​ក្រុមហ៊ុន​ថូ​ម៉ាក់​បាត់​សិទ្ធិ​ដេញថ្លៃ​ភាស៊ី​និង​ការអភិវឌ្ឍន៍​បន្ត​ផ្សារ​ចម្ការ​គ​ក្រុង​សិរីសោភ័ណ​

97
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ក្រុមហ៊ុន​ថូ​ម៉ាក់​បាន​បាត់​សិទ្ធិ​ក្នុងការ​ចូលរួម​ដេញថ្លៃ​ភាស៊ី​និង​ការអភិវឌ្ឍន៍​បន្ត​ផ្សារ​ចម្ការ​គ​ភូមិ​២​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ព្រោះ​មិនបាន​បំពេញ​កត​ព្វ​កិច្ច​ជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយក៏​មិនអាច​សើរើ​ឬ​ទាមទារ​អ្វី​កើត​ឡើយ​។​

​ការបញ្ជាក់​បែបនេះ​រប​ស់​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​កើតឡើង​ក្រោយ​លោក​ថូ​ម៉ាក់​កូនស្រី​និង​អ្នកពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន​ថូ​ម៉ាក់​បាន​និយាយ​ជាមួយ​បណ្តាញ​ព័ត៌មាន​មួយ​។​មន្ទីរ​និង​រដ្ឋបាល​បាន​បញ្ជាក់ថា​ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ការ​កាត់​ដី​ផ្សារ​ចម្ការ​គ​ផ្នែក​ខាងក្រោយ​លក់​ឱ្យ​អាជីវករ​និង​ការសាងសង់​តូប​រាន​ស្តង់​ដើម្បី​ជួល​ក្នុង​ផ្សារ​ចម្ការ​គ​ក្រុង​សិរីសោភ័ណ​។

​ក្រសួង​បាន​ណែនាំ​តាម​លិខិត​លេខ​៧១៤០​សហវ​.​អទ​ច​ចុះ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៤​កន្លងមក ។​ដល់​ឆ្នាំ​២០១៩​ក្រុមហ៊ុន​ថូ​ម៉ាក់​មិនបាន​អនុវត្តតាម​ខ្លឹមសារ​ណែនាំ​របស់​ក្រសួង​នេះ​។​ក្នុងនោះ​ក្រុមហ៊ុន​ថូ​ម៉ាក់​មិនបាន​បង់ប្រាក់​ចំនួន​៨៣.២០០​ដុល្លារ​និង​ប្រាក់​ចំនួន​១៧៣.៤៤០.០០០​រៀល​ជូន​រដ្ឋ​នៅឡើយ​។​ទោះបីជា​មានការ​សម្របសម្រួល​ពី​ម​ន្ទិ​រ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ម​ន្ទិ​រពាក់​ព័ន្ធ​និង​រដ្ឋបាលខេត្ត​ក៏ដោយ​។​

​រដ្ឋបាលខេត្ត​បាន​ច្រានចោល​ការផ្សាយ​ព័ត៌មាន​ដែល​យោង​សម្ភាសន៍​លោក​ថូ​ម៉ា​ហើយ​ទាមទារ​ឱ្យទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ក្នុងករណី​ដែលថា​អតីត​អភិបាលក្រុង​សិរីសោភ័ណ​ដែល​បច្ចុប្បន្ន​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​មិនបាន​អនុវត្តតាម​សជណ​របស់​រាជរដ្ឋាភិបាល​នោះ ។​

​សូម​រំលឹកថា កាលពី​រសៀល​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​មានការ​ដាក់ឱ្យ​ដេញថ្លៃ​ភាស៊ី​ផ្សារ​ចំការ​ការ​គរ ទីតាំង​ភួ​មិ​២​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​សម្រាប់​ធ្វើ​អាជីវកម្ម​ឆ្នាំ​២០២០ ដែល​បើក​កញ្ចប់​ដំណើរ​តាម​និតិ​វិធី​លទ្ធកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

មន្ត្រី​គណៈកម្មការ​មកពី​ក្រសួង​និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​លទ្ធកម្ម​សាលាខេត្ត​បាន​បើក​កញ្ចប់​នៃ​កា​ដេញថ្លៃ​ចំនួន​៣​លើក ។ លើក​ទី​៣​ឬ​ការដេញថ្លៃ​លើក​ទីបញ្ចប់​មាន ៖ ១-​ឈ្មោះ​អ្នកដេញថ្លៃ អ្នកស្រី​អាន​ពេ​ជ សុធា​រ័ត្ន ហ៊ានថ្លៃ ១៩​លាន​៩​រយ​ពាន់​រៀល​គត់ ។​២- លោក ស្រេង រ៉ា ហ៊ានថ្លៃ ១៧០​លាន ៩​រយ​ពាន់​គត់ និង​៣- លោក​ខៀវ ដា​ណាន់ ហ៊ានថ្លៃ​៣៥​លាន​៥​រយ​ពាន់​រៀល​គត់​។​

​ជា​លទ្ធផល​ដេញថ្លៃ​ភាស៊ី​ទាំ​បី​លើក គណៈកម្មការ​សម្រេច​ប​ណ្ដោះ​អាសន្ន​ទៅឱ្យ​លើ​អតិថិជន ដែល​ហ៊ាន​ដេញថ្លៃ​ខ្ពស់​ជាងគេ​លោក​ស្រេង​រ៉ា​ដែលមាន​ទីលំនៅ​ភូមិ​៣​សង្កាត់​វាលវង់​ក្រុង​និង​ខេត្តកំពង់ចាម ហ៊ានថ្លៃ​ចំនួន​១៧០​លាន​៩​រយ​ពាន់​រៀល​គត់​។​

​កូនស្រី​របស់លោក​ថូ​ម៉ាក់​បាន​ប្រាប់​មន្ត្រីរដ្ឋបាល​ក្រុង​សិរីសោភ័ណ​និង​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត​កាលពី​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​ខណៈ​អមដំណើរ​ឪពុក​ទៅ​តវ៉ា​ជាថ្មី​នៅ​ផ្សា​រនា​ក្រុង​សិរីសោភ័ណ​ថា​ក្រុមហ៊ុន​ខ្លួន​បានដាក់​ពាក្យសុំ​ដេញ​ថ្លែ​ភាស៊ី​ផ្សារ​ចម្ការ​គ​សម្រាប់​ឆ្នាំ​២០២០​ដែរ​។​ប៉ុន្តែ​មន្ទីរ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​អនុញ្ញាត ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​របស់​ឪពុក​នាង​នៅ​ជំពាក់​កត​ព្វ​កិច្ច​រដ្ឋ ។​

ទាំង​លោក​ថូ​ម៉ាក់​ទាំង​កូនស្រី​ទាំង​អ្នកប្រចាំការ​ទារ​ភាស៊ី​បាន​ខឹងច្រឡោត​ហើយ​ចេញ​ធ្វើ​សកម្មភាព​តវ៉ា​រិះគន់​និង​សើរ​រើ​ក៏ដូចជា​បញ្ចេញ​បន្តបន្ទាប់​នូវ​ចោទ​អតីត​អភិបាលក្រុង​សិរីសោភ័ណ​(​បច្ចុប្បន្ន​អភិបាលខេត្ត​បន្ទាយមានជ័យ​)​ថា​មិនបាន​អនុវត្ត​សជណ​រដ្ឋាភិបាល​។​ការខឹង​នោះ​អ្នកតាមដាន​ថា​អាចមកពី​ទី​១៖​ថ្លោះ​សិទ្ធិ​ចូលរួម​ដេញ​ភាស៊ី​។​

​ទី​២៖​តវ៉ា​សុំ​មិន​បង់លុយ​២​កញ្ចប់​ដែល​ជំពាក់​កត​ព្វ​កិច្ច​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​(​មិន​សង​តែ​ក្រសួង​សេដ្ឋកិច្ច​មិន​ព្រម​)​។​ទី​៣៖​មិន​អស់​ចិត្តនឹង​ការច្រានចោល​ព័ត៌មាន​ដែល​លោក​ថូ​ម៉ាក់​ផ្តល់​។​លោក​ថូ​ម៉ាក់​និង​អ្នកពាក់ព័ន្ធ​ត្រូវបាន​គេ​ហួងហែង​ហើយ​លំអៀង​ទៅខាង​ខ្លួនឯង​ហើយ​មិន​ព្រម​ផ្តល់ព័ត៌មាន​ដល់​សារព័ត៌មាន​ផ្សេង​ឡើយ​៕S/

​រូបថត ៖ ក្រុមហ៊ុន​ថូ​ម៉ាក់​បាត់​សិទ្ធិ​ដេញថ្លៃ​ភា​សុ​ី​និង​ការអភិវឌ្ឍន៍​បន្ត​ផ្សារ​ចម្ការ​គ​ក្រុង​សិរីសោភ័ណ ព្រោះ​មិនបាន​បំពេញ​កត​ព្វ​កិច្ច​ជូន​ក្រសួង​ហិរញ្ញវត្ថុ (​រូប​៖ ភ្នំ​ស្វាយ )​