“​ក្រឡោ​” មាន​វត្តមាន​អុំ​ប្រណាំង​ក្នុង​ពិធី​ប្រណាំង​ទូកង នៅ​ខេត្តសៀមរាប​

1389
ចែករម្លែក
  • 70
    Shares

ដោយ​: គូលែន / សៀមរាប​: ការ​អុំ​ប្រណាំង ក្រឡោ ដោយ​កុមារា កុមារី ចំនួន​៤​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក ង នា​ដងស្ទឹង​សៀមរាប នា​ឆ្នាំ​២០១៨​នេះ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការប្រណាំង​គូ​កិត្តិយស​។​

​អនុគណៈកម្មការ​រៀប​ចំការ​ប្រណាំងទូក ង ខេត្តសៀមរាប លើកឡើងថា នេះ​គឺជា​ការ​រំលឹក​នៃ​ការចងចាំ វត្តមាន ក្រឡោ ដែលជា​ឧបករណ៍​បូរាណ​មាន​ប្រយោជន៍​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ នៃ​តំបន់​បឹង​ទន្លេសាប ខេត្តសៀមរាប ហើយ​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ មាន​វត្តមាន​ជា​រៀងរាល់ឆ្នាំ ក្នុង​ពិធី​អបអរ ព្រះរាជ​ពិធីបុណ្យ​អ៊ុ​ទូក សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​ខេត្តសៀមរាប​។​

​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ដែល​បាន​លើកយក​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ មក​ដាក់ចូល​ជា​កិត្តិយស​ក្នុង​ពិធី​ប្រណាំងទូក ង ខេត្តសៀមរាប​នេះ ពុំបាន​បញ្ជាក់​ច្បាស់លាស់​ទេ អំពី​កាលសម័យ​នៃ​ការប្រើប្រាស់​ក្រឡោ​នោះ ប៉ុន្តែ​គាត់​បាន​ឲ្យ​ដឹងថា ក្នុង​សម័យកាល​យូរណាស់​មកហើយ​ដែរ នៅ​ចុង​ឃ្នៀ​ស នៃ​តំបន់​បឹង​ទន្លេសាប ប្រជា​នេសាទ​បាន​ប្រើប្រាស់​ក្រឡោ​នេះ ជា​មធ្យ​បាយ​ធ្វើដំណើរ​ជិតៗ ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ហើយ​កុមារា កុមារី ក៏មាន​ប្រើ​ក្រឡោ​នោះ ជា​ជលយាន ធ្វើដំណើរ​ទៅកាន់​សាលារៀន​បណ្តែត​ទឹក​របស់​ពួកគេ​ផងដែរ ។​

​គេ​កំណត់​បាន​ថា ក្រឡោ ជា​ឧបករណ៍ប្រើប្រាស់​បាន​ច្រើនយ៉ាង ព្រោះថា ក្រឡោ ក្រៅពី​ជា​មធ្យោបាយ​ធ្វើដំណើរ ប្រជាជន​ជំនាន់​នោះគេ​យក​ក្រឡោ​នេះ ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ប្រឡាក់ត្រី ឬ ធ្វើ​ប្រហុក ព្រោះ​ក្រឡោ​ធន់​នឹង​ជាតិ​ប្រៃ និង​គេ​ក៏​អាច​ប្រើ​ក្រឡោ​សម្រាប់​ដាក់​ស្រូវ​អង្ករ ផងដែរ ។​

​ក្រឡោ គេ​ធ្វើ​អំពី​បន្ទះ​ឫស្សី ត្បាញ​ដោយ​ដៃ មាន​អង្កត់ផ្ចិត​ពី ១​ម៉ែត្រ ទៅ ១​ម៉ែត្រ​២​តឹក ក្រោយពី​ត្បាញ​រួច គេ​ប្រើ​ជ័រចុង និង ជ័រទឹក លាប​ទាំង​ខាងក្នុង​នឹង​ខាងក្រៅ ដើម្បី​កុំ​ឲ្យ​ជ្រាប​ទឹក ។ ដោយ​ការរីកចម្រើន​របស់​ស​ង្គ​ម ឧបករណ៍​ថ្មីៗ​ទំនើប​ទាន់សម័យ​ត្រូវបាន​ផលិត​ចេញមក​ទៅតាម​តម្រូវការ​ទីផ្សារ​ប្រើប្រាស់ ដូចជា​ចានដែក ចានជ័រ​ធំៗ​ជាដើម ដែល​បច្ចុប្បន្ននេះ ក្រឡោ ត្រូវបាន​គេ​បំភ្លេចចោល​ដោយ​មិនដឹង​ខ្លួន​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ថ្វីបើ​ហួសសម័យកាល​នៃ​ការប្រើប្រាស់​ក្រឡោ​ក៏ដោយ តែ​ក៏​មិនអាច​បំភ្លេចបាន​គុណប្រយោជន៍​នៃ​ក្រឡោ ដែល​ស្ថិតនៅ​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ ក្នុងសម័យ​កាល​មុន​នោះឡើយ​។​

​សូមបញ្ជាក់ថា លោកតា កៅ ឆន និង លោកយាយ ប៉ាន់ ធូ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជា​អ្នក​ត្បាញ​ផលិត ក្រឡោ សម្រាប់​ការចូលរួម​ប្រណាំងទូក ង ខេត្តសៀមរាប​៕