​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជប៉ុន​ពិនិត្យ​និង​ព្យាបាល​មាត់​ធ្មេញ​ឱ្យ​កុមារ​កម្ពុ​ជាជាង​២.០០០​ករណី

1244
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងមកនេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជប៉ុន​មួយក្រុម​បានមក​ពិនិត្យ​ព្យាបាល​និង​វះកាត់​ជំងឺ​ឆែបមាត់​ក្រអូមមាត់​និង​ធ្មេញ​ដល់​កុមារ​និង​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ជាង​២.០០០​ករណី​។​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ជប៉ុន​នេះ ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត​ម៉ាសា​ហ៊ី​រ៉ូ​អ៊ី​វ៉ា​តា​(Masahiro Iwata) ដែល​បាន​សន្យា​នឹង​បន្ត​ជួយ​ពិនិត្យ​ព្យាបាល​ពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​នៃ​សភា​យុវ​ពាណិជ្ជករ​ជប៉ុន​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សភា​យុវ​ពាណិជ្ជករ​កម្ពុជា (JCI) និង​មន្ទីរពេទ្យ​នានា​នៅ​កម្ពុជា បាន​សហការគ្នា​ធ្វើ​សកម្មភាព​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ ឲ្យ​កុមារ​កម្ពុជា នៅ​តំប​លន់​ដាច់ស្រយាល​ដែលមាន​ជីវភាព​ខ្វះខាត​។ គិត​មកដល់ពេលនេះ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សភា​យុវ​ពាណិជ្ជករ​កម្ពុជា​-​ជប៉ុន​បាន​ជួយ​កុមារ​មិន​ក្រោម​២០០០​នាក់​ដែល​រស់នៅ​បឋមសិក្សា​ដែល​នៅ​ខេត្ត​ដាច់ស្រយាល​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត Masahiro Iwata និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សភា​យុវ​ពាណិជ្ជករ​ជប៉ុន មក​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុ​ជាជាង​២០​ឆ្នាំ​មកហើយ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កម្ពុ​ជាមាន​បញ្ហា​មាត់​ធ្មេញ​ដោយ​ស្ម័គ្រចិត្ត​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

លោក​បាន​លើកឡើងថា​គិត​មកដល់ពេលនេះ​គឺមាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ដែល​លោក​វេជ្ជបណ្ឌិត​MasahiroIwata​និង​ក្រុមការងារ​ចំនួន​២​រូប​ទៀត​បាន​ប្រើ​ជំនាញ​ដែល​ខ្លួន​មាន​ព្យាបាល​និង​វះកាត់​អ្នកជំងឺ​នៅ​កម្ពុជា​បាន ២០០០​ករណី​ហើយ នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តក្រចេះ​។​

លោក​បាន​លើកឡើងថា ក្រុមការងារ​របស់លោក​មានតែ ៣​នាក់​តែប៉ុណ្ណោះ ហើយ​មូលហេតុ ដែល​លោក​មក​កម្ពុជា​ដោយសារ​មើលឃើញថា​កុមារ​នៅ​កម្ពុជា​កាលពី​២០​ឆ្នាំមុន​ការមើល​ថែ​លើ​បញ្ហា​សុខភាព​នៅមានកម្រិត​ហើយក៏​ដោយសារតែ​មានកា​រ​ណែនាំ​ពី​មិត្តភក្តិ​ដែល​និយាយ​ពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​។​

​ចំណែក​ខាង​ភាគី​សភា​យុវ​ពាណិជ្ជករ​កម្ពុជា​(JCI)​សាខា​ចតុមុខ​បាន​លើកឡើងថា​ក្នុង​សកម្មភាព​បំពេញការងារ​ដោយ​ស័​គ្រ​ចិត្ត​នៅ​កម្ពុជា​របស់លោក​វេជ្ជបណ្ឌិត​គឺ​ទទួលបាន​បទពិសោធន៍​ល្អៗ​ជាច្រើន​ក្នុងការ​បំពេញ​សកម្មភាព​មនុស្សធម៌​ជាមួយ​ក្រុមការងារ​ក៏ដូចជា​ជាមួយ​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជាពិសេស​គឺ​ក្រសួងសុខាភិបាល​នៅ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត​MasahiroIwata​មកពី​ទីក្រុង​អូ​សា​កា​ដែលមាន​ជំនាញ​ខាង​ផ្នែក​វះកាត់​ផ្នែក​ក្រអូមមាត់​រូបនេះ បានបង្ហាញ​ការរំពឹងទុក​ថា អាចធ្វើ​ការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​វិស័យ សុខាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​ល្អប្រសើរ​ទាំង​សកម្មភាព ស្ម័គ្រចិត្ត និង​ការចូលរួម​តាមរយៈ​បេសកកម្ម​ផ្សេងៗ នៅតាម​តំបន់​ដែល​ខ្វះខាត​ទូទាំងប្រទេស​កម្ពុជា​។​

​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​លោក​វេជ្ជបណ្ឌិត​MasahiroIwata​បាន​ឲ្យ​ដឹងថា​ក្នុងការ​ធ្វើដំណើរ​មក​ក​ម្ពុ​ជា​ម្តងៗ លោក​ត្រូវ ចំណាយ​មក​ម្តង​គឺ​១៥០០ ទៅ​១៦០០​ដុល្លារ សំបុត្រ​យន្តហោះ និង​ការ​ស្នាក់នៅ និង​ធ្វើដំណើរ​ផ្សេងៗ​។​

ថវិកា​ទាំងនេះ​គឺជា​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​មិនមែនជា​ការឧបត្ថម្ភ​ពី​ភាគី​ណាមួយ​ឡើយ​។​ការចូលរួម​របស់លោក​នៅ​កម្ពុជា​នេះ​គឺធ្វើឡើង​ដើម្បី​ជាការ​ចូលរួម​ជួយ​អ្នកជំងឺ​ឲ្យ​មាន​សុខភាព​ល្អប្រសើរ​ជាង​មុន មិនមែន​ដើម្បី​រក​ផលប្រយោជន៍​ណាមួយ​ឡើយ​។​

​គួរ​បញ្ជាក់ថា​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​នៃ​សភា​យុវ​ពាណិជ្ជករ​កម្ពុជា​(JCI)​និង​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​នៃ​សភា​យុវ​ពាណិជ្ជករ​ជប៉ុន នៅមាន​គម្រោង​ជាច្រើន​ទៀត ដែល​នឹង​រួមគ្នា ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​រស់នៅ​ដាច់ស្រយាល​និង​ម្យ៉ាងវិញទៀត​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល ឲ្យ​មាន​ភាពល្អប្រសើរ​បន្ថែម​ទៀត​៕S/

​ចំណងជើង​រូបថត​៖​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ជប៉ុន ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ​ឲ្យ​កុមារ​កម្ពុជា ជាង​២០០០​ករណី​(​រូបៈ​សុផល​)