​ក្រុង​សៀមរាប ត្រៀម​ស្វាគមន៍​ភ្ញៀវទេសចរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ខាងមុខនេះ​

1657
ចែករម្លែក
  • 22
    Shares

​ដោយ​៖គូលែន/​
​សៀមរាបៈ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ភ្លើង​លម្អ ដើម្បី​ធ្វើ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​ក្នុងឱកាស​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ ក៏ដូចជា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខាងមុខនេះ ។​

នេះ​ជា​លើក​ទី​៦​ហើយ ក្នុងការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដែល​បាន​ប្រព្រឹត្តទៅ​ចំនួន​៥​លើក​មកហើយ ដែល​ធ្វើ​ឲ្យ​មាន​កិត្តិ​ស័ព្ទ​ប្រពៃណីជាតិ បាន​ល្បីល្បាញ​នៅលើ​ពិភពលោក ព្រមទាំង​ទទួលបាន​ជោគជ័យ​លើ​វិញ្ញាសារ​សំខាន់ៗ នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៀតផង ។​

ក្នុង​ការចុះ​ត្រួតពិនិត្យ​នោះ លោក ឃឹម ប៊ុន​សុង ក៏បាន​ណែនាំ​ថា ត្រូវធ្វើ​ការ​ព​ន្លឿ​ន​ក្នុង​ការរៀបចំ​ក្រាល​ការ៉ូឡា នៅ​សួនច្បារ​សាធារណៈ ព្រមទាំង​រៀបចំ​ដាំ​ស្មៅ ដើម​ផ្កា​ចម្រុះ​ពណ៌ ក្នុងការ​លម្អ​នូវ​សោភ័ណភាព ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ជាទី​ក្រុង​ទេសចរណ៍វប្បធម៌​-​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ ជាមួយនេះដែរ ក្រុង​សៀមរាប ដែលជា​អតីត​រាជធានី​នៃ​អាណាចក្រ​ខ្មែរ សម័យ​រុងរឿង​នៃ​អង្គរ ក៏បាន​ទទួល​ជ័យលាភី ជាទី​ក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០១៨-២០២០ និង បាន​ក្លាយជា​តំបន់​គោលដៅ​របស់​ភ្ញៀវទេសចរ​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ក្រោម​ដំបូល​នៃ​សន្តិភាព ដែលជា​សមិទ្ធផល បានមកពី​ការស្វែងរក​ដោយ​ការលំបាក និង​មាន​លះបង់​ខ្ពស់បំផុត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ក្នុងនោះដែរ លោក​ក៏បាន​ជំរុញ​ដល់​អនុគណៈកម្មការ​រៀប​ចំ​ការងារ​តុបតែង​លម្អ​ភ្លើង ព្រមទាំង​ការធ្វើ​អនាម័យ​បរិស្ថាន នៅតាម​ទីកន្លែង​សាធារណៈ​។ ម្យ៉ាងទៀត ក្រុមបច្ចេកទេស ការរៀបចំ​លម្អ​ភ្លើង គឺ​ត្រូវ​រៀបចំ​យ៉ាងណា ដើម្បី​រំលេច​នូវ​សោភ័ណភាព​សម្រស់​បៃតង នៅតាម​ដងស្ទឹង និង​រុក្ខវិថី​នានា​ក្នុង​ក្រុង នាពេល​រាត្រី ឲ្យ​កាន់តែ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ជាពិសេស​ក្នុងឱកាស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចូលមក​ដល់ នាពេល​ខាងមុខនេះ​។ ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៨​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាតិ​ផងដែរ ។

លោក​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​ដល់​អនុគណៈកម្មកា​រ​រៀបចំ​ការតុបតែង​ភ្លើង​លម្អ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​របស់ខ្លួន ឱ្យបាន​ជាប្រចាំ និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បច្ចេកទេស​ការតភ្ជាប់​ច​រន្ធ​ភ្លើង កុំ​ឲ្យ​មានការ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ និង​ត្រូវធ្វើ​ការផ្លាស់ប្តូរ​រាល់​អំពូល​ភ្លើង ដែល​ខូច​ដាច់ចេញ​ផងដែរ ។​

លោក​ក៏បាន​ដាក់​នូវ​បទបញ្ជា​ដល់​អាជ្ញាធរ​ក្រុង​សៀមរាប ក្នុងការ​រៀបចំ​នូវ​បរិស្ថាន អនាម័យ តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដង​វិថី​នានា សំខាន់​នៅ​ជុំវិញ​បរិវេណ​ព្រះវិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក៏​ដូច​នៅតាម​ដងស្ទឹង និង​សួនច្បារ ដែលជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ពិធី​អង្គរ​សង្ក្រាន្ត នា​ថ្ងៃ​ខាងមុខ​ផងដែរ​៕V