​ក្រុមកីឡា​ប៉េតង់ ទី​ស្តី​គណៈរដ្ឋមន្ត្រី បាន​តំណែង​ជើងឯក ឆ្នាំ​២០១៩

130
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រុមកីឡា​ប៉េតង់ ទី​ស្តី​គណៈរដ្ឋមន្ត្រី គ្រង​តំណែង​ជើងឯក ខណៈ​ក្រុមកីឡា​ប៉េតង់ ក្រសួងការពារជាតិ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ប្រចាំឆ្នាំ​២០១៩​។​

​នៅក្នុង​ពិធី​បិទ​ជា​ផ្លូវការ ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស ប្រចាំឆ្នាំ​២០១៩ មានការ​អញ្ជើញ​ចូលរួម​ពី លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ និង ប៊ូល​កម្ពុជា និង​លោក តែម ម៉ឺន អគ្គលេខាធិការរង នៃ​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា នៅ​ទីលាន​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រៀបចំឡើង​ដោយ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ ។​

ប្រគល់​ពានរង្វាន់ និង​បំពាក់​មេដាយ ដល់​ជ័យលាភី​

​លោក សូ ម៉ៃ​សុខ​គា អគ្គលេខាធិការរង​សហព័ន្ធ និង​ប្រធាន​ក្លិប​កីឡា​ប៉េតង់ ទី​ស្តី​គណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ ក្រុមកីឡា​ប៉េតង់ ទី​ស្តី​គណៈរដ្ឋមន្ត្រី គ្រង​តំណែង​ជើងឯក ដោយ​ដណ្តើម​មេដាយ ៥ គ្រឿង គឺ​មេដាយមាស ២ គ្រឿង និង​មេដាយសំរិទ្ធ ៣ គ្រឿង ខណៈ​ក្រុមកីឡា​ប៉េតង់ ក្រសួងការពារជាតិ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ដោយ​ឈ្នះ​មេដាយមាស ២ គ្រឿង តែប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា ក្នុងនាម​លោក ជា​ប្រធាន​ក្លិប និង​តំណាង​ឲ្យ​ក្រុម​កីឡាករ -​កីឡាការិនី​ប៉េតង់ ទី​ស្តី​គណៈរដ្ឋមន្ត្រី សូម​ថ្លែងអំណរគុណ ដល់​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​លោក ឌុយ ធៅ ដែល​បានផ្តល់​ថវិកា សម្លៀកបំពាក់ ជូន​កីឡា​ប៉េតង់ ទីស្តីការគណៈរដ្ឋមន្ត្រី ។​

ប្រគល់​ពានរង្វាន់ និង​បំពាក់​មេដាយ ដល់​ជ័យលាភី​

​ការប្រកួត​ឆ្នាំនេះ សហព័ន្ធ បានដាក់ ៥ វិញ្ញាសា​ឲ្យ​ប្រកួត គឺ​វិញ្ញាសា ៣​ទល់​៣​នាក់ បុរស​ក្របខណ្ឌ “​ក​១” (​អាយុ​១៨​ឆ្នាំ​ឡើង​) និង​វិញ្ញាសា ៣​ទល់​៣​នាក់​បុរស ក្របខណ្ឌ “​ក​២” (​អាយុ​១៨​ឆ្នាំ​ឡើង​) វិញ្ញាសា​៣​ទល់​៣​នាក់​នារី (​អាយុ​១៨​ឆ្នាំ​ឡើង​) វិញ្ញាសា​៣​ទល់​៣​នាក់ យុវជន អាយុ​ក្រោម​១៨​ឆ្នាំ វិញ្ញាសា ១​ទល់​១​នាក់ យុវនារី​អាយុ​ក្រោម​១៨​ឆ្នាំ​។ ក្លិប និង​សមាគម ចំនួន ៣៧ មកពី ២៥ រាជធានី ខេត្ត ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ គណៈប្រតិភូ គ្រូបង្វឹក និង​កីឡាករ -​កីឡាការិនី ចំនួន ៣៨៣ នាក់ រួមមាន គណៈប្រតិភូ គ្រូបង្វឹក ៥៦ នាក់ និង​កីឡាការិនី ៦៣ នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​៕v