​ក្រុមប្រឹក្សាធម្មនុញ្ញ អនុម័ត​ទាំងស្រុង​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​

1546
ចែករម្លែក

ដោយ : វិបុល / ភ្នំពេញ​ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៦ មិថុនានេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័ត​ទាំងស្រុង​ហើយ​ទៅលើ​សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​កិច្ចប្រជុំពេញអង្គ របស់ខ្លួន​នា​ព្រឹក​នេះ ក្រោម​អធិបតីភាព​លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បាន​គូសបញ្ជាក់ដែរថា បន្ទាប់ពី​ប្រជុំ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ បាន​មើលឃើញថា ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រឹមត្រូវ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ត្រូវបាន​ដឹកនាំ​រៀបចំតាក់តែង​នៅ​ដើមឆ្នាំ​២០១៦ ដោយ​ក្រុមការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង និង​បាន​ឆ្លងកាត់​កិច្ចប្រជុំ​ពិភាក្សា​កម្រិត​ប​ច្ចេកទេស​របស់​ក្រសួង​ចំនួន​០៧​លើក​។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​ដាក់ជូន​កិច្ចប្រជុំ​ត្រីភាគី​ពិភាក្សា​ចំនួន​០៣​លើក ដើម្បី​ធានា​ការចូលរួម​ពិគ្រោះ​យោបល់​ពី​ដៃគូ​ពាក់ព័ន្ធ និង​បានដាក់​ឆ្លង​ឲ្យ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចំនួន​០៣​លើក​។​

​សេចក្តីព្រាងច្បាប់​នេះ ក៏​ត្រូវបាន​ដាក់ជូន​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ និង​ពិភាក្សា​ចំនួន​០២​លើក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០២ និង​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​។ ដោយឡែក ក្រុមការងារ​ផ្នែក​ច្បាប់​របស់​ក្រសួង​បាន​ពិភាក្សា និង​ទទួលបាន​ការឯកភាព​ពី​ក្រសួងយុត្តិធម៌​លើ​ខ្លឹមសារ នៃ​ជំពូក​ទី​៥ ស្តីពី​វិធានការ​រដ្ឋបាល និង​ទោស​ប្បញ្ញត្តិ​ ៕