​ក្រសួងកសិកម្ម​នឹង​ផ្តល់​ស្រូវពូជ​ជិត​១០០​តោន​ដល់​កសិករ​ខេត្តកំពង់ចាម​នា​រដូវ​ទឹក​ស្រក​

1335
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ត្រៀម នឹង​ផ្តល់​ពូជស្រូវ​ស្រាល​ចំនួន ៨០​តោន​។​ឱ្យ​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៨​នេះ​ដើម្បី​ដាំ​ដុះ​ឡើងវិញ​នា​រដូវ​ទឹក​ស្រក​ជួយ​សម្រាល​ជីវភាព​និង​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ពួកគាត់​បាន​មួយចំណែក​។​ប៉ុន្តែ​ខាង​អាជ្ញាធរ​សូម​ឲ្យ​ក្រសួង​នេះ​ជួយផ្តល់​គ្រាប់ពូជ​ដំណាំ​រួមផ្សំ​និង​បន្លែ​គ្រប់មុខ​បន្លែ​ទៀត​។​

​លោក​គឹម​សាវឿន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី ៣១​ខែសីហា​ឆ្នាំ​២០១៨​នេះ​ថា​ដោយ​សម្តែង​ការបារម្ភ​និង​គិតគូ​ពី​សំណាក់​អាជ្ញាធរខេត្ត​នេះ​និង​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គឺ​បានសម្រេច​ត្រៀម​ជួយឧបត្ថម្ភ​ផ្តល់​ពូជស្រូវ​ស្រាល​ចំនួន​៨០ តោន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ដំណាំ​ស្រូវ​រងគ្រោះ​ដោយ ទឹកជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៨​នេះ​។​

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​គិត​ត្រឹម​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៨​នេះ​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​មាន​កម្ពស់ ១៥,៥០ ម៉ែត្រ​។ ដោយបាន​ធ្វើ​ឲ្យ​ប៉ះ​ដំណាំ​ស្រូវ​ស្រុក​ចំនួន ប្រាំពីរ លើ​ផ្ទៃ​ចំនួន ៦.៩២០ ហិកតា និង​ខូចខាត​ដំណាំ​ស្រូវ ស្រាល , ស្រូវកណ្តាល និង​ស្រូវធ្ងន់​សរុប​ចំនួន ២.៦២១ ហិកតា​។​

​លោក​គឹម​សាវឿន​បាន​បន្ថែមថា​ក្នុងនោះ​ស្រុក​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​មាន​:​ស្រុក​ស្រី​សន្ធរ​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​៤.៩៦៥​ហិកតា​និង​ខូចខាត​ចំនួន​១.១១០​ហិកតា​។​ស្រុក​បាធាយ​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​១.២៥៦​ហិកតា​និង​ខូចខាត​ចំនួន​៨៣៥​ហិកតា​។​ស្រុក​ស្ទឹងត្រង់​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​៤២៧​ហិកតា​និង​ខូចខាត​ចំនួន​៤២៧​ហិកតា​ដែរ​។​

ស្រុក​ជើងព្រៃ​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​២០១​ហិកតា​និង​ខូចខាត​ចំនួន​១៧៨​ហិកតា​។​ស្រុក​កំពង់សៀម​ប៉ះពាល់​ដំណាំ​ស្រូវ​ចំនួន​៦៦​ហិកតា​និង​ខូចខាត​ចំនួន​៦៨​ហិកតា​ដែរ​និង​ស្រុក​កោះសូទិន​ប៉ះពាល់​ដំ​ណាំំ​ស្រូវ​ចំនួន បី ហិកតា និង​ខូចខាត​ចំនួន បី ហិកតា​ដែរ​។​

​លោក​ស៊ឹម​គង់​អភិបាលស្រុក​ស្រី​សន្ធរ​ដែលមាន​ដំណាំ​ប៉ះពាល់​និង​ខូចខាត​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ច្រើនជាងគេ​បាន​ឲ្យ​ដឹង​ដែរ​ថា​លោក​សូម​ចូលរួម​ត្រែ​ក​អរ​ជំនួស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​ដែល​នឹង​ទទួលបាន​ពូជស្រូវ​ពី​ក្រសួងកសិកម្ម​នា​ទឹកសម្រក​ខាងមុខ​។

​ប៉ុន្តែ​លោក​សូម​ឲ្យ​ក្រសួងកសិកម្ម​មេត្តា​ជួយផ្តល់​គ្រាប់ពូជ​សណ្តែក​ល្ង​ពោត​និង​ពូជ​បន្លែ​គ្រប់មុខ​បន្ថែមទៀត​ដល់​កសិករ​ដាំ​ដុះ​ផងដែរ​។​ដោយ​ពួកគាត់​បានស្នើ​សុំ​តាមរយ​:​វេទិកាសាធារណ​:​នាពេល​ថ្មីៗ​នេះ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា ឃុំ​ដែល​រងគ្រោះ​ដោយ​ទឹកទន្លេ​មេគង្គ​មាន : ឃុំ​បារាយណ៍ ,​ឃុំ​ប្រាំ​យាម , ឃុំ​ទងត្រឡាច , ខ្នារ​ស​, និង​ឃុំ​ព្រែក​រំដេញ ក្នុងចំណោម​ឃុំ​សរុប​របស់​ស្រុក​ស្រី​សន្ធរ​ចំនួន ១៤៕S/​

​ក្រសួងកសិកម្ម​នឹង​ផ្តល់​ស្រូវពូជ​ជិត​១០០​តោន​ដល់​កសិករ​ខេត្តកំពង់ចាម​នា​រដូវ​ទឹក​ស្រក