​ក្រុមចម្រុះ​កិច្ចការ​ព្រុំដែន​ចុះ​ពិនិត្យ​និង​កំណត់​ទីតាំង​សាងសង់​សំណង់​ច្រក​អន្តរជាតិ​ថ្មដា​

901
ចែករម្លែក

ដោយ​៖​ព​.​ស​/​ពោធិសាត់​៖​លោក​វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​ប្រតិភូ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ចុះ​ត្រួតពិនិត្យ និង​កំណត់​ទីតាំង​សាងសង់ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មដា ខេត្តពោធិ៍សាត់​។ ទល់មុខ​ច្រក​បាន​ថា​សេន ខេត្ត​ត្រាត​(​ថៃ​) ដែល​ស្ថិត​ក្នុងភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​ក្នុងឱកាស​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​, រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​, ក្រុមការងារ​គណៈកម្មាធិកា​រ​ចម្រុះ​ព្រំដែន​, អាជ្ញាធរខេត្ត​, ស្រុក​, អង្គភាព​វរៈ​ការពារ​ព្រំដែន​គោក​ទាំង​៣,​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​និង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា (MDS)​ផងដែរ​។​

​បន្ទាប់ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់ លើ​ប្លង់​ផែនទី​ស្នើសុំ​សាងសង់ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ថ្មដា​រួចមក​លោក​វ៉ា គឹមហុង បាន​អនុញ្ញាតឱ្យ​ក្រុមការងារ​ជំនាញ ចុះ​ពិនិត្យ​ប៉ុស្តិ៍​ប្រចាំការ​ច្រក​ថ្មដា​របស់​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨២៥​និង​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ភូមិសាស្ត្រ ដោយ​កំណត់​ចំណុច​និយាម​ការ​បរិវេណ សាងសង់​សំណង់​ច្រកទ្វារព្រំដែន ក្នុង​ទំហំ​ផ្ទៃដី ១៤​ហិកតា​ហើយ​ត្រូវ​អនុវត្តន៍​ឡើង ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕S/