​ក្រុមការងារ​សម្រុក​ស្ដារលូ​ដោយ​ដៃ​និង​គ្រឿងចក្រ​បាន​ប្រវែង​១​គីឡូម៉ែត្រ​នៅ​សង្កាត់​អូឡាំពិក​

291
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​អនុវត្តតាម​ការណែនាំ​ពី​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ស្ដារលូ​ដោយ​ដៃ​និង​គ្រឿងចក្រ​ដើម្បី​រំដោះ​ការលិចលង់​លំនៅស្ថាន​របស់​ពលរដ្ឋ​។​ខណៈដែល​សំរាម​ជាច្រើន​តោន​បាន​កកកុញ​នៅក្នុង​អណ្ដូង​លូ ក្នុង​លូ​ក៏ដូចជា​នៅក្នុង​ប្រឡាយ​លូ​។​

​កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានសម្រេច​ធ្វើការ​ស្តារលូ ដែលមាន​ប្រវែង​ប្រមាណ​មួយ​គីឡូម៉ែត្រ ចាប់ពី​ក្នុង​ស្តា​ត​អូឡាំពិក រហូតដល់​ប្រឡាយ​ទួល​សែន​ខាងលិច​ក្នុង​សង្កាត់​អូឡាំពិក​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

​លោក​ដួង​ចាន់​សា​រ៉ា​ត​ប្រធាន​អង្គភាព​លូទឹក​និង​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ថ្ងៃទី​៩​សីហា​នេះ​ថា​តាម​ការណែនាំ​ពី​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​គឺ​បាន​ជម្រុញ​ឱ្យ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​។​ក៏ដូចជា​ខណ្ឌ​ទាំង​៥​នៅ​កណ្តាល​ក្រុង​ធ្វើការ​ស្ដារលូ ដើម្បី​រំដោះ​ការលិចលង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ខណៈដែល​រដូវវស្សា​ម​ក​ដល់​។​

​លោក​ប្រធាន​បាន​បន្តថា​៖​សម្រាប់​ការងារ​ខាងលើនេះ​អង្គភាព​លូទឹក​និង​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានធ្វើការ​ស្តារលូ​ប្រវែង​ប្រមាណ​ជា​១​គីឡូម៉ែត្រ​ដោយ​ចាប់ពី​ក្នុង​ស្តា​ត​អូ​ឡាំ​ពិ​ច​រហូតដល់​ប្រឡាយ​ទួល​សែន​ខាងលិច​ក្នុង​សង្កាត់​អូឡាំពិក​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

ចំពោះ​សកម្មភាព​នេះ​យើង​ធ្វើ​សកម្មភាព​៣​ជម្រើស​ក្នុងនោះ មាន​ទាំង​ការធ្វើសកម្មភាព​ដោយ​ចុះ​កាយ ចាប់យក​សំរាម​ពី​ក្នុង​លូ​ដោយ​ដៃ​កាយ​សំរាម​ដោយ​ប្រើ​គ្រឿងចក្រ​និង​ប្រើ​គ្រឿងចក្រ​ដើម្បី​បូម​យក​ភក់​និង​សំរាម​ចេញពី​ក្នុង​លូ​និង​អណ្តូង​លូ​ជាដើម​។

​លោក​បាន​បញ្ជាក់ទៀតថា​៖ នៅក្នុង​អណ្ដូង​លូ​និង​តួ​លូ ទាំងមូល​ពោរពេញ​ទៅដោយ​ដប​ទឹក​សុទ្ធ កេស​ស្នោ​និង​វត្ថុ​ប្រើប្រាស់​ផ្សេងទៀត​ដែល​តម្រូវអោយ​កម្មករ​ចុះទៅ​ក្នុង​លូ​តែម្ដង​ដើម្បី​កើប​និង​ការយក​ដប​ទឹក​សុទ្ធ​និង​សំរាម​នានា​ទាំងនោះ​ចេញ ។

ក្នុង​ចម្ងាយ​លូ​និង​ប្រឡាយ​ប្រមាណ​១​គីឡូម៉ែត្រ​នេះ គឺ​យើង​បានធ្វើ​ការស្ដា​លូ​ដែលមាន​ទំហំ​២​ម៉ែត្រ​កន្លះ​គុណ​និង​២​ម៉ែត្រ​កន្លះ​ប្រវែង​៦០០​ម៉ែត្រ​និង​ប្រឡាយ​ទួល​សែន​ខាងលិច​ប្រវែង ៤០០​ម៉ែត្រ ។ ការងារ​នេះ​បានចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​២៥ ខែកក្កដា​ឆ្នាំ​២០១៩​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០​ខែសីហា​នេះហើយ​បើ​គិត​មកដល់ពេលនេះ​ក្រុមការងារ​សម្រេចបាន​ល​ទ្ធ​ផល​មួយចំនួន​។​

​ក្នុង​នោះបាន​ប្រមូល​កើប​សំរាម​ចេញពី​ក្នុង​លូ​បាន​១០​តោន​និង​ដឹក​ភក់​ចេញ​បាន​៦០​ម៉ែត្រគុប​។​ដោយ​ពិនិត្យឃើញ​ជាក់ស្ដែង​នៅក្នុង​លូ​ក៏ដូចជា​នៅក្នុង​ប្រឡាយ​ពោរពេញ​ដោយ​សំរាម​ដូចជា​ដប​ទឹក​សុទ្ធ​កេស​ស្នោ​ជាដើម​។​នេះ​លោក​ដួង​ចាន់​សារ៉ាត់​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ធ្វើយ៉ាងណា​កុំ​យក​សំរាម​។​

​ក៏ដូចជា​ទឹក​សុទ្ធ​កេស​ស្នោ​ទៅ​បោះ​ចូលក្នុង​អណ្ដូង​លូ​និង​លូ​,​ប្រឡាយ​លូ​ជាដើម​ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ទឹក​មិនអាច​ហូប​បាន​។​ដើម្បីឱ្យ​រាជធានី​ភ្នំពេញ​ជៀសផុត​ពី​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ពិសេស​លើ​ការ​ទុកដាក់​សំរាម​នេះឯង​៕S/​