ​មាន​ខេត្តកំពង់ចាម​ជា​ខេត្ត​ម្ចាស់ផ្ទះ​ខេត្តរតនគិរី​,​មណ្ឌលគិរី​,​ស្ទឹងត្រែង​,​ក្រចេះ​,​ត្បូងឃ្មុំ​,​ស្វាយរៀង​,​ព្រៃវែង​និង​កំពង់ឆ្នាំង​។​

​លោក ឈី​ណូ បាន​បន្ថែមថា ក្នុងនោះ​យើង​មាន​គោលបំណង​លើកស្ទួយ ការខ្វះខាត​លើ​ការងាររដ្ឋបាល គឺ​ផ្តោតជាសំខាន់​ភា​ជា​អ្នកដឹកនាំ​។​ពង្រឹងសមត្ថភាព​គ្រប់គ្រង​ដល់​មន្ត្រី​បុគ្គលិក​ឲ្យ​មាន​ភាពប្រសើរ​ជាង​មុន​។​ពិសេស​សមត្ថភាព​មន្ត្រី​នៅតាម​បណ្តា​មន្ទីរ​អង្គភាព​ខណ្ឌ​និង​ការិយាល័យ​ទាំងអស់​ស្ថិតក្រោម​ឳ​វាទ​របស់​មន្ទីរ​កសិក​ម្ម​។​

​លោក​បាន​បន្តថា ជាមួយ​នោះ​វាគ្មិន​ជា​គ្រូបង្រៀន​រយ​:​ពេល​បី​ថ្ងៃ អមដោយ​មន្ត្រី​សហភាព​អឺរ៉ុប​ផង​នោះ នឹង​លើកយក​ប្រធានបទ​មក​ធ្វើជា​បទ​បង្ហាញ​ជា​មេរៀន​មាន​:​អភិបាលកិច្ច​ល្អ​,​ភាពជា​អ្នកដឹកនាំ​,​ការគ្រប់គ្រង​,​ការធ្វើការងារ​ជា​ក្រុម​,​ការប្រាស្រ័យ​ទាក់ទង​,​ការសម្រេចចិត្ត​,​ការគ្រប់គ្រង​ជម្លោះ​,​ការលើកទឹកចិត្ត និង​ការគ្រប់គ្រង​ស្ត្រេ​ស​។​

​លោក PHILIP CHARLESWORTH ប្រធាន​ក្រុម​ទីប្រឹក្សាបច្ចេកទេស នៃ​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា ការបណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ណាស់ ដល់​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​តាម​បណ្តាល​អង្គភាព​រដ្ឋ​។ ដោយ​ប្រធានបទ នៃ​វគ្គ​នេះ​នឹង​ជួយ​ដល់​ការងារ​ប្រចាំថ្ងៃ និង​ជីវិត​របស់​យើង​ផងដែរ​។ មេរៀន​ទាំងអស់​នឹង​បង្កើន​សមត្ថភាព លោក លោកស្រី​ជា​អ្នកដឹកនាំ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន ដូចជា ពី​របៀបរបប នៃ​ការធ្វើការងារ​ជាមួយ​មន្ត្រី បុគ្គលិក​ថ្នាក់ក្រោម ល្អ​ជាង​ពេល​មុខ​។​

​មន្ត្រី​សហភាព​អឺរ៉ុប​រូបនេះ​បាន​បន្តថា​យើង​ជឿថា​លោក​លោកស្រី​នឹង​ទទួលបាន​ការអភិវឌ្ឍ​ន៍​ការងារ​ពី​មន្ត្រី​បុគ្គលិក​ប្រសើរ​ជាង​មុន​។​ពិសេស​លើ​ការងារ​ជា​ក្រុម​នឹង​ទទួលបាន​អត្ថប្រយោជន៍​ខ្លាំង​ពី​ក្រុមការងារ​។ ប៉ុន្តែ​អ្វីៗ ដែល​លោក លោកស្រី​បានទទួល​ពី​ការបណ្តុះបណ្តាល​នេះ​មាន​ប្រសិទ្ធិភាព​ទៅបាន លុះត្រាតែ​យើង​យកទៅ​ប្រើប្រាស់ ឬ​អនុវត្ត​ឲ្យ​បានជា​ញឹកញាប់​៕S/​

​ក្រសួងកសិកម្ម​និង​សហភាព​អឺរ៉ុប​រួមគ្នា​បង្រៀន​ការងារ​គ្រប់គ្រង​និង​ភាពជា​អ្នកដឹកនាំ​