​ក្រុមយុវជន​អាស៊ី​ទស្សនកិច្ច​ប្រាសាទ​អង្គ​វត្ត​និង​សាលារៀន​នៅ​ខេត្តសៀមរាប​

209
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​សៀមរាប​៖​ក្រុមនិស្សិត​មកពី​បណ្តា​ប្រទេស​អាស៊ី​ចំនួន​១០​បាន​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត​និង​បាន​ទស្សនកិច្ច​សាលារៀន​នៅ​ខេត្តសៀមរាប​ដើម្បី​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ជាមួយ​កូនសិស្ស​នៅ​សាលាបឋមសិក្សា​ដូន​ស្វា ដែល​ស្ថិតនៅ​ភូមិ​ដូន​ស្វា ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់ថា​និស្សិត​ទាំង​១០​ប្រទេស​នេះ​បាន​មកដល់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​វេទិការ​បរិស្ថាន​និស្សិត​អាស៊ី​(ASEP)​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៩​និស្សិត​ទាំង​១០ ប្រ ទេស នេះ​រួមមាន​មកពី​៖ កូរ៉េខាងត្បូង ចិន ជប៉ុន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា វៀតណាម ថៃ ភី​លី​ពី​ន និង មី​យ៉ាន់ ម៉ា​។​

​កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​ក្រុមនិស្សិត​មកពី​បណ្តា​ប្រទេស​អាស៊ី​១០​ប្រទេស​បាន​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត​ដើម្បី​សិក្សា​ស្វែងយល់​ពី​ប្រាសាទ​វត្ថុ​បុរាណ​និង​ក៏​ជា​កន្លែង​ដែល​ផ្តុំ​នូវ​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​ស្វែងយល់​ពី​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ​ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ដែលមាន​ឈ្មោះ​ល្បីល្បាញ​រន្ទឺ​សុះសាយ ទៅ​គ្រប់ទិសទី លើ​ពិភពលោក​។​

​ដោយឡែក​កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩​ក្រុមនិស្សិត​ទាំងនេះ​ក៏បាន​ទស្សនកិច្ច​សាលាបឋមសិក្សា​ដូន​ស្វា​ដែល​ស្ថិតនៅ​ភូមិ​ដូន​ស្វា​ឃុំ​សំរោង​យា​ស្រុក​ពួក​ខេត្តសៀមរាប​។​លោក​ភាវ​ភ័ព្វវាសនា​នាយក​សាលាបឋមសិក្សា​ដូន​ស្វា​បានបង្ហាញ​ការ​សាទរ​ចំពោះ​និស្សិត​ពី​បណ្តា​ប្រទេស​អាស៊ី​ដែល​បាន​ចូលមក​ទស្សនកិច្ច​ហើយ​។​ពិសេស​បាន​លេង​កម្សាន្ត​សប្បាយ​ជាមួយ​កូនសិស្ស​របស់​សាលា​លោក​។​

​លោក​បាន​ចាត់ទុកថា​នេះ​គឺជា​ទំនាក់ទំនង​យ៉ាង​ល្អ​រវាង​យុវជន​នៃ​បណ្តា​ប្រទេស​អាស៊ី​ជាមួយនឹង​ប្រទេស​កម្ពុ​ជាពិសេស​ការទំនាក់ទំនង​រវាង​សិស្ស​-​និស្សិត​ដែល​មិន​ត្រឹមតែ​ដក​ពិសោធន៍​លើ​វិស័យ​ការសិក្សា​ទេ ប៉ុន្តែ​នេះ​ក៏​ជាការ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ពលរដ្ឋ​លើ​សាកលលោក​ផងដែរ​។​

​គួរ​បញ្ជាក់ថា​ក្រុមនិស្សិត​មកពី​បណ្តា​ប្រទេស​អាស៊ី​ចំនួន​១០​នេះ​បាន​លេង​កម្សាន្ត​សប្បាយ​ជាមួយ​សិស្សសាលា​បឋមសិក្សា​ដូន​ស្វា​នេះ​មាន​ទាំង​ល្បែង​ប្រចាំ​ជាតិ​របស់​ពួកគេ​និង​ល្បែង​កម្សាន្ត​កម្ពុជា​។​ក្រៅពីនេះ​ក៏មាន​លេងល្បែង​កីឡា ការរាំរែក ផ្សេង​បង្ក​ឱ្យ​បរិយាកាស​សប្បាយរីករាយ​ក្រែ​លែង​។​

​សូមបញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​វេទិកា​បរិស្ថាន និស្សិត អាស៊ី នេះដែរ​បានរៀបចំ​ឡើង​ដោយ មូលនិធិ បរិស្ថាន AEON​ដែល ចាប់ ផ្ដើម ដំបូង នៅ ឆ្នាំ ២០១២ ផ្ដោត លើ ការ អប់រំ​ផ្នែក បរិស្ថាន និង អភិរក្ស​បរិស្ថាន​៕S/

​ក្រុមនិស្សិត​មកពី​បណ្តា​ប្រទេស​អាស៊ី​ចំនួន​១០​បាន​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត​និង​ចូលរួម​លេង​កម្សាន្ត​សប្បាយ​ជាមួយ​កូនសិស្ស​នៅ​សាលាបឋមសិក្សា​ដូន​ស្វា​ក្នុង​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​