​ក្រសួងសុខាភិបាល ហាម​លក់ និង​ប្រើប្រាស់​ឱសថ លើ​ហ្វេ​ស​ប៊ុ​ក Muyheang Neang

140
ចែករម្លែក

ដោយៈ មេសា​
​ភ្នំពេញៈ
ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន ជ្រាបថា ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Muyheang Neang កំពុង​ផ្សព្វផ្សាយ លក់​ផលិតផល​ឱសថ CEPHAR MA 3b IIPOCTAR គ្មាន​ចុះ​បញ្ជិកា គ្មាន​ការពិនិត្យ​គុណភាព គ្មាន​ក្រុម ហ៊ុន​នាំចូល​ត្រឹមត្រូវ និង​គ្មាន​ច្បាប់ ពី​ក្រសួងសុខាភិបាល​ឡើយ ព្រមទាំង​ផ្សព្វផ្សាយ​ភូតកុហក និង​បំផ្លើស​ហួស​ពី​ការពិត ដោយ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ ច្បាស់លាស់ ដូចជា​៖ ព្យាបាល ស្បែក​មុខជាំ មុខមុន ជាំ​អាចម៍រុយ ស្នាម ខ្មូត ឡើង​ប្រហោង អា​ឡែក​ស៊ី​ស្បែក​ជាដើម ។ នេះ​គឺជា​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​។​

​សេចក្តីប្រកាស​ដដែល បាន​បន្ថែមថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង ប៉ះពាល​ដល់​សុខភាព ឬ​អាច​ឈានដល់ បាត់បង់​អាយុជីវិត អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់ សា​ធារ​ជន​ទាំងអស់ ឈប់​ប្រើប្រាស់​ផលិតផល​ឱសថ​នេះ ជា​បន្តទៀត ។ ក្រសួងសុខាភិបាល តម្រូវឱ្យ​ម្ចាស់​គ​ណី​ហ្វេ​ស​ប៊ុ​ក ខាងលើ ត្រូវ​បញ្ឈប់​ការនាំ​ចូល លក់ ឬ​ចែកចាយ និង​ផ្សព្វផ្សាយ ផលិតផល​ឱសថ ទាំងនេះ​ជាបន្ទាន់ ព្រមទាំង​ប្រមូល​មក​កម្ទេចចោល ។​

​ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Muyheang Neang ដែល​នាំចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ ផលិតផល​ឱសថ ខាងលើនេះ ទៅតាម​ផ្លូវច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ឱសថ ជា​ធរមាន ។​

​សេចក្តីប្រកាស​ដដែល បាន​សង្កត់ធ្ងន់ថា ករណី​បាន​ជួប ឬ​ប្រទះឃើញ​ជន​ណា កំពុង​លក់ ចែកចាយ ឬ ផ្សព្វផ្សាយ ផលិតផល​ឱសថ ខាងលើ សូម​ប្រញាប់​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខា​ពេទ្យ និង គ្រឿងសម្អាង សូម​ទំនាក់ទំនង តាម​ទូរស័ព្ទ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៤ ៕v