​ក្រសួង​និង​ICC-Angkor​ពិគ្រោះគ្នា​ជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​អង្គរ​

298
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្រសួងទេសចរណ៍​អាជ្ញាធរ​ជាតិ​អប្សរា​គណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) រួមជាមួយ​អង្គការ​យូណេស្កូ (UNESCO) ប្រចាំ​កម្ពុជា បាន​ជួបប្រជុំ​ពិភាក្សា​លើ​ការជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​អង្គរ និង​តំបន់​ជុំវិញ ។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯក​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​មានការ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ Azédine BESCHAOUCH លេខាធិការ​អចិ​ន្ទ្រៃ​យ៍​នៃ ICC-Angkor​។ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា សហប្រធាន ICC ( បារាំង ជប៉ុន​) លោកនាយក​អង្គការ UNESCO ប្រចាំ​កម្ពុជា និង​មន្ត្រីរាជការ​មួយចំនួនទៀត​។​

​លោក​ថោង ខុន បាន​លើកឡើងថា នេះ​អាច​ចាត់ទុកថា​ជា​កិច្ចប្រជុំ​លើកដំបូង​ដែល​សហប្រធាន អ្នកជំនាញ​ICCAngkor​អង្គការ​UNESCO​អាជ្ញាធរ​ជាតិ​អប្សរា​និង​ក្រសួងទេសចរណ៍​បាន​រួមគ្នា​ប្រជុំពិភាក្សា​អំពី​ការជំរុញ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​អង្គរ​និង​នៅ​សៀមរាប​និង​តំបន់​បេតិកភណ្ឌ​ផ្សេងទៀត ។

ពិតណាស់ថា​ប្រាសាទអង្គរវត្ត​ដែលជា​ដួងព្រលឹង​ជាតិ​គឺជា​គ្រឹះ​ដ៏​សំខាន់​ក្នុងការ​ទ្រទ្រង់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ហើយ​ទេសចរណ៍វប្បធម៌​គឺជា​ឆ្អឹង​កង​ដ៏​សំខាន់​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ខណៈដែល​ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​អាទិភាព​សម្រាប់​កម្ពុជា​ផងដែរ​។​

​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៦.២​លាន​នាក់​ក្នុង​កំណើន​១១​ភាគរយ ។​ក្នុងនោះ​ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​២.៥៩​លាន​នាក់​កើនឡើង​៥.៤៣​ភាគរយ​។​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ​ភ្ញៀវទេសចរ​ដែល​ទៅ​ខេត្តសៀមរាប​មាន​ប្រមាណ​១.២៤​លាន​នាក់​ថយចុះ​៨.២៩​ភាគរយ​។​

​លោក​បាន​បញ្ជាក់ថា​«​យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សាគ្នា​ប៉ុន្តែ​បញ្ហាសំខាន់​មុនគេ​គឺ​សៀមរាប​ត្រូវការ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​»​។​កាលពី​ឆ្នាំ​២០១៨​កន្លងមក​ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ដើម្បី​សិក្សា​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ដែលមាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ហើយ​ច្ចុ​ប្បន្ន​ក្រុមការងារ​ជំនាញ​បាន​កំពុង​សិក្សា​រៀបចំ​ផែនការ​មេនេះ​យ៉ាងសកម្ម​។

​ផែនការ​មេនេះ​នឹង​ផ្តោតជាសំខាន់​លើ​ការអភិវឌ្ឍន៍​ខេត្តសៀមរាប​ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ជាទី​ក្រុង​បេតិកភណ្ឌ​និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​(EcoCity)​ដែល​ត្រូវធ្វើ​សមាហរណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ចសង្គម​វប្បធម៌​បរិស្ថាន​និង​ស្ថាបត្យកម្ម​និង​ការធ្វើសមាហរណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ (TMP) របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផងដែរ​។​

​ទន្ទឹមនឹងនេះ​ក្រសួងទេសចរណ៍​បាននិងកំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ការងារ​មួយចំនួន​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​រួមមាន​៖1-​ការជំរុញ​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ជុំវិញ​ក្រុង​សៀមរាប​ជាពិសេស​តំបន់​ព្រែក​ទាល់​បឹង​ទន្លេសាប​ភ្នំ​គូលែន​និង​សហគមន៍​ទេសចរណ៍​នានា ដើម្បី​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវទេសចរ​។

​2- ជំរុញ​ឲ្យ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ដោយ​ត្រូវធ្វើ​ការជួសជុល​ផ្លូវ​សិក្សា​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​និង​អគ្គិសនី​ឱ្យបាន​គ្រប់គ្រាន់​និង​ត្រូវ​រៀបចំ​ប្រព័ន្ធគ្រប់គ្រង​សំណល់​រឹង​និង​រាវ​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដា​បរិស្ថាន​។

​រៀបចំ​ចំណតរថយន្ត​បង្គន់​អនាម័យ​សាធារណៈ​គ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​សាធារណៈ​ក្នុង​ទីក្រុង​។​ល​។​3-​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ការបណ្តុះបណ្តាល​ផ្ទៃក្នុង​និង​ជំរុញ​ការអនុវត្ត​ស្តង់ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។​

​លោក​សាស្ត្រាចារ្យ​AzédineBESCHAOUCH​បានស្នើ​ឱ្យ​ក្រសួងទេសចរណ៍​លើក​បង្ហាញ​នូវ​គម្រោង​ផែនការមេ​រៀបចំ​អភិវឌ្ឍន៍​ខេត្តសៀមរាប​និង​ផែនការ​យុទ្ធសាស្ត្រ​នានា​នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​គណៈកម្មាធិការ ICC ដែល​នឹង​ប្រារព្ធ​ឡើង​នា​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខ​។​

​លោក​សាស្ត្រាចារ្យ​ក៏បាន​ស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ការរៀបចំ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​មាន​ជាអាទិ៍​បញ្ជរ​គ្រប់គ្រង​ភ្ញៀវ​មុន​ចូល​ទស្សនា​ប្រាសាទ​ការបែងចែក​ខ្សែ​ទស្សនកិច្ច​ចំណត​នៅមុខ​ប្រាសាទអង្គរវត្ត បណ្ដាញ​គមនាគមន៍​នៅ​ប្រាសាទ​បា​យ័ន្ត លានជល់ដំរី ប្រាសាទព្រះពិធូ និង​នៅ​តំបន់ភ្នំ​គូលែន​ក៏ដូចជា​ការរៀបចំ​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត​Wifi​ការរៀបចំ​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ផងដែរ​។​

​លោក ថោង ខុន បាន​ទទួលយក​សំណើ​ទាំងនោះ​ដោយ​រីករាយ និង​ត្រៀម​សហការ​ជានិច្ច​ជាមួយ ICCAngkor​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​ព្រមជាមួយ​នោះ​លោក​រដ្ឋមន្ត្រី​និង​សហការី​ក៏បាន​រាយការណ៍​ជូន​យ៉ាង​ក្បោះក្បាយ​ដល់​ប្រតិភូ​ICCAngkor​និង​អាជ្ញាធរ​ជាតិ​អប្សរា​អំពី​ចក្ខុវិស័យ​និង​ទស្សនទាន​នៃ​ការរៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​សៀមរាប​អង្គរ​ពី​ឆ្នាំ​២០២០=២០៣៥​ដោយ​ប្តេជ្ញា​រួមគ្នា​អភិវឌ្ឍ​តំបន់​សៀមរាប​អង្គរ និង​តំបន់​ជុំវិញ​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ទន្ទឹមនឹង​ការស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​និង​ពិចារណា​ក្នុងការ​បង្កើត​ផលិត​ទេសចរណ៍​ថ្មីៗ​ប្លែកៗ​សមស្រប​ដ៏​ទាក់ទាញ​និង​ដើម្បី​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​មួយ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យមាន​កិច្ចប្រជុំ​ជាប្រចាំ​៣​ខែ​ឬ​៦​ខែម្តង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​សាលាខេត្ត​សៀម​រាម​ក្រសួងទេសចរណ៍​ក្រសួង​វប្បធម៌​ក្រសួងបរិស្ថាន​និង​ក្រសួង​សំខាន់ៗ​មួយចំនួនទៀត ដោយមាន​ការចូលរួម​ជា​ចាំបាច់​របស់​អង្គការ UNESCO និង​អ្នកជំនាញការ ICC-Angkor ផងដែរ​៕S/​