​ក្រសួង​វប្បធម៌​នឹង​ចុះ​បោះបង្គោល​ព្រំដី​ប្រាសាទភ្នំ​ជើងព្រៃ​ដើម្បី​ថែរក្សា​ជា​សម្បត្តិ​បេតិកភណ្ឌ​

2148
ចែករម្លែក
  • 15
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: គ្រោង​នឹង​ចុះ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​បោះបង្គោល​កំណត់​ព្រំដី​ថែរក្សា​កេរមត៌ក​បុព្វបុរស​ខ្មែរ គឺ​ប្រាសាទ​ប្រវត្តិសាស្ត្រ​ភ្នំ​ជើងព្រៃ​ដែលមាន​ទំហំ ៩៨ ហិកតា ស្ថិតក្នុង​ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ជួន សុផាត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៩ មីនាឆ្នាំ​២០១៨​ថា ថ្មីៗ​នេះ​ក្រសួង​វប្បធម៌​បាន​បង្គាប់​មក​ខាង​មន្ទីរ​ឲ្យ​ធ្វើសំណើ​ទៅកាន់​អាជ្ញាធរខេត្ត​កំពង់ចាម​ដើម្បី​សុំ​ការសហការ​ជាមួយ​សមត្ថកិច្ច អង្គភាព​មន្ទីរជំនាញ​ចុះទៅ​ប្រាសាទភ្នំ​ជើងព្រៃ​ធ្វើការ​ត្រួតពិនិត្យ និង​កំណត់​ព្រំដី​នៃ​ប្រសាទ​បុរាណ​មួយ​នេះ ទុកជា​សម្បត្តិ​ជាតិ​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ប្រាសាទភ្នំ​ជើង​បច្ចុប្បន្ន​មាន​អ្នក​ជួយ​គ្រប់គ្រង និង​អភិរក្ស​ចំនួន​ប្រាំ​នាក់ : ១. លោក មឿង​ម៉េ​ត គ្រប់គ្រង​ខាង​ភ្នំ​ប្រុស , ២. លោកស្រី ពៅ ពិសី គ្រប់គ្រង​ខាង​ភ្នំ​ស្រី , ៣. លោក សេង ហួ​លី គ្រប់គ្រង​តំបន់​ផ្លូវ​ច្រក​ជើងភ្នំ​ខាងត្បូង , ៤. លោកតា​មើ និង ៥. លោកតា​សំរិត ក៏​ជា​អ្នកគ្រប់គ្រង​តំបន់​ជើងភ្នំ​ដែរ​។ ក្នុងនោះ​ផ្ទៃដី​ប្រាសាទភ្នំ​ជើងព្រៃ​ទាំងមូល​មាន​ទំហំ ៩៨​ហិកតា និង​សព្វថ្ងៃ​មាន​លំនៅស្ថាន​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ជាង​៩០​ខ្នង​។​ភាគច្រើន​ប្រជាពលរដ្ឋ​មក​រស់នៅ​តាំង​លំនៅស្ថាន​ទីនោះ​ជា​អ្នក​ចម្ងាយ​ធ្វើជា​គ្រូទាយ ឬ​មក​រក្សាសីល​។​

លោក​ជួន សុផាត បាន​បន្ថែមថា លំនៅស្ថាន​ទាំងនោះ​ភាគច្រើន​សង់អា​ស្រព​សំណាក់​ធម៌ មួយចំនួនទៀត​ជា​កន្លែង​សម្រាប់​ជា​ហោរ៉ា​ទាយ និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ​។ ក្នុងនោះ​មាន​មនុស្ស​រស់នៅ​សរុប​ជាង​១០០​នាក់ និង​មាន​លោកសង្ឃ​ចំនួន ១០ អង្គ​បាន​ទៅ​គង់នៅ​ផងដែរ​។ ប៉ុន្តែ​នៅលើ​ប្រាសាទភ្នំ​ជើងព្រៃ​នេះ ខាង​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សង់​វត្ត​អារាម​ឡើយ​។ ដោយ​ការចូលទៅ​រស់នៅ និង​គង់នៅ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​លោកសង្ឃ​នេះ​បាន​កើតឡើង​ក្នុង​កំឡុង​ឆ្នាំ​១៩៩៧​។​
​ ​
សូមបញ្ជាក់ថា ក្នុងចំណោម​ប្រាសាទបុរាណ​សរុប​ចំនួន ១៦ កន្លែង​នៅក្នុង​ខេត្តកំពង់ចាម គឺមាន​ប្រាសាទ​ចំនួន ពីរ កន្លែង​ប៉ុណ្ណោះ​ដែល​បាន​បោះបង្គោល​កំណត់​ព្រំដី​រួចរាល់ គឺមាន​ប្រាសាទព្រះធាតុ​ទឹកឆា និង​ប្រាសាទ​គុក​យាយ​ហម ក្នុងស្រុក​ព្រៃឈរ​៕S/

​ក្រសួង​វប្បធម៌​នឹង​ចុះ​បោះបង្គោល​ព្រំដី​ប្រាសាទភ្នំ​ជើងព្រៃ​ដើម្បី​ថែរក្សា​ជា​សម្បត្តិ​បេតិកភណ្ឌ​


​ ​