​ក្រុមមន្ត្រី ប្រកាស​ឱ្យ​ត្រៀម​ពូជ ជូន​កសិករ ធ្វើ​ស្រូវ ស្តារឡើងវិញ​

1070
ចែករម្លែក

ដោយ​៖ ប​.​ជ័យ /
​បន្ទាយមានជ័យ​៖ មន្ត្រី​នៃ​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​កសិកម្ម បានប្រកាស​ឱ្យ​ត្រៀម​ពូជ ជូន​កសិករ ធ្វើ​ស្រូវ​ស្តារឡើងវិញ ក្រោយពី​ស្រូវប្រាំង​ដើមរដូវ​វស្សា ឬ​ស្រូវ​ដើមរដូវ​វស្សា ជាង ២.៥០០ ហិកតា នៅ ៤ ឃុំ នៃ​ស្រុក​មង្គល​បូរី រង​ផលប៉ះពាល់ និង​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង​នោះ​។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ស្ថានភាព ជំនន់​ទឹកភ្លៀង ធារទឹក​ស្ទឹង​មង្គល​បូរី សំណង់​ទ្វារ​ទឹក​ពោធិ ២ ដើម និង​ផលប៉ះពាល់​ពី​ជំនន់ លើ​ស្រូវប្រាំង​ដើមរដូវ​វស្សា ជាង ២.៥០០ ហិកតា របស់
​កសិករ នៅ​ឃុំ​ចំណោម រហាត់ទឹក បត់​ត្រង់ និង ឃុំ​គយ​ម៉ែង នៃ​ស្រុក​មង្គល​បូរី នា​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ ។

​លោក​បាន​ថ្លែងថា ចំពោះមុខ​នេះ ១-​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ នៃ​រដ្ឋបាលខេត្ត មន្ទីរ​ធនធានទឹក សហគមន៍​ប្រើប្រាស​ទឹក​នៃ​ទ្វារ​ទឹក បើក​បន្ធូរ​ទឹក ឱ្យ​ស្រក​ចុះ​លឿន ។ ២- រដ្ឋបាលខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត ត្រៀម​ផ្តល់​ពូជស្រូវ ដល់​កសិករ​រងគ្រោះ ដើម្បីឱ្យ​ពួកគាត់ បានធ្វើ​ស្រែ ស្តារឡើងវិញ​។ ៣- អនុញ្ញាតឱ្យគ្រឿងចក្រ បន្ត​ជួសជុល សម្រួល​ខ្នង​ប្រឡាយ ក្នុង​ឃុំ​ចំណោម​។ ៤- មន្ត្រី​ក្រុមការងារ បន្ត​សកម្ម​ចុះ​ក្តាប់​សុខទុក្ខ សំណូមពរ និង​ដោះស្រាយ ជូន​កសិករ ។​ល​។

​លោក សួន បវរ បាន​ជំរុញ​ឱ្យ​គណ​:​ក​ម្មា​ធិ​ការ គ្រប់គ្រង​គ្រោះមហន្តរាយ នៃ​រដ្ឋបាលខេត្ត និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ផ្តល់ជំនួយ សម្រាប់​ទិញ​ពូជស្រូវ ទៅ​ប្រគល់ជូន​កសិករ ដែល​រងគ្រោះ ដើម្បី​ស្តារ​ការធ្វើ​ស្រែ​ឡើងវិញ ។ ហើយ​ចំពោះមុខ សូមអោយ​មន្ទីរ​ធនធាន​ទឹក សហគមន៍​គ្រប់គ្រង ទំនប់​ទ្វារ​ទឹក​ពោធិ​២​ដើម នៃ​ស្ទឹង​មង្គល​បូរី ក្នុង​ឃុំ​រហាត់ទឹក ក៏​ដូច​ប្រព័ន្ធ​ធា​រារ​ស្ត្រ​សំណង់​ព្រែក ឃុំ​ចំណោម ត្រូវ​បើកទ្វារ​បន្ធូរ​ទឹក​សិន ដើម្បីឱ្យ​បងប្អូន​កសិករ មានឱកាសធ្វើស្រែ​ស្តារឡើងវិញ ​ទាន់ពេល​។​

​លោក វ៉ាត វីរ​: អភិបាលរង​ស្រុក​មង្គល​បូរី បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​៩ ឧសភា​ថា​: ចុងខែ​មេសា ឆ្នាំ​២០១៨ មកទល់ពេលនេះ ជំនន់​ទឹកភ្លៀង បង្ក​ផលប៉ះពាល់ និង​លិច​ខូចខាត​ស្រូវពង្រោះ ដើមរដូវ (​ស្រូវស្រាល​ប្រាំង ដើមរដូវ​វស្សា​) ចំនួន ២.៥៣៤ ហិកតា នៅ ៤ ឃុំ បណ្តោយ​ខ្សែទឹក​កណ្តាល នៃ​ដងស្ទឹង​មង្គល​បូរី ក្នុងស្រុក​មង្គល​បូរី ។ ស្រូវ​រង​ផលប៉ះពាល់ និង​ខូចខាត នៅ​ឃុំ​ទាំង​៤ នោះ រួមមាន ឃុំ​រហាត់​ទឺ​ក ១.៣៥០ ហិកតា ឃុំ​ចំណោម ៣៥០ ហិកតា ឃុំ​បត់​ត្រង់ ៦៩០ ហិកតា និង​ឃុំ​គយ​ម៉ែង ១៧០ ហិកតា៕v

ស្រូវ​ដើមរដូវ រង​ផលប៉ះពាល់ ដោយ​ជំនន់
​ទឹកភ្លៀង ( រូប​:​ភ្នំ​ស្វាយ​)​
ស្រូវ​ដើមរដូវ រង​ផលប៉ះពាល់ ដោយ​ជំនន់
​ទឹកភ្លៀង ( រូប​:​ភ្នំ​ស្វាយ​)​

លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី ចុះ​ពិនិត្យ​ស្ថានភាព​ធារទឹក ស្ទឹង​មង្គល​បូរី (រូប​:​ភ្នំ​ស្វាយ​)​