​ក្រុមហ៊ុន​២​អំពាវនាវ​មហាជន​ចូលរួម​ជួយសង្គ្រោះ​គ្រូបង្វឹក​ឆ្កែ​ដែល​ល្បី​ពេញ​ពិភពលោក​

872
ចែករម្លែក

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​ក្រុមហ៊ុន​ធំ​ចំនួន​ពីរ​សប្បាយ​(Sabay)​និង​ធនាគារ​ព្រី​នស៍​បានរៀបចំ​ពិធី​ប្រកាស​អំពាវនាវ​មហាជន​ចូលរួម​ជួយសង្គ្រោះ​ជា​ថិ​វិកា​តាម​ការគួរ​ដល់​គ្រូបង្វឹក​ឆ្កែ​ដែល​ល្បី​ពេញ​ពិភពលោក​គឺ លោក​ហ៊ិ​ន​រតនា​ដែលជា​គ្រូបង្វឹក​ឆ្កែ​ហិត​គ្រឿងញៀន​និង​មីន​ដ៏​ពូកែ​ត្រូវ​រថយន្តបុក​ហើយ​កិន​រងរបួស​ធ្ងន់ធ្ងរ​។

​ជា​បងថ្លៃ​របស់លោក​ហ៊ិ​ន​រតនា​គឺ​លោក​ខ្លេ​ង​សុខ​ហ៍​បាន​រៀបរាប់​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​ឱ្យដឹងថា​ប្អូនប្រុស​របស់លោក​ជា​កូន​ខ្មែរ​ធំ​ដឹងក្ដី​នៅ​អាមេរិក​និង​ជា​គ្រូបង្វឹក​សុនខ​ដ៏​ល្បី​របស់​កម្ពុជា​។ មានឈ្មោះ​បោះ​សំឡេង​កម្រិត​អន្តរជាតិ​។ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៨ លោក​រងគ្រោះ​ដោយ​រថយន្តបុក​និង​កិន​ជាហេតុ​នាំ​ឲ្យ​រងរបួស​ធ្ងន់​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុងប្រទេស​ថៃ​។

​គិត​ទាំង​ថ្លៃ​ព្យាបាល​នៅក្នុង​ស្រុក​ការដឹកជញ្ជូន​ទៅកាន់​ប្រទេស​ថៃ​និង​ថ្លៃ​ព្យាបាល​អស់​ប្រមាណ​ជា​ពី​៨​ទៅ​១០​ម៉ឺន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី​១៧​កញ្ញា​២០១៨​ហើយ​កំពុង​បន្ត​ស្នាក់នៅ​និង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ ដែល​ខ្ទង់ចំណាយ​ត្រូវ​ទ្រទ្រង់​បន្តបន្ទាប់​ទៀត​។

​លោក​ជី​សិលា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Sabay​បាន​ថ្លែងថា​ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​លើ​ថ្លៃ​ព្យាបាល ក្រុមហ៊ុន Sabay នឹងធ្វើ​យុទ្ធនាការ​មួយ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ក្រុមគ្រួសារ លោក ហ៊ិ​ន រតនា សម្រាប់​ការចំណាយ​ដ៏​សន្ធឹកសន្ធាប់ លើ​ការព្យាបាល​។

យុទ្ធនាការ​ដើម្បី​អង្គាសប្រាក់​ខាងលើនេះ (​ស៊ូ​ស៊ូ​susu) គឺ​អាស្រ័យ​លើ​មហាជន​ជាធំ​។ ត្រង់ចំណុច​នេះ តួលេខ​នៃ​យុទ្ធនាការ​គឺ ចង់​ឲ្យ​ខាង​មហាជន​ជួយ​វិភាគទាន​ឲ្យ​បាន ប្រាំ​ពាន់​ដុល្លារ ហើយ​សល់ ១​ម៉ឺន​ដុល្លារ ទៀត ជា​បន្ទុក​របស់​ក្រុមហ៊ុន Sabay និង​ធនាគារ ព្រី​នស៍​។

ឧទាហរណ៍​ថា បើសិនជា អ្នកចូលរួម​វិភាគទាន ១​ដុល្លារ នោះ​ក្រុមហ៊ុន Sabay ក៏​ចូល ១​ដុល្លារ​។​ខាង ធនាគារ ព្រី​នស៍ ក៏​បរិច្ចាគ ១​ដុល្លារ ដូចគ្នា​។ ដូច្នេះ ក្រុមគ្រួសារ​ជនរងគ្រោះ (​ហ៊ិ​ន រតនា​) ទទួលបាន ៣​ដុល្លារ​។​

​លោក ប៊ិន ដេ​វិ​ន បាន​បញ្ជាក់ថា យុទ្ធនាការ​មួយ​នឹងត្រូវ​រៀបចំឡើង​ដើម្បី​ប្រមូល​ថវិកា មួយ​ម៉ឺន ប្រាំ​ពាន់​ដុល្លារ​សម្រាប់​ជួយសង្គ្រោះ​គ្រូបង្ហាត់​សុនខ​របស់​កម្ពុជា​ដ៏​ល្បី​លំដាប់​ពិភពលោក គឺ​លោក ហ៊ិ​ន រតនា​។​លោក​រងគ្រោះថ្នាក់​ចរាច​រណ៍​កាលពី​ចុងខែ​សីហា កន្លងទៅ ហើយ​បច្ចុប្បន្ននេះ មនុស្ស​ដ៏​មាន​ទេពកោសល្យ​រូបនេះ កំពុងតែ​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នៅឡើយ​។

អាស្រ័យ​ដោយ​ការខ្វះខាត​លើ​ការចំណាយ​ដ៏​ច្រើន​ក្នុងការ​ព្យាបាល​ដែល​បញ្ជាក់​ពី​សំណាក់​ក្រុមគ្រួសារ​ជនរងគ្រោះ ទើប​ក្រុមហ៊ុន Sabay ផ្ដួចផ្ដើម​គម្រោង​មនុស្សធម៌​នេះ​ឡើង ដោយមាន​ការចូលរួម​បរិច្ចាគ ដោយ​ធនាគារ ព្រី​នស៍​។

​យុទ្ធនាការ​នេះ​ចាប់ផ្ដើម​ទទួល​ការរួមចំណែក​របស់​ម​ហា​ជន​តាមរយៈ​គណនី​វី​ង​លេខ​០០៥៤៣៦០១​ដែលជា​គណនី​របស់លោក​ហ៊ី​ន​រតនា​ដោយផ្ទាល់​។​ក្រុមការងារ​យើង​នឹង​ព្យាយាម​ប្រកាសប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​យើង​ទទួលបាន​ពី​មហាជន​ក្នុង​សកម្មភាព​មនុស្សធម៌​មួយ​នេះ​។ ការលះបង់ ឬ​រួមចំណែក​របស់​អ្នក​ទោះ​តិចក្ដី ច្រើនក្ដី គឺជា​ចំណែក​ដ៏​កក់ក្ដៅ ក្នុង​ការជួយ​ជីវិត​របស់លោក ហ៊ិ​ន រតនា​៕S/​

​ក្រុមហ៊ុន​២​អំពាវនាវ​មហាជន​ចូលរួម​ជួយសង្គ្រោះ​គ្រូបង្វឹក​ឆ្កែ​ដែល​ល្បី​ពេញ​ពិភពលោក​

#