​ក្រសួង​អំពាវនាវ​ឱ្យ​យុវជន​ចូលរួម​ប្រឡង​ថត​វីដេអូ​ទេសចរណ៍​ លើក​ទី​២​ឱ្យបាន​ច្រើន​

495
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ក្រសួងទេសចរណ៍​បានប្រកាស​អំពាវនាវ​ដ​ល់​មហាជន ​ពិសេស​យុវជន ​សូម​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​វីដេអូ (Video Contest) អំពី​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍ ក្រោម​ប្រធានបទ​«​កំណប់​សហគមន៍​ជំរំ​ទេសចរណ៍​»​រដូវ​កាល​ទី​២​។​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ជាតិ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​ចលនា​ប្រឡងប្រណាំង​នេះ​នឹង​ចាប់ផ្ដើម​នា​ខែមេសា​ដល់​ខែមិថុនា​ឆ្នាំ​២០១៩​។​ចំណែកឯ​ការចំណាយ​ស្នាក់នៅ ​ម្ហូបអាហារ​និង​ធ្វើដំណើរ​ គឺ​ក្រសួងទេសចរណ៍​ជា​អ្នកធានារ៉ាប់រង​។​ការរៀបចំ​ការប្រឡង​ប្រណាំង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​កាល​ចូលរួម​របស់​សាធារណជន​ ជាពិសេស​យុវជន​ក្នុងការ​ផ្សព្វផ្សាយ​សក្តានុពល​សហគមន៍​ទេសចរណ៍​។

​អេកូ​ទេសចរណ៍​នៅ​កម្ពុជា បណ្ដុះ​គំនិត​ស្រឡាញ់​ជាតិ​មាតុភូមិ និង​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅតាម​សហគមន៍ តាមរយៈ​ការបញ្ចូល​សកម្មភាព​ទេសចរណ៍​។​

លោក​ជុក ​ជុំនោរ ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា​ ឆ្នាំនេះ​យើង​យក​តំបន់​ភូមិភាគ​ឦ​សានដែលមាន​ខេត្ត​៤​គឺ​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី​និង​ខេត្តមណ្ឌលគិរី​។​ការចុះទៅ​ថត​ជា​វីដេអូ​ខ្នាត​ខ្លី​នេះ​បេក្ខភាព​ជា​អ្នក​ថត​ត្រូវ​ចំណាយពេល​៦​ថ្ងៃ​៥​យប់​ ។​ថត​យក​ក្នុង​ចន្លោះ​ពី​៣​ទៅ​៥​នាទី​។​

​លោក​ជុំនោរ​ ប្រាប់ថា ​ក្រោយ​មានការ​វាយតម្លៃ​ពី​គណ:កម្មការ​ត្រឹមត្រូវ​ហើយ​ ​អ្នក​ជាប់​បាន​លេខ​១​ក្រសួងទេសចរណ៍​ឱ្យ​រង្វាន់​ជា​លុយ​១.០០០​ដុល្លារ​អាម៉េរិក​។​លេខ​២​បាន​៦០០​ដុល្លារ​អាម៉េរិក​។​លេខ​៣​បាន​៤០០​ដុល្លារ​អាម៉េរិក​។​កាលពី​ឆ្នាំទៅ​មិញ​ចលនា​ប្រឡងប្រណាំង​បែបនេះ​បាន​យក​ទីតាំង​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​អា​រ៉ែ​ង ​ខេត្តកោះកុង​ ធ្វើជា​ចលនា​ប្រឡងប្រណាំង​៕S/Ha