​ក្រសួង​បង្ហាញ​លទ្ធផល​សិក្សា​នៃ​ការបាក់​ច្រាំងទន្លេ​មេគង្គ​ក្រុង​កំពង់ចាម​និង​វិធាន​ការបន្ត​

730
ចែករម្លែក

ដោយៈ​គង់​ហេង​/​កំពង់ចាម​: ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​ពី​លទ្ធផល​ការសិក្សា នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ​មេគង្គ​នៅ​ក្រុង​កំពង់ចាម​ប្រវែង​១៥០​ម៉ែត្រ​ដែល​បណ្តា​លពី​ចរន្តទឹក​ហូរ​ទន្លេ​មួយ​នេះ ប្រាប់​អាជ្ញាធរខេត្ត​។ ដើម្បី​ពិនិត្យ​លទ្ធភាព និង​បច្ចេកទេស ក្នុង​ការរៀបចំ​ស្ថាបនា​ស្តារឡើងវិញ នាពេលខាងមុខ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៧​ធ្នូ​ឆ្នាំ​២០១៩​នេះ​ថា វត្តមាន​លោក​ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក នៅ​កន្លែង​បាក់ ស្រុត​ច្រាំងទន្លេ​ភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម គឺ​ដើម្បី​បង្ហាញ​លទ្ធផល​សិក្សា នៃ​ការបាក់​ស្រុក​ច្រាំង​នេះ ជូនទៅ​ខាង​អាជ្ញាធរខេត្ត​។

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​មាន​កត្តា​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​បាក់​ច្រាំងទន្លេ​នៅ​ចំណុច​ដដែល​នេះ​ច្រើនលើក​។​ក្នុងនោះ​មាន​កត្តា​ទឹកទន្លេ​មេគង្គ​ឆ្នាំ​ឡើង​ខ្ពស់ជាង​បណ្តា​ឆ្នាំមុនៗ​បណ្តាល​ឲ្យ​ដីដុះ​ចាក់​នៅលើ​ចុង​កោះសំរោង​ឬ​កោះដាច់​លូត​សំដៅ​មក​ទិស​ស្ពាន​គី​ហ្ស៊ូ​ណា​គឺ​បង្កើនល្បឿន​ចរន្ត​បុក​ច្រាំង​ខាង​ក្រុង​កំពង់ចាម​កាន់តែខ្លាំង​។​ជាមួយ​នោះ​បច្ចេកទេស​នៃ​ការសាងសង់​ច្រាំងទន្លេ​កាលពី​បាក់ស្រុត​លើកដំបូង​នោះ​នៅមានកម្រិត​។​ចំណែក​កត្តា​ច្រោះ​ជ្រាប​ទឹក​ហូរ​ខាងក្រោម​នោះ​គឺជា​កត្តា​រួមផ្សំ​មួយទៀត​។​

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា នេះ​ជាការ​ពិនិត្យ សិក្សា​បច្ចេកទេស ពី​ចរន្តទឹក​ទន្លេមេគង្គ​ហូរ​។ ដើម្បី​ពិនិត្យ​លទ្ធភាព និង​បច្ចេកទេស ក្នុង​ការរៀបចំ​ស្ថាបនា ស្តារឡើងវិញ នូវ​អ្វីដែល​បាន​ខូចខាត​ដូចជា​សួនច្បារ រូបចំឡាក់​សត្វ​ដំរី និង​តោ​ជាដើម​នោះ ឲ្យ​បាន​រឹងមាំ និង​ត្រឹមត្រូវ​តាម បទដ្ឋាន​បច្ចេកទេស គឺ​ចៀសវាង​ការបាក់ ស្រុត​ច្រាំង​មួយ​នេះ​សាជាថ្មី​ម្តងទៀត​។​

​លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​មានប្រសាសន៍​ដែរ​ថា បញ្ហា​បាក់​ស្រុក​ច្រាំងទន្លេ នៅ​ក្រុង​កំពង់ចាម​តំបន់​ខាងលើនេះ គឺជា​គ្រោះ​មហន្ត​រា​ធម្មជាតិ​។ ដោយបាន​បណ្តាល​ឲ្យ​បាក់ស្រុត​ច្រាំង​អស់​ប្រវែង​១៥០​ម៉ែត្រ​និង​ទំហំ​ទទឹង​បួន​ម៉ែត្រ​និង​បំផ្លាញ​សួនច្បារ រូប​សត្វ​ដំរី​។​ប៉ុន្តែ​មហន្ត​រា​នេះ​មិនបាន​ប៉ះពាល​ដល់​ប្រព័ន្ធ​ផ្លូវ​សាធ​ថា​រណ​:​តាម​បណ្តោយ​មាត់ទន្លេ​តំបន់​នេះឡើយ​។​

​គួរ​បញ្ជាក់ថា ច្រាំងទន្លេ​ដែល​បាក់ ស្រុត​នេះ បានចាប់ផ្តើម​ដំបូង​កាលពី​ចន្លោះ​សប្តាហ៍​ទី​២ នៃ​ខែតុលា ឆ្នាំ​២១៨ គឺ​ក្រោយពី​ទន្លេមេគង្គ​បាន​ចាប់​ស្រក​ចុះ​។ ដោយ​បណ្តាល​ឲ្យ​បាក់ស្រុត​នៅក្នុង​ភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​អស់​ប្រវែង​បណ្តោយ​ចម្ងាយ ៣៥ ម៉ែត្រ និង​ទទឹង​ពី ០,០៥ ទៅ ០,១៥​ម៉ែត្រ​៕S/

 

#