​ក្រុមហ៊ុន​”​អ៊ី​ដ​ត​ខូ​”​ផ្តួចផ្តើម​កម្មវិធី​ឆ្ពោះទៅរក​ពិភព​ពណ៌​បៃតង​នៅ​កម្ពុជា​

806
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​ក្រោម​កម្មវិធី​ឆ្ពោះទៅរក​ពិភព​ពណ៌​បៃតង ដែលជា​កម្មវិធី​សង្គម​របស់ខ្លួន​នៅ​កម្ពុជា ធ្វើឡើង​នៅ​ខេត្តកំពង់ស្ពឺ​។​

​គោលដៅ​សំខាន់​របស់​កម្មវិធី​នេះ​គឺ​ការដាំ​កូនឈើ​ចំនួន​៥០០​ដើម​ដោយមាន​ការចូលរួម​ដ៏​សកម្ម​ពី​សហគមន៍​និង​ជួយ​បង្កើន​ដល់​ការយល់ដឹង​ឱ្យ​កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការដាំ​ដើមឈើ​ឡើងវិញ​។​ស្របពេល​ជាមួយគ្នានេះ​ផងដែរ​គឺ​ដើម្បី​បង្កើតឱ្យមាន​បរិយាកាស​ល្អ​ក្នុង​សហគមន៍​និង​បង្កើន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។

មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏បាន​ចែកជូន​សម្ភារៈប្រើប្រាស់​ចាំបាច់​ខ្លះៗ​ដល់​ក្រុមគ្រួសារ​ចំនួន ៥០ គ្រួសារ​ដែល​រស់នៅក្នុង​សហគមន៍​ថែម​ទៀតផង​។​កម្មវិធី​ឆ្ពោះទៅរក​ពិភព​ពណ៌​បៃតង​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នៃ​និរន្ត​ភាព​របស់​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​ដែល​បែង​ចែកជា​ពីរ​មូល​ដ្នា​ន​គឺ​ការពង្រឹង​សហគមន៍​និង​ទំនួល​ខុសត្រូវ​ផ្នែក​បរិស្ថាន​។​

​ទាំងនេះ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​គោលដៅ​អភិវឌ្ឍ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ​២០៣០(SDGs)​និង​មូល​ដ្នា​ន​ទាំងពីរ​នេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ជោគជ័យ​នៅក្នុង​កម្មវិធី​បរិស្ថាន​ដទៃទៀត​នៅ​ប្រទេស​បង់​ក្លា​ដេ​ស និង​ម៉ាឡេស៊ី ដែល​ឥឡូវនេះ​ដល់​វេន​ប្រទេស​កម្ពុជា​ហើយ​។​

​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ បាន​ជឿជាក់ថា នា​ថ្ងៃ​អនាគត​នឹងមាន​និរន្តរភាព​ដែល​គ្របដណ្តប់​ទៅដោយ​បរិស្ថាន ដែល​ធ្វើឱ្យមាន​សុខភាព​ល្អ ក៏ដូចជា​មាន​ធនធាន​ប្រកបទៅដោយ​សក្តានុពល​នៅក្នុង​សហគមន៍​។ ការដាំ​ដើមឈើ​នេះ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មាន​អត្ថន័យ​ដើម្បី​បង្កើន​គុណភាព​នៃ​បរិស្ថាន ក៏ដូចជា​ការរស់នៅរ​បស់​ប្រជាជន​ក្នុង​សហគមន៍​នៅក្នុង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

​លោក Phillip Wong នាយក​ប្រចាំ​តំបន់​ផ្នែក​ពង្រីក​ទីផ្សារ​នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប បាន​ថ្លែងថា “​ថ្ងៃនេះ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​រំភើប​មែនទែន​ដែល​បាន​ចូលរួម​ជាមួយនឹង​សហការី​ទាំងអស់​របស់​យើង​ក្នុង​កម្មវិធី ឆ្ពោះទៅរក​ពិភព​ពណ៌​បៃតង​។​ដោយ​យើង​បាន​យក​កូនឈើ​ល្អៗ​ចំនួន ៥០០​ដើម មក​ដាំ​នៅ​កោះ​ដូន​ទី ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

​កម្មវិធី​នេះ ត្រូវបាន​រៀបចំឡើង និង​សហការ​ដោយ​ប្រធាន​សហគមន៍​និង​អ្នកភូមិ​ដែល​រស់នៅក្នុង​តំបន់ ដោយ​គោលបំណង​នៃ​កម្មវិធី​នេះ​គឺជា​ការចូលរួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដែល​បាន​នឹង​កំពុង​ព្យាយាម​ការពារ​បរិស្ថាន​ដើម្បី​ទប់ស្កាត់​ភាព​ធន់​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​ផ្សេងៗ ក៏ដូចជា​រួមគ្នា​ក្នុងការ​បង្កើត​បរិស្ថាន​មួយ​ដ៏​ស្រស់ស្អាត និង​ភ្លឺ​ថ្លា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​»​។​

​ក្នុង​កម្មវិធី​ក៏មាន​ការ​ថ្លែង​សុន្ទរកថា​ពី​លោក​PhillipWong​និង​លោក​អភិបាលស្រុកឱរ៉ាល់​បន្ទាប់មក​ក៏មាន​កម្មវិធី​ដាំ​កូនឈើ ដែល​ចូលរួម​ដោយ​បុគ្គលិក​របស់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ដៃគូ​ពាណិជ្ជកម្ម និស្សិត​ពី​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​និង​ប្រជាជន​នៅក្នុង​សហគមន៍​។​

ក្នុងការ​ស្ថាបនា​និង​បង្កើត​ទំនាក់ទំនង​ការតភ្ជាប់​ប្រកបដោយ​និរន្តរភាព​សម្រាប់​ពេលអនាគត​ក្រុមហ៊ុន​អ៊ី​ដ​ត​ខូ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់​សេវាកម្ម​និង​ដំណោះស្រាយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​លំដាប់ថ្នាក់​ពិភពលោក ស្របតាម​សហគមន៍ និង​បរិស្ថាន​ដ៏​ទូលំទូលាយ​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា​ដាំ​កូនឈើ​ចំនួន​៥០០​ដើម​ក្នុង​គោលបំណង​បង្កើន​ការ យល់ដឹង​ឱ្យ​កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការដាំ​ដើមឈើ​ឡើងវិញ​