​ក្រុម​តារា​គុន​ខ្មែរ​ចំនួន​បួន​ដួង​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃទី​២៦​មិថុនា

1858
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​ក្រុម​តារា​គុន​ខ្មែរ​ដ៏​ល្បីល្បាញ​ចំនួន​បួន​ដួង​ដែល​បាន​ទៅ​ប្រកួត​មិត្តភាព​និង​ដណ្តើម​ខ្សែក្រវាត់​នៅ​ប្រទេស​បារាំង​នោះ​នឹង​វិល ត្រឡប់ មក​កម្ពុជា​នៃ​ទី​កំណើត​របស់​ពួកគេ​វិញ​ជាមួយ​ជ័យជម្នះ​ម្នាក់​មួយ​ប្រកួត នា​ម៉ោងជាង​បី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់ រស្មី​កម្ពុជា ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​។
​ ​
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានឱ្យដឹង​ទៀតថា លោក​កំពុងតែ​ចាត់ចែង​ឱ្យ​មន្ត្រី​សហព័ន្ធ​រៀបចំ​ទៅ​ទទួល​ក្រុម​កីឡាករ​កម្ពុជា​ដែល​ទៅ​ប្រកួត​នៅ ប្រទេស​បារាំង​ហើយ​ត្រូវ​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ក្នុងនោះ​មាន​កីឡាករ ឡៅ ចន្ទ្រា ប្រកួត​ឈ្នះ​ពិន្ទុ​ជនជាតិ​បារាំង​។ អ្នកលេង​កណ្តាប់ដៃ​ឆ្វេង ម៉ឺន សុភា វាយ​ឈ្នះ​ពិន្ទុ កីឡាករ​បារាំង​។ ម្ចាស់​មេដាយ​មេដាយមាស​ស៊ី​ហ្គេម​នាគ​ខ្មៅ ឃីម ឌី​ម៉ា ដណ្តើមបាន​ខ្សែក្រវាត់​មួយ ពី​ជនជាតិ​បារាំង​។ រីឯ​អ្នកលេង​រន្ទះ​ជើងឆ្វេង ផាន់ គ្រាន់ ក៍បាន​យក ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាករ​បារាំង​នោះដែរ​។ ដូច្នេះ​ពួកគេ​សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​ទាំងអស់​។
​ ​លោក​បន្តថា ក្រុមកីឡា​ប្រដាល់​កម្ពុជា​ទៅ​ប្រ​បារាំង​ម្តងនេះ គឺ​ទៅ​ប្រកួត​តែមួយ​ប្រកួត​នោះទេ ដែល​វា​ផ្ទុយ​ពី​កីឡាករ​ទៅ​វាយ​មុនៗយ៉ាងតិច ណាស់​ក៍​វាយ​ពីរ ដង​ដែរ​។ មូលហេតុ​ដែល​ពួកគេ​ឆាប់​វិល​ប្រ​ឡប់​មក​ប្រទេស​កម្ពុជា​វិញ​ត្រូវបាន​ប្រធាន​សហព័ន្ធ​បញ្ជាក់ថា​សហព័ន្ធ​គុន​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បារាំង​បាន​សុំ​កីឡាករ​កម្ពុជា ទាំង អស់​វាយ​តែ​ម្នាក់​មួយ​ប្រកួត​តែប៉ុណ្ណោះ​ហើយ​លោក​មិន​ចង់ឱ្យ​ពួកគេ​នៅ​ទីនោះ​ត្រាំ​ង​ត្រែង​យូរ​ថ្ងៃខែ ឡើយ​។ ពួកគេ​ក៍​ជាប់រវល់​កម្មវិធី​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើន​ប៉ុស្តិ៍ ទូរទស្សន៍​ដែរ​។ លោក​នឹង​អញ្ជើញ​ទៅ​ចូលរួម​ទទួល​ដំណើរ​ពួកគេ​នៅ ព្រលានយន្តហោះ​ពោធិចិនតុង តាម​កាលកំណត់​។​
​ ​
​លោក ហេង ប៊ុន​ឃីម ឪពុក​នាគ​ខ្មៅ ឃីម ឌី​ម៉ា ដែលជា​គ្រូបង្វឹក​ផង និង​លោក ហង្ស ស៊ឺន គ្រូបង្វឹក​អ្នក​ប្រដាល់ ឡៅ ចន្ទ្រា បាន​និយាយប្រាប់​រស្មី​កម្ពុជា​ដូចៗ​គ្នា​ថា ពួក គាត់​នឹង​ទៅ​ទទួល​កូនសិស្ស​នៅ​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅឯ​ព្រលានយន្តហោះ​ពោធិចិនតុង​នោះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា កីឡាករ ឡៅ ចន្ទ្រា និង​អ្នក​ប្រដាល់ ម៉ឺន សុភា ធ្លាប់​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​ម្តង​រួម​មកហើយ​។ នេះ​ជា​លើក​ទី​ពីរ​របស់​ពួកគេ ក៍​ប៉ុន្តែ​សម្រាប់​កីឡាករ ឃីម ឌី​ម៉ា និង​កីឡាករ ផាន់ គ្រាន់ គឺជា​លើកទីមួយ​សម្រាប់​ពួកគេ​ដែល​បាន​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​បារាំង​៕Tp