​ក្រុម​ប្រតិភូ​កីឡា​ស៊ី​ហ្គេម ចុងក្រោយ​របស់​កម្ពុជា បាន​ត្រឡប់មកវិញ​អស់ហើយ​

354
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ក្រុម​ប្រតិភូ​កីឡា​ស៊ី​ហ្គេម ចុងក្រោយ​របស់​កម្ពុជា បាន​ត្រឡប់​ពី​ការប្រកួត កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន មកដល់​អាកាសយានដ្ឋាន អន្ដរជាតិ​ភ្នំពេញ​ហើយ កាលពី​វេលា​ម៉ោង ១១​និង​៥៥​នាទី យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ នេះ ។​

​ប្រតិភូ​កីឡា ដែល​មក​លើកចុងក្រោយ​គេ​នេះ មាន​ចំនួន ១១៣ នាក់ ក្នុងនោះ​មាន​ប្រតិភូ​កីឡា ជឺ​ជី​តស៊ូ សូ​ហ្វ​តិ​ន្នី​ស ចំបាប់ ទូកក្ដោង ប្រណាំង​កង់ បាល់ទាត់ បាល់ទះ​ក្នុង​សាល បាល់បោះ អត្តពលកម្ម វាយ​កូនឃ្លី​លើ​តុ ឃិ​ក​បុក​ស៊ី​ង (Kick Boxing) អ៊ិន​ដ័​រ ហុក​ឃី (Indoor Hockey) ដែល​បាន​បាន​នាំមក​នូវ មេដាយមាស​១ ដោយ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ សូ​ហ្វ​តិ​ន្នី​ស​មេដាយ​សំរឹទ្ធិ​២ ឃិ​ក​បុក​ស៊ី​ង មេដាយ​សំរឹទ្ធិ​៣ និង​ចំបាប់ មេដាយ​សំរឹទ្ធិ​៥ មក​ជូន​ជាតិ​មាតុភូមិ គួរ​ជាទី​មោទនៈ​។​

​ជាមួយនឹង​ការមកដល់ របស់​ប្រតិភូ​កីឡា​កម្ពុជា​នេះ ត្រូវបាន​ការទទួល​ស្វាគមន៍ និង​លើកទឹកចិត្ត ពី​សំណាក់​ថ្នាក់ដឹកនាំ​កីឡា ជាន់ខ្ពស់​របស់​កម្ពុជា ដែល​រួមមាន លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ កីឡាបាល់ទាត់​កម្ពុជា ព្រមទាំង​អស់លោក អ្នក​មុខ អ្នកការ​ជាច្រើនរូប បាន​អញ្ជើញ​ទទួល​ស្វាគមន៍ ដំណើរ​និវត្តន៍​របស់​ប្រតិភូ​កីឡា នៅ​អាកាសយានដ្ឋាន អន្ដរជាតិ​ភ្នំពេញ ផ្ទាល់​តែម្តង ។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​នេះ កម្ពុជា រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ ៨ តែ​ចំនួន​មេដាយ បាន​កើនឡើង គឺ​កម្ពុជា រកបាន​មេដាយ ចំនួន ៤៦ គ្រឿង ដែល​ក្នុងនោះ មេដាយមាស ចំនួន ៤ គ្រឿង មេដាយប្រាក់ ៦ គ្រឿង និង មេដាយសំរិទ្ធ ចំនួន ៣៦​គ្រឿង ។ អ្វី​ដែលជា​មោទនភាព​នោះ គឺ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​របស់ខ្លួន ដោយបាន​ឡើងទៅ​ដល់ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ទោះបី​បាល់ទាត់ មិនបាន​ទទួល​មេដាយ ក៏ពិតមែន តែ​នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី របស់​បាល់ទាត់​កម្ពុជា ដែល​ពុំ​ធ្លាប់មាន ពីមុនមក ។​

​សូមបញ្ជាក់ថា កាលពី​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៨ ដែរ តែ​កាលនោះ កម្ពុជា ដណ្ដើម បាន​មេដាយ​តែត្រឹម ១៧ គ្រឿង​ប៉ុណ្ណោះ គឺ​មេដាយមាស ៣ គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ ១២ គ្រឿង​ប៉ុណ្ណោះ ។​

​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹង​នោះ​ថា ស៊ី​ហ្គេម​លើក​នេះ កម្ពុជា បាន​ចាត់ទុកថា ជា​ឆ្នាំ​យុទ្ធសាស្ត្រ ដើម្បី​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ។ បន្ទាប់ពី​ស៊ី​ហ្គេម​នេះ​ទៅ ទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា ទាំង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ពិនិត្យមើល ពី​សក្ដានុពល របស់​សហព័ន្ធ​ជាតិ​នានា តើ​សហព័ន្ធ​ណា នៅ​ទ្រឹង សហព័ន្ធ​ណា រកបាន​មេដាយ ហើយ​សហព័ន្ធ​ណា ធាក់​ថយ ៕​v