​ក្រសួងបរិស្ថាន​ប្រាប់​មន្ត្រី​របស់ខ្លួន​ដែល​ធ្វើ​សកម្មភាព​នៅក្នុង​ព្រៃ​ឲ្យ​ប្រយ័ត្ន​ពី​សុខភាព​

351

​ភ្នំពេញៈ​​នៅ​ថ្ងៃទី​២២​ខែកញ្ញា​នេះ​ក្រសួងបរិស្ថាន​បាន​សេចក្តីណែនាំ​ស្តីពី​ការថែរក្សា​សុខភាព និង​សុវត្ថិភាព​មន្ត្រី​នៅក្រោម​ឱវាទ​មន្ទីរ​បរិស្ថាន​ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុង​បំពេញភារកិច្ច​នៅតាម​តំបន់ការពារធម្មជាតិ​។​

​ក្នុង​សេ​ច​ក្តី​ណែនាំ​បាន​បរិយាយ​ថា​នាពេល​កន្លងមក ក្រសួងបរិស្ថាន​បាន​សង្កេតឃើញថា មាន​ករណី​ផ្ទុះឡើង​នូវ​ជំងឺ​ផ្សេងៗ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរ​កើត​ឡើងជា​បន្ត​បន្ទាប់មក​លើ​មន្ត្រី​នៅក្រោម​ឱវាទ​មន្ទីរ​បរិស្ថាន ដែល​ករណី​មួយចំនួន​បាន​បង្ក​ឱ្យ​មន្ត្រី​របស់​យើង​បាត់បង់​អាយុជីវិត និង​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​គ្រួសារ​។​ជាក់ស្តែង នាពេល​ថ្មីៗ​នេះ មាន​ករណី​ជំងឺគ្រុនចាញ់ ដែល​បាន​បណ្តាលឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយរូប​នៅ​ខេត្តស្ទឹងត្រែង​ស្លាប់បាត់​បង់ជីវិត​។ ជាងនេះទៅទៀត មាន​ករណី​ផ្ទុះឡើង​នូវ​ជំងឺ​ហើម​សាច់ដុំ (​ហើម​ដៃ ជើង​និង​បំពង់ក​) ដែល​បាន​បណ្តាលឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ ចំនួន​១៣​នាក់ ត្រូវ​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់​បានទទួល​មរណភាព​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា កន្លងទៅនេះ​។

​សេចក្តីណែនាំ​បាន​រំលឹកថា​ជំងឺ​នេះ​ក៏​បាននិងកំពុង​យាយី​ដល់​អាយុជីវិត​របស់​ប្រជាជន​មួយចំនួន​ផ្សេងទៀត​នៅក្នុង​តំបន់​ព្រៃ​ឡង់​នោះ​ផងដែរ​។​តាមរយៈ​ការសង្កេត និង​ការសន្និដ្ឋាន​ជាបឋម​របស់​គ្រូពេទ្យ​ជំនាញ ជម្ងឺ​ហើម​សាច់ដុំ​នេះ​បង្កឡើង​ដោយ​ប្រភេទ​ប៉ារ៉ាស៊ីត​ម្យ៉ាង ឆ្លង​ចូលទៅក្នុង​ខ្លួន​មនុស្ស​តាមរយៈ​ការបរិភោគ​សាច់សត្វ ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ និង​ការប្រើប្រាស់​ទឹក​តាម​ដងអូរ​ក្នុងព្រៃ ហើយ​ប៉ារ៉ាស៊ីត​ដ៏​កាច​សាហាវ​នេះ​កំពុងមាន​វត្តមាន​នៅក្នុង​តំបន់​ព្រៃ​ឡង់​។​
​ប្រភព​ដដែល​បន្ត​ហេតុនេះ ក្រសួងបរិស្ថាន​សូម​ណែនាំ​ដល់​គ្រប់​ប្រធាន​មន្ទីរ​បរិស្ថាន ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ជួយដល់​ការការពារ និង​ការថែរក្សា​សុខភាព និង​សុវត្ថិភាព​មន្ត្រីរាជការ​ក្រោម​ឱវាទ​របស់ខ្លួន រួមទាំង​វិធានការ​ការពារ​គ្រោះថ្នាក់​ចរាចរ​។ ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​កំពុង​ប្រចាំការ​បំពេញភារកិច្ច​នៅតាម​តំបន់ការពារធម្មជាតិ​ទាំងអស់ គឺ​ត្រូវ​ណែនាំ​ពួកគាត់​កុំឱ្យ​បរិភោគ​សាច់សត្វ​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ​ដែល​ធានាថា​នឹងមាន​សុវត្ថិភាព និង​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ការយាយី​ពីស​ត្វ​ចម្លងជំងឺ​នានា ជាពិសេស​មូស​ដែកគោល ដែល​បង្ក​ឱ្យ​កើតជំងឺគ្រុនចាញ់​៕MN/ ដោយៈបញ្ញាសាស្រ្ត

លោកសាយសំអាល់រដ្ឋមន្រ្តីបរិស្ថានអញ្ជើញទៅសួរសុខទុក្ខមន្រ្តីរបស់លោកដែលធ្លាក់ខ្លួនឈឺ
មន្រ្តីចុះទៅអប់រំប្រជាជនអំពីជំងឺនិងការបរិភោគដែលត្រូវប្រយ័ត្ន