​ក្រុមនិស្សិត​អាស៊ី​មកពី​បណ្តា​ប្រទេស​ចំនួន​១០​រួមគ្នា​ដាំ​កូនឈើ​នៅ​តំបន់​អង្គរវត្ត

414
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រុមនិស្សិត​អាស៊ី​មកពី​បណ្តា​ប្រទេស​ចំនួន​១០​បានរួម​គ្នាដាំកូនឈើនៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តីក្រោមការសម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។​ដើម្បី​ទុកជា​សួន​អនុស្សាវរីយ៍​នាឱកាស​ពួកគេ​ចូលរួម​ក្នុង​វេទិកា​បរិស្ថាន​និស្សិត​អាស៊ី​លើក ទី​៥ នៅ​ខេត្តសៀមរាប​។​

ប្រាប់​រស្មី​កម្ពុជា​នាឱកាស​ជួប​និស្សិត​អាស៊ី​ទាំង​១០​ប្រទេស​ដើម្បី​រួមគ្នា​ដាំ​កូនឈើ​នា​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៩​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា​ក្រុមនិស្សិត​ទាំង​១០​ប្រទេស​។​ក្នុងនោះ​រួមមាន​ទាំង​និស្សិត​កម្ពុជា​ផង​ដែល​បាននាំគ្នា​ដាំ​កូនឈើ​ជាង​៥០០​ដើម​នៅ​ផ្នែក​ខាងត្បូង​ប្រាសាទបន្ទាយក្តី​នេះ​ភាគច្រើន​ជាដើម ឈើទាល​និង​ដើម​គ្រញូង​។​

​លោក​បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​ដាំ​ដើមឈើ​នៅក្នុង​តំបន់​អង្គរ​នេះ​នឹង​ជួយ​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​និង​មិត្តភាព​រវាង​បណ្តា​ប្រទេស​អាស៊ី​ក៏ដូចជា​បាន​ជួយផ្តល់​ភាព​បៃតង​ដល់​ភពផែនដី​ថែមទៀត​។​ការដាំ​កូនឈើ​ក្នុង​តំបន់​នេះដែរ​ជាការ​បំពេញ​ចន្លោះប្រហោង​កន្លែង​ដែល​ទទួលរង​ការកាប់​ទន្ទ្រាន​កន្លងទៅ​។​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​ធនធានធម្មជាតិ​ជាទី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​

​លោក​បាន​បញ្ជាក់ថា​ជា​រៀងរាល់ឆ្នាំ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​រាប់ម៉ឺន​ដើម​បន្ថែម​និង​ថែរក្សា​ព្យាបាល​ដើមឈើ​ធំៗ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ជាប្រចាំ​។​ក្រៅពីនេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ចែកចាយ​កូនឈើ​រាប់ម៉ឺន​ដើម​ទៅ​ស្ថាប័នរដ្ឋ​និង​ស្ថាប័នឯកជន​នានា​ជា​រៀងរាល់ឆ្នាំ​ដើម្បី​រួមចំណែក​ក្នុង​កិច្ចការពារបរិស្ថាន​។​

​គួរ​បញ្ជាក់ថា​កម្មវិធី​វេទិកា​បរិស្ថាន​និស្សិត​អាស៊ី​នេះ​បានរៀបចំ​ឡើង​ដោយ​មូលនិធិ​បរិស្ថាន​AEON​ដែល​ចាប់ផ្ដើម ដំបូង នៅ ឆ្នាំ ២០១២​ផ្ដោតលើ​ការអប់រំ​ផ្នែក​បរិស្ថាន​និង​អភិរក្ស​បរិស្ថាន​។​និស្សិត​ទាំង​១០ ប្រទេស​ដែល​បានមក​ចូលរួម​ក្នុង​វេទិការ​បរិស្ថាន​អាស៊ី​(ASEP)​នៅ​កម្ពុជា​នេះ​រួមមាន​៖​កូរ៉េខាងត្បូង​,​ចិន​,​ជប៉ុន​,​ឥណ្ឌូនេស៊ី​,​ម៉ាឡេស៊ី​,​កម្ពុជា​,​វៀតណាម​,​ថៃ​,​ភី​លី​ពី​ន​,​និង​មី​យ៉ាន់​ម៉ា​,៕S/

​ក្រុមនិស្សិត​អាស៊ី​មកពី​បណ្តា​ប្រទេស​ចំនួន​១០​រួមគ្នា​ដាំ​កូនឈើ​នៅ​បរិវេណ​ខាងត្បូង​ប្រាសាទបន្ទាយក្តី​កាលពី​ព្រឹក​ថ្ងៃទី ៤​ខែ សីហា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​