​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​ស្រុក​ស្រីស្នំ​ដោយ​ឥតគិតថ្លៃ​

1101
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​នាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ទៅ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​ស្រីស្នំ​។​ការចុះ​ព្យាបាល​ជំងឺ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​លោ​កវេ​ជ្ផ​បណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ។​

​ពិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ ស្ថិតនៅ​ស្រុក​ស្រីស្នំ ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​២.៤៣៣ នាក់ ក្នុងនោះ​កុមារ​ចំនួន ៤៣០​នាក់ បានមក​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ។​

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា គោលបំណង​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប គឺ​ផ្តល់​ការព្យាបាល​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ​។ ដោយ​មិន​ប្រកាន់​និ​ន្នា​នយោបាយ និង​សាសនា​អ្វី​ឡើយ​។​

ការព្យាបាល​នេះ គឺជា​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល កម្ពុជា ក្នុងការ​បង្ខិត​សេវា​សុខាភិបាល និង​ផ្តល់ឱកាស​បងប្អូន​ដែលមាន​វិជ្ជាជីវៈ​ពេទ្យ និង​កម្លាំង​ស្ម័គ្រចិត្ត ចូលរួម​ធ្វើ​សកម្មភាព​សង្គម​មួយ​នេះ​ក្នុង​គោលដៅ​ដើម្បី​ជួយ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ជៀសវាង​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ។​

​លោក​បាន​បន្តថា ពិសេស​ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការ​សេវា​ព្យាបាល ហើយ​បេសកកម្ម​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ធ្លាប់បាន​ចុះ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ នៅ​គ្រប់​បណ្តាល​ស្រុក​ទូទាំង​ខេត្តសៀមរាប ខណៈពេល​នេះ ស្រុក​ស្រីស្នំ​នេះ គឺជា​ស្រុក​ទី​៨​ហើយ ។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានបញ្ជាក់​ទៀតថា ក្នុងឱកាស​នោះ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចេះ​ថែទាំ​សុខភាព​សុខភាព​ប្រចាំថ្ងៃ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការហូប​ចំណីអាហារ ដោយ​ផ្តោ​សំខាន់​លើ​ការហូប​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ ។

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នៅ​ស្រុក​ស្រីស្នំ​ដោយ​ឥតគិតថ្លៃ

​ព្រោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ជា​គ្រឹះ​ជា​សសរទ្រូង និង​ជា​ធាតុ​ចូល​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន សម្រាប់​អភិ​វ​ឌ្ឃ​ប្រទេសជាតិ ហើយ​សុខភាព ពិតជា​មាន​តំលៃ​ជាង មាស​ពេ​ជ្យ​ទៅទៀត ព្រោះ​ពលរដ្ឋ​មាន​សុខ​ភាពល្អ ទើប​បុគ្គល​ផ្ទាល់​គ្រួសារ និង​សង្គមជាតិ មាន​សុភមង្គល និង​វឌ្ឍនភាព ៕S/