​ក្រុង​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ប្រមូល​ដឹកជញ្ជូន​សំរាម​

96
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ដើម្បីឱ្យ​ក្រុមហ៊ុន​ដែល​ត្រៀមខ្លួន​ក្នុងការ​ដេញថ្លៃ ប្រមូល ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​បានទទួល​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ​។​នៅ​រសៀល​ថ្ងៃ​១២​មីនា​២០២០​នេះ​រដ្ឋបាល​រាជធានី​បានរៀបចំ​ស​ន្និ​សី​ទ្ធ​មួយ​ស្តីពី​ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​។​

កម្មវិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​ជាង​២០​ក្រុមហ៊ុន​តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងបរិស្ថាន​។​​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​បញ្ហា​សំរាម​សំណល់​រឹង​គឺជា​បញ្ហា​ប្រឈម​សំខាន់​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ចំនួន​៣​ដែល​រាជធានី​ភ្នំពេញ​កំពុង​ជួបប្រទះ​នោះ​គឺ​បញ្ហា​ស្ទះ​ចរាចរ​បញ្ហា​ស្ទះលូ​និង​បញ្ហា​សំរាម ។​

​ក្នុងអំឡុង​ខែតុលា​ឆ្នាំ​២០១៩​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ដោយបាន​ដកសិទ្ធិ​លើ​ការប្រមូល និង​ដឹកជញ្ជូន សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​បាន​លុបចោល​នូ​វយ​ន្ក​ការ​នៃ​ការប្រមូល​ថ្លៃ​សំរាម​តាម​វិ​ក្ត​យ​ប​ត្រ​អគ្គិសនី​។​លោក ឃួ​ង ស្រេង បាន​បន្តថា​៖ សម្រាប់​ដំណាក់កាល​អន្តរកាល​នេះ ការផ្តល់សេវា​ប្រមូល និង​ដឹក​ជ​ញ្ចូ​ន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ គឺ​អនុញ្ញាតអោយ​ក្រុមហ៊ុន​ស៊ី​ទ្រ ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម ជា​បណ្តោះអាស្ន​សិន រហូតដល់ មាន​ក្រុមហ៊ុន​ថ្មី បានមក​ជំនួស ។

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​ការ​ផ្តាស់​ប្តូរ​ប្រព័ន្ធគ្រប់គ្រង និង​នីតិវិធី នៃ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ តាម​យន្តការ​ថ្មី គឺ​ការបង់ថ្លៃ​សំរាម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដេ​ល​បានចាប់ផ្តើម​អនុវត្ត​ទទួល​ការបង់​ពីថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២០​មកម្ល៉េះ ។​

​លោក​អភិបាល​រាជធានី​បញ្ជាក់​ផងដែរ​រាជធានី​ភ្នំពេញ នឹងត្រូវ​បែងចែក​ជា​៣​តំបន់ សម្រាប់​ឱ្យ​ក្រុមហ៊ុន ធ្វើការ​ជ្រើសរើស ក្នុង​ការផ្តល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ទៅតាម​តំបន់​ទាំង​៣ ផ្សេងៗ​គ្នា ហើយ​ចំពោះ​ដំណើរការ និង​នីតិវិធី​លទ្ធ​កម្មនេះ នឹងត្រូវ​ឆ្លងកាត់​ជា​២​ដំណាក់កាល ។​ក្នុងនោះ​ទី​១ ការវាយតម្លៃ ជ្រើសរើស​ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ការផ្តល់សេវា​តាម​តំបន់​ដែល​បានកំណត់ ។​

​សន្និសីទ​នេះ​ត្រូវបាន​រៀបចំឡើង​ចំនួន​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​និង​១៣​ខែមីនា​នាំ​២០២០​នេះ​ក្នុង​គោលបំណង ដើម្បី​ផ្តល់នូវ​ព័ត៌មាន​សំខាន់ៗ ។ ក្នុងនោះ សម្រាប់​ថ្ងៃទី​១ ការធ្វើ​បទ​បង្ហាញ ដោយ​រដ្ឋាករ​ស្វយ័ត គ្រប់គ្រង​សំរាម សំណល់​រឹង រាជធានី​ភ្នំពេញ និង​ជំនាញការ​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ប្រធានបទ​ស្តីពី​-​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​ការគ្រប់គរ្ង​សំរាម​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង​បន្ថែមទៀតថា សន្និសីទ​នេះ នឹង​ផ្តល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ សម្រាប់​ក្រុមហ៊ុន ក្នុងការ​រៀបចំ​ឯកសា​រ ចូលរួម​ដេញថ្លៃ ហើយ​ចំពោះ​កាលបរិច្ឆេទ នៃ​ការដាក់​ពាក្យ ចូលរួម​ដេញថ្លៃ ។​គឺ​ចាប់ផ្តើម​ទទួល​ពាក្យ ស្នើសុំ​ចាប់ពី​នេះ​តទៅ រហូតដល់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​០០​នាទី​រសៀល​។​ដូច្នេះ​សូម​បណ្តា​ក្រុមហ៊ុន​ដែលមាន​ចំណាប់​អារ​ម្ម​ណ័​ចូលរួម​ដេញថ្លៃ​ទាំងអស់ មេត្តា រួសរាន់​បំពេញ រាល់​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ តាម​នីតិវិធី​ដែល​បានកំណត់​៕S/​