​ក្រុមហ៊ុន​ចំនួន​ពីរ​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​បើក​ដំណើរការ​ក្លិប​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​

212
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ចំនួន​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​បើក​ដំណើរការ​ក្លិប​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ទាក់ទង​នឹង​បច្ចេកវិទ្យា​ពត៌មាន​វិទ្យា​និង​វិស័យ​វិទ្យាសាស្ត្រ​។​ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧​សីហា​២០១៩​នៅ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍​សាខា​ដូនពេញ រាជធានី​ភ្នំពេញ ដោយ​លោក ប៉ិច បូ​ឡែ​ន ប្រធាន​នាយក​ប្រតិ​ប​តិ្ត នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប និង​លោក ធុល រិ​ទី្ធ សហ​ស្ថាបនិក​ក្រុមហ៊ុន Koompi Co.,Ltd​។​

​លោក​ប៉ិច បូ​ឡែ​ន បាន​លើកឡើងថា កិច្ចព្រមព្រៀង​ថ្ងៃនេះ គឺ​ចង់​ឲ្យ​សិស្ស​រៀន​ពី​របៀប​ខូ​ឌី​ង ប្រូ​ក្រាម​មីង​និង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត​នៅក្នុង​មជ្ឈមណ្ឌល​។​នេះ​ជា​កម្មវិធី​បន្ថែម​ដែល​ទើប​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា ដែល​សិស្ស​អាចមក​រៀន​កម្មវិធី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ផ្សេងៗ​។​

​ចំណែក​លោក​ធុល​រិ​ទី្ធ​បានឱ្យដឹង​ដែរ​ថា​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​មាន​កុំព្យូទ័រ​នៅក្នុង​ដៃ​ព្រមទាំង​មានចំណេះដឹង​បន្ថែម​ពីអ្វី​ដែលមាន​នៅក្នុង​កុំព្យូទ័រ​ហើយ​ទស្សនៈវិស័យ​របស់លោក​គឺ​ចង់ឃើញ​សិស្សានុសិស្ស និង​យុវជន​ជំនាន់​ក្រោយ ក្លាយជា​អ្នកស្រាវជ្រាវ និង​វិស្វករ​វ័យក្មេង និង​ដោះស្រាយ​ពី​បញ្ហា​ថ្មីៗ ដែល​យើង​គ្រប់គ្នា​មិនអាច​មើលឃើញ នៅក្នុង​រយៈពេល​៣ ទៅ​៥​ឆ្នាំ​ខាងមុខ​។​

​ក្រុមហ៊ុន​ទាំងពីរ​មាន​ភាពជឿជាក់​លើ​ចំណាប់អារម្មណ៍​របស់​សិ​ស្ស​ផ្នែក​វិទ្យាសាស្ត្រ​ព្រោះថា​បច្ចុប្បន្ន​វិទ្យាសាស្ត្រ​នៅ​កម្ពុជា ត្រូវការ​ច្រើន ដែល​អាចជួយ​លើ​គ្រប់​វិស័យ​ទាំងអស់​។ ដូច្នេះ​យើង​ជឿជាក់ថា យ៉ាងយូរ​០២​ឆ្នាំ សិស្ស​ទាំងអស់​នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​នេះ​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​ចំនួន​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​បើក​ដំណើរការ​ក្លឹប​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​ទាក់ទង​នឹង​បច្ចេកវិទ្យា​(​រូប​៖​សុផល​)

#