​ក្រសួង​វប្បធម៌​អំពាវនាវ​ឱ្យ​ឪពុកម្តាយ​និង​មន្ត្រី​ពាក់ព័ន្ធ​អប់រំ​កុំឱ្យ​យុវជន​ដើរ​គន្លង​ខុស​ថ្ងៃ​១៤​កុម្ភៈ​

445
ចែករម្លែក
  • 13
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​យុវជន ឱ្យ​ចូលរួម​ផ្សព្វផ្សាយ អប់រំ ពន្យល់​ណែនាំ ក្រើនរំលឹក​ដល់​បងប្អូន​កូនចៅ​ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នៃ​ក្តី​ស្រឡាញ់​ឲ្យ​ស្របតាម​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ​ដើម្បី​កិត្តិយស​និង​ភាពថ្លៃថ្នូរ​របស់ខ្លួនរ​បស់​ក្រុមគ្រួសារ​ពិសេស​ដើម្បី​រួមចំណែក​លើក កម្ពស់​កិត្យានុភាព​នៃ​សង្គមជាតិ​។​
ការអំពាវនាវ​របស់​ក្រសួង​វប្បធម៌​នេះ​ធ្វើឡើង​ស្រប​ពេលដែល​ទិវា​នៃ​ក្តី​ស្រឡាញ់​ឬ​ហៅថា​(Valentine’s Day)​ដែលជា​ថ្ងៃបុណ្យ​បរទេស​ជិត​ឈានចូល​មកដល់​ដែល​ធ្វើឱ្យ​យុវជន​មួយចំនួន​យល់​ខុស​និង​បាត់បង់​សេចក្តីថ្លៃថ្នូរ​នា​កន្លងមក​។​យោងតាម​សេចក្ដីអំពាវនាវ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានឱ្យដឹងថា​ថ្ងៃទី​១៤​កុម្ភៈ​ដែល​មនុស្ស​មួយចំនួន​ជាពិសេស​គ្រិស្ត​សាសនិកជន​បានកំណត់​ថា​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ ជិត​ឈានចូល​មកដល់​ហើយ​។

​បច្ចុប្បន្ន​ទិវា​នេះ​បាននិងកំពុង​ជ្រៀត​ចូលមកក្នុង សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន បណ្តាលឱ្យ​មនុស្ស​មួយចំនួន​បានទទួល​យក​និង​ប្រើប្រាស់​ដោយ​ភាព​ភ័ន្តច្រឡំ​នាំឱ្យមាន​ផលប៉ះពាល់​ដល់​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណីជាតិ​ទៀតផង​។

ក្នុង​សេចក្តីជូនដំណឹង​ខាងលើនេះ​បាន​បញ្ជាក់ដែរថា​ក្នុង​បរិការណ៍​នេះ​ប្រជាជន​ជាពិសេស​យុវជន​កម្ពុជា ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​ចំពោះ​វប្បធម៌ ប្រពៃណី​ដែលជា​មរតក​ដ៏​ថ្លៃថ្លា​របស់​ដូនតា​យើង​។​ព្រមទាំង​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ​និង​ឥទ្ធិពល​នៃ​វប្បធម៌​ទំនៀមទម្លាប់​ពី​ខាងក្រៅ​ដើម្បី​បន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ​និង​បរិបទ​នៃ​សង្គម​របស់ខ្លួន​ក្នុង​គោលដៅ​រក្សា​ឱ្យបាន​នូវ​អត្ថិភាព ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ ដែលមាន​វ័យ​ចំណាស់ រាប់ពាន់​ឆ្នាំ មកហើយ​នៅ​ទ្វីបអាស៊ី​នេះ​។​

​ទោះបីយ៉ាងណា​ក្រសួង​វប្បធម៌​បាន​លើក​បញ្ជាក់​ផង​ថា​”​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា​គួរ​ជា​ឱកាស​ក្នុងការ​ចែកចាយ និង​ធានា​នូវ​ក្តី​ស្រឡាញ់​ប្រកប ដោយ​ភាពទូលំទូលាយ និង​សន្តាន​ចិត្ត​ស្មោះសរ ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​មាន​ជាអាទិ៍​៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្ដី ប្រពន្ធ កូន ចៅ ។​

ចំពោះ​អ្នក​ដែល​នៅក្នុង​សង្គម​ជាមួយគ្នា​ដូចជា​៖​ជនពិការ​កុមារកំព្រា​,​និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​ជាដើម ក្រោមរូបភាព ការជួបជុំ​ពិភាក្សាគ្នា ឬ​ទទួលទាន​អាហារ​រួមគ្នា​។ ដោយ​ក្តី​សោមនស្ស​រីករាយ ការសរសេរ​លិខិត​ជូនពរ ការជូន​អំណោយ​ផ្សេងៗ ដើម្បី​បញ្ជាក់​ពី​ភាព​ក​ត្ត​ញ្ញូ​តា​ធម៌ ពី​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ចំពោះ​អ្នកមានគុណ បុព្វការី​ជន ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ចំពោះ​សង្គមជាតិ​”​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្មីៗ​មកនេះ​ក្រសួង​អប់រំ​យុវជន​និង កីឡា ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជាផ្ទៃក្នុង នៃ​វិធានការ​៤​ចំណុច​សម្រាប់ ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ផងដែរ​។​

ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​បាន​លើកឡើងថា​ដោយ​ក្រសួង​សង្កេតឃើញថា​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ដែលជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ជា​ឱកាស​មួយ ធ្វើឱ្យ​សិស្សានុសិស្ស​មួយចំនួន យល់ច្រឡំ​ថា បុណ្យ​នេះ​ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។​តាមពិត​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី របស់​ជនជាតិខ្មែរ​នោះទេ​។​

​ទោះបី​យ៉ាងណាក្តី​បើតាម​ការលើកឡើង​រប​ស់​មន្ត្រី​ពាក់ព័ន្ធ​វិញ​បានឱ្យដឹងថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​យុវជន​លែង​សូវ​ចាប់អារម្មណ៍​ទិវា​នៃ​សេចក្តីស្រឡាញ់​ដែលជា​ថ្ងៃបុណ្យ​បរទេស​នេះ​បន្ត​ទៀតហើយ​។​ជាមួយគ្នា​យុវជន​មួយចំនួនទៀត​ថែមទាំង​ក្លាយជា​អ្នក​អប់រំ​និង​ចូលរួម​ទប់ស្កាត់​មិនឱ្យ​យុវជន​មួយចំនួន​តូច​ទៀត​ដើរ​ផ្លូវខុស​ទៀតផង​៕S/