​ក្រសួងបរិស្ថាន​ចេញ​វិធានការ​ការពារ​-​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ

647
ចែករម្លែក
  • 18
    Shares

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​កម្ពុជា នឹង​ទទួលរង (​ដោយ​ប្រយោល​) ពី​ឥទ្ធិពល​បាតុភូត អែល នី​ណូ (El Nino) នឹង​បង្ក​ឱ្យ​ធាតុអាកាស នា​រដូវប្រាំង​នេះ (​ពិសេស​ក្នុង​ខែមេសា និង​ឧសភា​) មាន​សភាព​ក្ដៅ​ហួតហែង សីតុណ្ហភាព​អតិបរមា នៅពេល​ខ្លះ​អាច​ហក់​ឡើងដល់ ៤០ ទៅ ៤២ oC​។

​អាកាសធាតុ​ក្ដៅ​ហួតហែង​របៀបនេះ​នឹងធ្វើ​ឱ្យ​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​ងាយ​ទទួលរង​នូវ​បាតុភូត​ភ្លើង​ឆេះ​ព្រៃ ដោយសារ​កត្តា​ធម្មជាតិ និង​សកម្មភាព​មនុស្ស (​យោងតាម​សារាចរ​ណែនាំ​លេខ ០២ សរ​ណន ចុះ​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០១៩​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្ដីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ព្រះរាជាណាចក្រ​)​។ នេះ​បើ​យោងតាម​ម​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​។​

​ក្រសួងបរិស្ថាន បាន​បន្តថា តាម​ការកត់សម្គាល់រ​បស់​ក្រសួងបរិស្ថាន យោងតាម​របាយការណ៍ ពី​ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​តែងតែ​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស ជីវៈចម្រុះ​នានា​របស់​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​ក្នុង​រដូវប្រាំង​។

កត្តា​ចម្បង​ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង​មាន​ជាអាទិ៍​៖​ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​ការធ្វើ​កសិកម្ម​ព​នេ​រ​ចរ​ការតាំង​ទីលំនៅ​ថ្មីៗ​និង​ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វព្រៃ និង​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។

​ដើម្បី​បង្ការ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ក្រសួងបរិស្ថាន សូម​ធ្វើ​សេចក្ដីណែនាំ​ដល់​អង្គភាព​ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មន្ទីរ​បរិស្ថាន អាជ្ញា​ធរមាន​សមត្ថកិច្ច​រួមទាំង​សហគមន៍​មូលដ្ឋាន​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ឱ្យ​អនុវត្ត​វិធានការ​មួយចំនួន​រួមមានៈ​១-​ទប់ស្កាត់​និង​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ ដើម្បី ប្រមូល​ផល អនុផល​ព្រៃឈើ ការដុត​ព្រៃ​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ​។​ល​។

២- ទប់ស្កាត់​ការកាប់​ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ក្នុង​គោលបំណង​ផ្សេងទៀត ដែលជា​សកម្មភាព​ល្មើសច្បាប់ និង​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល ដល់ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ ស្នាក់ការ ស្នាក់​ការរង និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នានា នៅក្នុង និង​ជុំវិញ​តំបន់ការពារធម្មជាតិ​។

៣- ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ផ្សេងៗ នៅក្នុង តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។ ៤-​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវ​ណែនាំ​អ្នកពាក់ព័ន្ធ អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ​ដោយ​ត្រូវ​ពន្លត់ភ្លើង​ឱ្យអស់​ជា​ចាំបាច់​មុនពេល​ចាកចេញ​ពី​ទីតាំង ប្រើប្រាស់​ភ្លើង​នោះ​។

៥-​ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ​សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន​ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំងចម្រុះ រួមមាន ប្រជាពលរដ្ឋ សហគមន៍ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ​រួមគ្នា​ទប់ស្កាត់​និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។

៦- ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​ក្នុងការ​ហាមឃាត់​ចូល​ប្រើប្រាស់​ដីព្រៃ​ឈើ និង​ព្រៃ​លិច​ទឹក ដែល​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ ឬ​ដាំ​ស្ដារឡើងវិញ​។​

ជាមួយគ្នានេះ​ក្រសួងបរិស្ថាន​បាន​រំលឹកថា​អនុលោម​តាមច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​មាត្រា​៦២​ចែងថា​ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណាមួយ ដូចខាងក្រោម​៖ ¬ ការកាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ ដុត និង​ឈូសឆាយ​ដីព្រៃ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​¬ បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា​។

​ការប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤​នេះ ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធ​ធនាគារ​ពី​ប្រាំ (៥)​ឆ្នាំ ទៅ ដប់ (១០)​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី​ដប់​ប្រាំ​លាន (១៥.០០០.០០០)​រៀល ដល់​មួយរយ​ហាសិប លាន (១៥០.០០០.០០០)​រៀល​។

ក្នុងករណី​បុគ្គល​ប្រព្រឹត្ត​បទល្មើស​ជា​នីតិបុគ្គល នោះ​ទោសពិន័យ​ជា​ប្រាក់​ពី មួយរយ​ហាសិប​លាន (១៥០.០០០.០០០)​រៀល ដល់​ពីរ​រយ​ហាសិប​លាន​រៀល (២៥០.០០០.០០០) ហើយ​វត្ថុតាង​ទាំងនោះ​នឹងត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។​

​តាមរយៈ​សេចក្តីជូនដំណឹង​នេះ ក្រសួងបរិស្ថាន មាន​ជំនឿ និង​ទំនុកចិត្ត​ចំពោះ​គ្រប់​អង្គភាព ជំនាញ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ សហគមន៍ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ បាន​យល់ច្បាស់​ពី​ករណីយកិច្ច​ក្នុង​ការការពារ​ទប់ស្កាត់​និង​បង្ការ​ភ្លើង​ឆេះ​ព្រៃ​ដោយ​រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕S/