​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​បាន​រថយន្ត បូម​ធូលី​ដី ផ្លូវ​ក្នុង​ក្រុង បាន​ស្អាតជាប្រចាំ​

960
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ /
​បន្ទាយមានជ័យ : ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​បាន​រថយន្ត​បូម​ធូលី​ដី ផ្លូវ​សំខាន់ៗ ក្នុង​ក្រុង បាន​ស្អាត ប្រែជា​ពណ៌​ខ្មៅ ជាប្រចាំ​ហើយ​។

​ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា​: ជិត ២ សប្តាហ៍​មកនេះ គេ​សង្កេតឃើញថា ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវ​បេតុង​មួយចំនួន ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ស្អាត មាន​ពណ៌​ខ្មៅ មិនសូវមាន​ធូលី​ដី និង​សម្រាម​ដូច​មុន​នោះឡើយ​។ នោះ​មកពី​បងប្អូន​ប្រជាពលរដ្ឋ ជា​អាជីវករ ក្រុង​ប៉ោយប៉ែត បាន​រៃអង្គាស​ថវិកា ទិញ​រថយន្ត បូម​ធូលី​ដី ១ គ្រឿង ផ្តល់ឱ្យ​អាជ្ញាធរ ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​សម្អាត ជាប្រចាំ​។​

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​ប្រាប់ រស្មី​កម្ពុជា នៅ​ថ្ងៃ​ដដែល​នេះ​ថា​: បងប្អូន​អាជីវករ ពាណិជ្ជករ រស់នៅក្នុង​ទីក្រុង​នេះ បាន​រៃអង្គាស​ថវិកា បាន​ជាង ៦,៥ ម៉ឺន​ដុល្លារ​អាមេរិក ផ្តល់ឱ្យ​អាជ្ញាធរ​ក្រុង សម្រាប់​យកទៅ​ទិញ រថយន្ត​ម៉ាក ហ៊ី​យាន់​ដាយ ពណ៍​លឿង​ថ្មី​នោះ មកពី​ប្រទេស​កូរ៉េ​ផ្ទាល់​។​

​លោក​បាន​និយាយ​បន្តថា​: រថយន្ត​បូម​ធូលី បោស​ថ្នល់​នេះ បាន​ជួយ​យ៉ាងច្រើន ដល់​អាជ្ញាធរ​ក្រុង សម្រាប់ធ្វើ​ការងារ​អនាម័យ សម្អាត​ផ្លូវ និង​បរិស្ថាន​សាធារណ​: ជំនួស​ក្រុមហ៊ុន​សម្អាត ក្រុង​ប៉ោយប៉ែត ឃ្លី​នើ (PoiPet Cleaner) ដែល​អសកម្ម និង​ជំនួស​កម្លាំង​មនុស្ស ដែល​ជួយ​ធ្វើ​ម្តងម្កាល​នោះ​។ ទន្ទឹមនឹងនោះ អាជ្ញាធរ​ក្រុង ក៏​នៅតែ​អំពាវនាវ​ដ៏​ទទូច ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន បន្ត​ចូលរួម សហការ​យ៉ាងសកម្ម ជាមួយ​អាជ្ញាធរ មាន​សមត្ថកិច្ច លើ​ការងារ​ថែរក្សា អនាម័យ បរិស្ថាន​ក្រុង​។ ព្រោះថា បើ​បងប្អូន មិន​ចូលរួម ទោះជា​អាជ្ញាធរ មាន​រថយន្ត​សម្អាត បូម​ថ្នល់​បែបនេះ កុំថាឡើយ ១ គ្រឿង សូម្បី​មាន ១០ ទៅ ១០០ គ្រឿង ក៏​មិនអាច​ធានាថា ទីក្រុង​របស់​យើង បាន​ស្អាត​ដែរ​។​

​សូម​រំលឹកថា ក្នុង​ចលនា​ប្រលងប្រណាំង ទីក្រុង​ស្អាត ឆ្នាំ​២០១៧ កន្លងមក បាន​ធ្លាក់​ពី​ទទួលបាន​ផ្ការំដួល ២ ទង មក​បានតែ ១ ទង ។ នោះ​មកពី​បញ្ហា​អនាម័យ បរិស្ថាន នៅក្នុង​ចុង​តំណែង​លោក ង៉ោ ម៉េង​ជ្រួ​ន ជា​អភិបាលក្រុង បាន​ធ្លាក់ចុះ​៕V

​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​បាន​រថយន្ត​បូម​ធូលី​ដី ផ្លូវ​ក្នុង​ក្រុង បាន​ស្អាត​ជាប្រចាំ (​រូប:​ភ្នំ​ស្វាយ​)​

#