​ក្រសួង​សេដ្ឋកិច្ច​បំ​ភ្លឺ​រឿង​គេ​ផ្សាយ​ថា​កម្ពុជា​ជំពាក់​បរទេស​ដល់​ទៅមួយ​ម៉ឺន​លាន​ដុល្លារ​

445
ចែករម្លែក
  • 22
    Shares

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញមក​បំភ្លឺ​និង​ច្រានចោល​នូវ​ការចុះផ្សាយ​ថ្មីៗ​នេះ​ដោយ​អះអាងថា កម្ពុជា​មិនបាន​ជំពាក់​បំណុល​បរទេសរ​ហូត​ដល់​មួយ​ម៉ឺន​លាន​ដុល្លារ​នោះទេ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២​មេសា​ឆ្នាំ​២០១៩​នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានបញ្ជាក់​ថា «​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូមជម្រាបថា តួលេខ​ជាង​មួយ​ម៉ឺន​លាន​ដុល្លារ​អាម៉េរិក​នោះ គឺជា​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន ដែល​រាជ​រដ្ឋា ភិ​បាល បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​ដៃគូ​អភិវឌ្ឍន៍ គិត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតមកដល់​ដំណាច់ឆ្នាំ​២០១៨ ។​ពោលគឺ ពុំមែន​ជា​តួលេខ​សន្និធិ​បំណុល​បរទេស ដែល​កម្ពុជា​ជំពាក់​ជាក់ស្ដែង គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១៨ ទេ​»​។​

​ក្រសួង​បញ្ជាក់ថា​ជា​បច្ចេកទេស​បើ​ចង់ដឹង​អំពី​ទំហំ​បំណុល​សាធារណៈ​ក្រៅប្រទេស​ដែល​កម្ពុជា​ជំពាក់​ជាក់ស្ដែង គឺ​គេ​ត្រូវ​មើល​តួលេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស (Public External Debt Outstanding)​។​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​បំណុល​បរទេស​របស់​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​៧​ប៊ី​លាន​ឬ​(៧​ពាន់​លាន​) ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​

​ក្រសួង​បាន​ពន្យល់ថា ជា​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ ដើម្បី​វាស់​ស្ទង់​អំពី​ស្ថានភាព​បំណុល​សា​ធារ ណៈ​ក្រៅប្រទេស របស់​ប្រទេសមួយ គេ​ពុំ​មើល​ទៅលើ​តួលេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស ឬ​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​សរុប ឬ​តួលេខ​សេវា​បំណុល​សរុប​ទេ ពោលគឺ គេ​ត្រូវ​ពិនិត្យ​ទៅលើ​អនុ​បាត​បំណុល​សាធារណៈ​ក្រៅប្រទេស​សំខាន់ៗ​ចំនួន​បួន​ធៀប​នឹង​អនុ​បាត​គោល​។ ជារួម​ផ្អែក​តាម​ការវិភាគ​ចីរភាព​បំណុល បង្ហាញថា អនុ​បាត​បំណុល​សាធារណៈ​ក្រៅប្រទេស​ទាំង​បួន របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨ សុទ្ធតែ​ស្ថិតនៅក្រោម​អនុ​បាត​គោល​ទាំងអស់ ដែល​ក្នុងនោះ អនុ​បាត​សំខាន់​ជាងគេ​គឺ​អនុ​បាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅប្រទេស​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​-​ផ​.​ស​.​ស​) មាន​ត្រឹម​កម្រិត​២១,៤​ភាគរយ​ធៀប​នឹង​អនុ​បាត​គោល​៤០​ភាគរយ ។ លទ្ធផល​នេះ ក៏​ត្រូវបាន​វាយតម្លៃ និង​ទទួលស្គាល់​ដូចគ្នា​ផងដែរ ដោយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​, ធនាគារពិភពលោក​, និង​ធនាគារអភិវឌ្ឍន៍អាស៊ី​ជាដើម​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សង្កត់ធ្ងន់ថា « រាជរដ្ឋាភិបាល​បាន និង​កំពុង​គ្រប់គ្រង​បំណុល​សាធារណៈ ប្រកបដោយ​ស្មារតី​ប្រយ័ត្នប្រយែង​ខ្ពស់ និង​តែង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​គោលការណ៍​គន្លឹះ​ទាំង​០៤ រួមមាន​៖ ១. ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​, ២. ត្រូវ​ខ្ចី​តែ​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​,៣.​ត្រូវ​ខ្ចី​សម្រាប់តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​, និង ៤. ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំងនោះ ប្រកបដោយ​តម្លាភាព​, គណនេយ្យភាព​, ប្រសិទ្ធភាព​, និង​ស័ក្តិសិទ្ធិ​ភាព​ខ្ពស់បំផុត​»​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​បន្ត​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ស្រាវជ្រាវ អ្នកវិភាគ​ឯករាជ្យ ជាពិសេស សារព័ត៌មាន​ទាំងឡាយ​ក៏ដូចជា​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត​ព្យាយាម​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​បន្ថែម​អំពី​អត្ថន័យ​និង​ខ្លឹមសារ​បច្ចេកទេស​នៃ​ទិន្នន័យ​នៅក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ហើយ​យកទៅ​ប្រើប្រាស់ ឬ​វិភាគ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ក្រមសីលធម៌​ខ្ពស់ ជៀសវាង​បកស្រាយ​ខុសពី​ខ្លឹមសារ​ពិត ដែលនាំឱ្យ​សាធារណជន មានការ​ភ័ន្តច្រឡំ​អំពី​ស្ថានភាព​បំណុល​សាធារណៈ​ជាក់ស្ដែង​របស់​កម្ពុជា​។ ក្នុងករណី​មាន​ចម្ងល់​ឬ​សំណួរ​ផ្សេងៗ​សូម​ទាក់ទង​មកកាន់​ក្រុមការងារ​បច្ចេកទេស​តាមរយៈ​អ៊ី​ម៉ែ​ល​ដូចដែល​បានដាក់ នៅលើ​ទំព័រ​ចុងក្រោយ នៃ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា (E-mail: ddm@mef.gov.kh)៕​សរន