​ក្រសួង​ធនធានទឹក​មាន​ទិន្នន័យ​គ្រប់គ្រាន់​សម្រាប់​បូម​ស្តារ​ទន្លេ​ឱ្យមាន​និរន្តរភាព​

244
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នៅពេល​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​សួរថា​៖​តើ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​យល់​យ៉ាងណា​ចំពោះ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឱ្យ​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក​បូម​ស្តារ​ខ្សាច់​ល្បាប់​ភក់​តាម​ដង​ទន្លេបាសាក់​ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​?

​ចម្លើយ​របស់លោក​ម៉ៅ​ហាក់​អ្នកបច្ចេកទេស​ទន្លេ​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​នៅ​ថ្ងៃទី​១០​ខែមីនា​ឆ្នាំ​២០២០​ថា​៖​បើ​និយាយ​ពី​បច្ចេកទេស​គឺ​គ្មាន​បញ្ហា​ទេ​ព្រោះ​ស្ថានភាព​របស់​តួ​ទន្លេ​ទាំងបី​(​ទន្លេបាសាក់​ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​)​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មាន​ទិន្នន័យ​គ្រប់គ្រាន់​។​ដោយសារ​ក្រសួង​បានធ្វើ​ការសិក្សា​ជាប្រចាំ​រាល់​ឆ្នាំ​អំពី​ការប្រែប្រួល​របស់​ទន្លេ​ទាំងនោះ​។​

​មន្ត្រី​ខាងលើ​បាន​បញ្ជាក់ថា​ទិន្នន័យ​ថ្មី​បំផុត​អំពី​ស្ថានភាព​ទន្លេ​ទាំងបី​ត្រូវ​ក្រសួង​បានធ្វើការ​យ៉ាង​លម្អិត​នៅក្នុង​ឆ្នាំ​២០១៩​បន្ទាប់ពី​រាជរដ្ឋាភិបាល​ឱ្យធ្វើ​ការសិក្សា​ដើម្បី​ឈានទៅ​ធ្វើការ​បូម​ស្តារ​កន្លែង​ដែលមាន​ដីដុះ​បង្កឱ្យមាន​ការបាក់​ច្រាំង​និង​សាងសង់​ច្រាំងទន្លេ​កន្លែង​មានការ​ប្រឈម​នឹង​ការបាក់​ស្រុត​ខ្លាំង​ឡើងវិញ​។​

ព្រម​ពេល​ជាមួយនឹង​ការសិក្សា​នោះ​ច្រាំងទន្លេ​ដែល​បាន​បាក់​ជិត​ដល់​ផ្លូវជាតិ​បាក់​ដាច់​ផ្លូវ​សួនច្បារ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​និង​បង្គោល​ព្រំដែន​មួយចំនួន​ត្រូវបានធ្វើ​ការទប់ស្កាត់​ជា​បន្តបន្ទាប់​ដោយ​សាងសង់​ជា​បណ្តោះអាសន្ន​និង​រឹងមាំ​ក៏មាន​។​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ជំនាញ​ខាងលើ​បានឱ្យដឹង​ទៀតថា​ក្រសួង​ធ ន​ធាន​ទឹក មាន​ទិន​ន្ន​ន័យ​ពី​ផ្កាយរណប​រូប​ពីលើ​យន្តហោះ​និង​ការចុះ​វាស់​ផ្ទៀង ផ្ទាត់​ទួ​រ​ទន្លេ​ជាក់ស្តែង ថ្មី​បំផុត​។​

​រំលឹក​ឱ្យដឹងថា​កាលពី​ថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២០​កន្លងទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ដល់​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​អំពី​ករណី​សំណើសុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុនសែន នាយក​រដ្ឋ មន្ត្រី ចុះ​ធ្វើការ​បូម​ស្តារ​ខ្សាច់ ល្បាប់​ភក់ តាម​ដង​ទន្លេ បា សាក់​ទន្លេមេគង្គ​ក្រោម និង​ទន្លេមេគង្គ​លើ​របស់​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍ សឺ​ប ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក​។​
នៅក្នុង​លិខិត​លេខ​៣៣៤​សជណ​.​កធ​បាន​សរសេរ​យោង​លិខិត​លេខ​២៧៧​ធ​ទ​ឧ​ចុះ​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​លិខិត​លេខ​១២៣​ខន​០២០​សជណ​ចុះ​ថ្ងៃទី​២​ខែមីនា​ឆ្នាំ​២០២០​របស់​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​ក្នុងនោះ​យោង​ចំណារ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ចុះ​ថ្ងៃទី​២៩​ខែកុម្ភៈ ឆ្នាំ​២០២០​។​

ក្នុង​លិខិត​ដែល​ចុះ​ហត្ដ​លេខា​ដោយ​លោក​ជ្រា​សុចិ​ន្តា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​សរសេរ​ទៀតថា សេចក្តី​ដូច​មានចែង​ក្នុង​កម្មវត្ថុ និង យោង ខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន ឯកឧត្តម​ជ្រាបថា ករណី​សំណើរ​សុំ​គោល​ការធ្វើការ​បូម​ស្តារ​ខ្សាច់ ល្បាប់​ភក់ តាម​ដង​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម​និង​ទន្លេមេគង្គ​លើ​របស់​ក្រុមហ៊ុន​ចតុមុខ​រី​សសស៍​សឺ​ប​ផ្លា​យ​អ៊ី​ម​ផត​អិ​ច​ផត​ឯ​.​ក​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាតឱ្យ​បូម​ដោយមាន​អាជ្ញាប័ណ្ណ​បូម​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ក្រោម​ការត្រួតពិនិត្យ​បច្ចេកទេស​ពី​ក្រសួង​ធនធាន ទឹក និង ឧតុ​និ យម​។

​ខ្សាច់​ដែល​បូម​បាន​ត្រូវ​ប្រើប្រាស់​ក្នុងស្រុក​និង​អនុញ្ញាតឱ្យ​នាំចេញ​ប្រសិនបើ​នៅសល់​។​មិន​អនុញ្ញាតឱ្យ​ផ្តាច់មុខ​។​ក្រុម​បូម​ខ្សាច់​ផ្សេងៗ​ទៀត​ត្រូវ ទុកឱ្យ​ដំណើរ ការធម្មតា​៕S/

​ ​ ​ស្ថានភាព​ទន្លេ​មុនពេល​មិនទាន់​មានការ​បូម​ស្តារ​