​ក្រុមហ៊ុន​វី​អេ​ហ្វ​ដ៏​ធំ​របស់​អាមេរិក​សន្យា​បង្កើន​ការបញ្ជាទិញ​សម្លៀកបំពាក់​កាន់តែច្រើន​ពី​កម្ពុជា​

1020
ចែករម្លែក
លោ​កម​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងជំនួប​ជាមួយ​លោក Bradford Van Voorhees អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ប្រភព​ទំនិញ​ជាស​កល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation )​របស់​សហរដ្ឋអាមេរិក​

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រុមហ៊ុន​វី​អេ​ហ្វ (VF) ជា​សារ​ជីវ​កម្ម​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ទិញ​ទំនិញ​ជុំវិញ​ពិភពលោក បានបង្ហាញ​ជំហរ​ថា នៅតែ​បន្ត​បញ្ជា​ទិញ​ទំនិញ​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា កាន់តែច្រើន​បន្ថែមទៀត​។​

​ការបញ្ជាក់​ពី​ការ​នៅតែ​សហការ​និង​ពិសេស​គាំទ្រ​ទំនិញ​ពី​កម្ពុជា​នេះ បានធ្វើ​ឡើង​ក្នុងជំនួប​រវាង​លោក Bradford Van Voorhees អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ទទួលបន្ទុក​ផ្នែក​ប្រភព​ទំនិញ​ជាស​កល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation) ជាមួយ​លោ​កម​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​កន្លងមក​។​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួប​នេះ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា​ក្នុង​កិច្ចពិភាក្សា​នេះ​ក្រុមហ៊ុន​ក្រុមហ៊ុន VF របស់​សហរដ្ឋអាមេរិក​បានធ្វើការ ស្វែងយល់​ពី​ការវិវឌ្ឍ​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព និង​បទដ្ឋាន​នានា​ក្នុង​ការធានា​នូវ​លក្ខខណ្ឌ​ការងារ ការការពារ សិទ្ធិសេរីភាព​កម្មករ ក៏ដូចជា​ការ​គាំពារ​ដល់​សុខុមាលភាព​កម្មករនិយោជិត​។

​លោក​បញ្ជាក់​បន្ថែមថា ភាគី​ខាង​ក្រុមហ៊ុន VF បាន​សម្តែង​នូវ​ការកោតសរសើរ និង​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត ជាពិសេស ការខិតខំ​បង្កឱ្យមាន​បរិយាកាស​យ៉ាង​ល្អ​នៅក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ការបន្ត​កែលំអរ​លក្ខខណ្ឌ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ និង​ការ ផ្តល់​កិច្ច​គាំពារ​ទាំង​សុខុមាលភាព សុខភាព និង​សុវត្ថិភាព ដែល​ទាំងនេះ​ស្រប​ទៅ​និង​គោលការណ៍​ស្នូល នៃ​សាជីវកម្ម​វី​អែ​ស (VF Corporation) ។

​លោក​បានបញ្ជាក់​បន្តថា ការជួបគ្នា​លើក​នេះ គឺ​ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនភាព​ភាគី​ពាក់ព័ន្ធ​នឹង​កង្វល់​មួយចំនួន​ដែល​បានលើកឡើង កាលពី​ខែតុលា ឆ្នាំ​២០១៧ កន្លងទៅ​។ មកដល់ពេលនេះ កង្វល់​ទាំងនោះ​ត្រូវបាន​ដោះស្រាយ ដែល​ធ្វើឱ្យ​គ្រប់ ភាគី​ពេញចិត្ត​នូវ​អ្វីដែល​យើង​បាន​ពិភាក្សាគ្នា​ពីលើ​ក​មុន​មក ដោយមាន​បរិយាកាស​ល្អ ជាពិសេស​ការបញ្ជាទិញ​នៅតែមាន ហើយ​សាជីវកម្ម VF នៅតែ​សន្យា​បន្ត​បង្កើន​នូវ​ការបញ្ជាទិញ​ឱ្យ​កាន់តែច្រើន​បន្តទៀត ព្រោះថា​អ្វីដែល​ក្រុមហ៊ុន VF ចង់បាន​គឺ​វា​ស្របទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ទៅលើ​កិច្ចការពារ​សិទ្ធិ និង​ការផ្តល់​សុខមាលភាព​បងប្អូន​កម្មករ ការផ្តល់​នូវ​ប្រាក់​ឈ្នួល​ល្អប្រសើរ ការគិតគូរ​ទៅដល់​កន្លែង​ស្នាក់នៅ ទឹកស្អាត អគ្គិសនី និង​ការអប់រំ​សិក្សា​ជាដើម រហូត​ទៅដល់​បញ្ហា​បរិស្ថាន​ទៀតផង​។​

​ទាក់ទិន​ទៅនឹង​វិស័យ​ការងារ​ដែរ​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា “​យើង​នឹង​ពិនិត្យ​រួមគ្នា​នូវ​គម្រោង​មួយចំនួនទៀត​ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សុវត្ថិភាព នៃ​ការធ្វើដំណើរ​របស់​កម្ម​ករ ការដោះស្រាយ​បញ្ហា​ដួលសន្លប់​ជាដើម ដូច្នេះ​វា​ជា​ព័ត៌មាន​ដ៏​ល្អ​មួយ​សម្រាប់​សាជីវកម្ម VF ក្នុង​ការធានា​ជាមួយ​ដៃគូ និង​អតិថិជន​របស់ខ្លួន​ថា កម្ពុជា​នៅតែ​ជា​ជម្រើស​ប្រភព​ទំនិញ និង​នៅតែ​ជា​ដៃគូរ​យូរអង្វែង​បន្តទៀត ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ចង់​បានការ​ធានាថា តម្លៃ​នៃ​គោលការណ៍​ស្នូល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​របស់ខ្លួន​ដោយ​ផ្អែកលើ​ការគោរព​សិទ្ធិសេរីភាព សុខុមាលភាព និង​កិច្ច​គាំពារ​ដល់ក​ម្មករ​និយោជិត​”​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ឱ្យដឹងថា អ្វីដែល​ធ្វើ VF កាន់តែ​ពេញចិត្ត នឹង​សន្យា​យក​កម្ពុជា​ជា​ដៃគូរ​បន្តទៀត គឺថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ​ផ្សារភ្ជាប់​ទៅនឹង​ពាណិជ្ជកម្ម ទៅនឹង​ការអនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ​ល្អ បង្កើតឱ្យមាន​នូវ​ប្រភព​ទំនិញ​មួយ​ដែលជា​ទំនិញ​ស្អាតស្អំ គ្មាន​ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម សិទ្ធិសេរីភាព​របស់​ក​ម្មករ ការអនុវត្ត​សិ​ទិ្ធ​សេរីភាព​អង្គការ​វិជ្ជាជីវៈ សេរីភាព​សហជីព​។ ទន្ទឹមនឹងនេះ ការធានាបាន​នូវ​តម្លាភាព និង​ភាពជឿជាក់ ដោយសារតែ​កម្ពុ​ជាមាន​គម្រោង​ដៃគូរ​ល្អៗ​មួយចំនួន ដូចជា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើ​នៅ​កម្ពុជា (ILO-BFC) គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ –SLSG) របស់​អាឡឺម៉ង់​និង​គម្រោង​គំនិត​ផ្តួចផ្តើម​សកល​កិច្ចព្រមព្រៀង​ជាស​កល (GLOBAL DEAL Initiative) របស់​ស៊ុយ​អ៊ែត ជាដើម​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន VF ជា​សារ​ជីវ​កម្ម​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក ដែល​បាន​ទិញ​ទំនិញ​ជុំវិញ​ពិភពលោក​ចន្លោះ ពី​១២​ពាន់​លាន ទៅ​២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដ​ហើយ​កម្ពុជា​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​របស់​ក្រុមហ៊ុន​នេះ ដែលមាន​២៨ រោងចក្រ​ជា​អ្នកផ្គត់ផ្គង់​ទំនិញ​វាយ​ន​ភណ្ឌ​និង​ស្បែកជើង ដែល​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​ខ្មែរ​ប្រមាណ ៥៥,០០០​នាក់ មាន​ទំហំ​នៃ​តំលៃ​នាំចេញ​ប្រមាណ​ពី ៣៥០​លាន ទៅ​៤០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕L