​ក្រុមកីឡា​កាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ពិតជា​ខ្លាំង​មែន​

203
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្លិប​កីឡា​កាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ គ្រង​តំណែង​ជើងឯក នៃ​ការប្រកួត​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី​៣ ឆ្នាំ​២០១៩ ខណៈ​ក្លិប​កីឡា​កាយសម្ព័ន្ធ​ខេត្តក្រចេះ គ្រង​តំណែង​លេខ​២ ដោយសារ​ចាញ់​មេដាយប្រាក់ ក្រសួងមហាផ្ទៃ មួយគ្រឿង​ប៉ុណ្ណោះ​។​

បំពាក់​មេដាយ​ដល់​ជ័យលាភី​

​ការប្រកួត​នេះ បានចាប់ផ្តើម ចាប់ពី​ថ្ងៃទី​១៩ ដល់ ២៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​សាល​ដំបូលទូក​របស់​សហព័ន្ធ​។ ក្នុងឱកាស​ពិធី​បិទ​ការប្រកួត លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក បាន​អញ្ជើញ​ចូលរួម បំពាក់​មេដាយ ដល់​ជ័យលាភី​។​

​ក្លិប​កីឡា​កាយសម្ព័ន្ធ ក្រសួងមហាផ្ទៃ ដែល​គ្រង​តំណែង​ជើងឯក​នោះ ដណ្តើម​មេដាយមាស ៤ គ្រឿង និង​មេដាយប្រាក់ ៥ គ្រឿង ក្លិប​ចំពោះ​ក្លិប​កីឡា​កាយសម្ព័ន្ធ ខេត្តក្រចេះ ដែល​បាន​ជើងឯក​រង ដណ្តើម​មេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និង​មេដាយសំរិទ្ធ ៤ គ្រឿង ក្លិប​កីឡា​កាយសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង ដណ្តើម​មេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និង​មេដាយសំរិទ្ធ ៧ គ្រឿង និង​ក្លិប​កីឡា​កាយសម្ព័ន្ធ ខេត្តតាកែវ ដណ្តើម​មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ២ គ្រឿង​។​

បំពាក់​មេដាយ​ដល់​ជ័យលាភី​

​លោក ណ​យ​ផា​ណា អគ្គលេខាធិការ​សហព័ន្ធ បាន​ប្រាប់​ឲ្យ​ដឹងថា យោងតាម​ផែនការមេ និង​កម្មវិធី​ប្រកួត​កីឡា​កាយសម្ព័ន្ធ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​លោក​បណ្ឌិត ថោង ខុន លើក​ទី​៣ ឆ្នាំ​២០១៩ របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រភេទ​កីឡា​កាយសម្ព័ន្ធ នូវ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម កីឡាករ​-​កីឡាការិនី ឲ្យ​ទទួលបាន​លទ្ធផល​ល្អ គុណភាព​ល្អ គុណ​ផល​ខ្ពស់ ជាក់ស្តែង ដូចជា​ព្រឹត្តិការណ៍ ប្រកួត​កីឡា​កាយសម្ព័ន្ធ នាពេលនេះ មាន​ក្លិប​កីឡា​កាយសម្ព័ន្ធ ចំនួន​៩ មកពី​៤ រាជធានី ខេត្ត បាន​មកដល់​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​កីឡាករ​-​កីឡាការិនី ចំនួន​៦៤​នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស និង​ចៅក្រម ៤២ នាក់ រួមជាមួយ​មន្ត្រី​ស្ម័គ្រចិត្ត ចំនួន​១៤​នាក់​ផង​។​

បំពាក់​មេដាយ​ដល់​ជ័យលាភី​

​លោក​បាន​បន្តថា ផ្អែក​តាម​ការប្រកួត​ជើងឯក រយៈពេល ៦ ថ្ងៃ កន្លងមក យើង​សង្កេតឃើញថា កីឡាករ​-​កីឡាការិនី មានកា​រខត​ខំ​ប្រ កួត​ប្រជែង​គ្នា ប្រកបដោយ​ក្រមសីលធម៌ គោលការណ៍ Fair Play បញ្ចប់​ដោយ​រលូន និង​ជោគជ័យ​។ បើ​យើង​ប្រៀបធៀប​ជាមួយ​ឆ្នាំមុនៗ មានការ​កើនឡើង ផ្នែក​គុណ​ផល បច្ចេកទេស​ល្អ ជាង​ឆ្នាំមុនៗ ជាពិសេស​ក្នុងឆ្នាំនេះ សហព័ន្ធ​សមី​បាន​សហការ​ជាមួយ អង្គភាព​ពាក់ព័ន្ធ ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​បាន​ទម្លាក់ កញ្ចប់​ថវិកា ដើម្បីឱ្យ​សហព័ន្ធ រៀបចំ​ការប្រកួត​ជ្រើសរើស ជើងឯក​ថ្នាក់ជាតិ និង​អភិវឌ្ឍន៍​កីឡា​ជំនាញ ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដោយ​សាមី​សហព័ន្ធ​។​

​សូមបញ្ជាក់ថា កីឡាក​កាយសម្ព័ន្ធ មាន ២ ប្រភេទ គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic) និង​កាយសម្ព័ន្ធ​អារ​ទី​ស្ទីក (Gymnastic Artistic) សម្រាប់​ការប្រកួត​ឆ្នាំនេះ កីឡា​កាយសម្ព័ន្ធ​អារ​ទី​ស្ទីក មាន ៨ វិញ្ញាសា និង​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក មាន ៥ វិញ្ញាសា ៕v