​ក្រសួង​ការងារ​និង​ក្រុម​អាជ្ញាកណ្តាល​របស់​អាមេរិក​ពិភាក្សា​លើ​ដំណោះស្រាយ​វិវាទ​ការងារ​

709
ចែករម្លែក
  • 18
    Shares

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាមួយ​គណៈប្រតិភូ​របស់​មជ្ឍមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​(ACILS)​បាន​ជួប​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​ក៏ដូចជា​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ទស្សនៈ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​។​

​កិច្ចពិភាក្សា​នេះ​បានធ្វើ​ឡើង​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយនឹង​លោក​រី​ឆាត​ឌី​ហ្វី​ន​ឆើ​(RichardD.Fincher)​ដែលជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ខន​នែ​ល (Cornell University) បុរី​ញូយ៉ក សហរដ្ឋអាមេរិក និង​ជា​សន្ធាន​ការី (Mediator) ។​

អាជ្ញាកណ្តាល (Arbitrator) រួមជាមួយ​គណៈប្រតិភូ​របស់​មជ្ឍមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) នា​ទីស្តីការក្រសួង​ការងារ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​នេះ​។​

​ក្នុង​ពិធី​នេះ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់ថា​កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​គ្នា​និង​ទស្សនៈ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​។​

លោក​រដ្ឋមន្ត្រី​លើកឡើងថា​នា​កន្លងមក​កម្ពុជា​ធ្លាប់មាន​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការងារ​ជាច្រើន​ជាមួយ​សហរដ្ឋអាមេរិក​ហើយ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​បាន​ផ្សាភ្ជាប់​ខ្លួន​ទៅនឹង​បទដ្ឋាន​អន្តរជាតិ​។​

​ក្នុងនោះ​កម្ពុជា​បានផ្តល់​សច្ចាប័ន​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​ចំនួន​១៣​ដែលមាន​អនុសញ្ញា​ស្នូរ​៨​ផងដែរ​។​ព្រម​ជាមួយគ្នា​កម្ពុជា​ក៏បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ណាស់​ក្នុង​ការធានា​នូវ​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ​ព្រោះថា​កម្ពុជា​ជា​ប្រទេស​ទី​១​ដែល​ហ៊ាន​ផ្សាភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៩​។

​លោ​កថា​កន្លងមក​មជ្ឍមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ​ក៏បាន​ចូលរួម​ការងារ​គ្នា​ជាច្រើន​ជាមួយ​ក្រសួង ក្នុង​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​វិស័យ​ការងារ ហើយ​តាមរយៈ​អនុស្សរណៈ យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លង​ទៅនឹង​កាន់តែ​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​កាន់តែ​ប្រសើ​ថែមទៀត​។​

ជុំវិញ​បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹងផង​ថា “​មកទល់​បច្ចុប្បន្ន ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ​នៅតែ​បន្ត​យន្តការ​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​។

​ទន្ទឹមនឹង​ភាពជោគជ័យ​ទាំងអស់នេះ​ក៏មាន​បញ្ហា​ប្រឈម​ផងដែរ​គឺ​យន្តការ​ត្រីភាគី​នេះ​កំពុងតែ​ខិតខំ​រក​មធ្យោបាយ​ក្នុងការ​ធានា​នូវ​និរន្ត​ភាព​របស់ខ្លួន​ជាពិសេស​និរន្ត​ភាព​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការបន្ត​ដំណើរការ​ងារ​តទៅ​មុខ​”​។​

ជាមួយគ្នា​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​បន្ថែម​ដែរ​ថា​ពេលនេះ​ក្រសួង​កំពុង​សិក្សា​ធ្វើយ៉ាងណា​ឱ្យ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នេះ អាចមាន​ជម្រើស​ក្នុង​ការធានា​តាមរយៈ ការដាក់​ចូលក្នុង​ប្រព័ន្ធ​ជាតិ មាន​ជំនួយ​មូលនិធិ​ពី​រាជរដ្ឋាភិបាល ឬ​ការលើកទឹកចិត្ត​ឱ្យ​សមាគម និយោជក​និង​ដៃគូរ​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​មូលនិធិ​ដើម្បី​ធានា​ឱ្យបាន​នូវ​ឯករាជ្យភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

​ដោយឡែក លោក រី​ឆាត ឌី ហ្វី​ន​ឆើ សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ខន​នែ​ល បុរី​ញូយ៉ក សហរដ្ឋអាមេរិក បាន​ទទួលស្គាល់ថា មិន​ថា​ប្រទេស​ណា​ទេ ប្រព័ន្ធ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល តែងមាន​បញ្ហា​ប្រឈម​ក្នុងការ​រក្សា​និរន្ត​ភាព ដែល​ប្រទេស​ខ្លះ​មាន​ជំនួយ​មូលនិធិ តែ​ភាគី​រដ្ឋាភិបាល និង​ប្រទេស​ខ្លះទៀត​ពី​ខាង​ភាគី​និយោជក​និង​ខាង​សហជីព​។​

​ជាមួយគ្នា​លោក​ក៏បាន​បង្ហាញ​ពី​ការត្រៀមខ្លួន​សម្រាប់​ជួយ​បណ្តុះបណ្តាល​លើ​មន្ត្រី​ពាក់ព័ន្ធ​ទៅនឹង​ការដោះស្រាយ​វិវាទ​ការងារ​នៅពេលដែល​ក្រសួង​ការងារ​កម្ពុជា​បាន​បង្កើត​វិទ្យា​សា្ថ​ន​ជាតិ​ការងារ​នាពេល​ឆាប់ៗ​ខាងមុខ​តាម​សំណើរ​និង​កិច្ចព្រមព្រៀង​ជាមួយគ្នា​នា​កន្លងមក​ផងដែរ​៕S/

លោក អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុងជំនួប​កិច្ចពិភាក្សា​ជាមួយ​លោក រី​ឆាត ឌី ហ្វី​ន​ឆើ​ដែលជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ខន​នែ​ល​បុរី​ញូយ៉ក សហរដ្ឋអាមេរិក​(​រូប​៖​ដេប៉ូ​)​