​ក្រៀ​ង ក្រៃ សាក​ជាមួយ ឌុ​ម កែវ​ដា​

249
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ អ្នក​ប្រដាល់​ថៃ ក្រៀ​ង ក្រៃ ដែល​ធ្លាប់​ស្ពាយ​ខ្សែក្រវាត់​មួយ ពី​ស្រុក​ខ្មែរ​ទៅ លើ​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម​នោះ តាំងពី​ទម្លាក់​ទម្ងន់​មក​វ៉ៃ​ទម្ងន់ ៦៣,៥០ គីឡូក្រាម គេ​ហាក់ដូចជា​ជួប​បរាជ័យ ញឹកញាប់​ណាស់ ។

ថ្មីៗ​នេះ គេ​ប្រកួត​ចាញ់ អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ ហើយ​នៅលើ​សង្វៀន Boostrong Fighter on Fire របស់​អាស៊ីអាគ្នេយ៍ នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា ខាងមុខនេះ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម​ទៀត ។​

ឌុ​ម កែវ​ដា និង ក្រៀ​ង ក្រៃ​

​ការប្រកួត​នេះ ក៏​មិនទាន់​ប្រាកដថា កែវ​ដា ឈ្នះ ឬ ក្រៀ​ង ក្រៃ ឈ្នះ​ដែរ ព្រោះ​អ្នកឈ្នះ​អ្នក​ប្រដាល់​ថៃ រូបនេះ ក៏​សុទ្ធតែ​វេទនា​ដូចគ្នា ។ កែវ​ដា មួយរយៈ​នេះ ក៏​ស្រុតចុះ​ខ្លាំង​ដែរ តែ​គេ​មាន​ផ្លែ​ល្អ ឯ ក្រៀ​ង ក្រៃ គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែលមាន​ជើង​រឹង​ដូច​ថ្ម ។ គេ​ធ្លាប់ធ្វើ​ឲ្យ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ខូច​ជើង នៅ​ទឹក​ទី​១ ហើយ​ស្ពាយ​ខ្សែក្រវាត់ និង​លុយ ៥.០០០ ដុល្លារ យកទៅ​ប្រទេស​ថៃ ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៩​ដង ឈ្នះ​៨៥​ដង ចាញ់​២១​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​ឌុ​ម កែវ​ដា វិញ មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៣​ដង ឈ្នះ​៩៣​ដង ចាញ់​១៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ នរណា ឈ្នះ​ក្នុង​ការប្រកួត​នេះ ?​។​

​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ជើង​ខ្លាំង​ស្រករ​ថ្មី ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ សេក គឹម​អាន ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​រហ័សរហួន​ដូចគ្នា តែមួយ​រយៈ​នេះ ដេវីដ បាន​ផ្ដួល​អ្នក​ប្រដាល់​ជើងចាស់ បាន​មិនតិច​នាក់​នោះទេ ។ ការប្រកួត​នេះ ប្រសិនបើ សេក គឹម​អាន ឈ្នះ​ដេវីដ​នោះ ក៏​វេទនា​ដែរ ។ គេ​ជឿថា អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​​ក្រោយនេះ មានឱកាស​ឈ្នះ ច្រើនជាង ។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ខាំ សូរិយា ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ជំនាន់​ថ្មី​ដែរនោះ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា​។ តាមពិត ថន ភឿ​ត ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប ក៏ពិតមែន តែ​គេ​ជា​អ្នក​ប្រដាល់ ដែល​ស្ទើរ​កំពស់ ហើយ​នៅពេល​ប្រកួត គូប្រកួត​របស់គេ សុទ្ធតែ​ខ្ពស់ជាង អីចឹង​ហើយ ទើប​គេ​មិនសូវ​ជួប​សំណាងល្អ នៅលើ​សង្វៀន​នោះ ។ ទោះជា​យ៉ាងណា ក៏​រាល់​ការប្រកួត ភាគច្រើន ថន ភឿ​ត តស៊ូ​រហូត​ចប់​ទឹក​ទី​៥ ជានិច្ច ។ ខាំ សូរិយា និង ថន ភឿ​ត នរណា​ឈ្នះ ?​។​

​អេ រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់ ពុទ្ធ ម៉ា​ណូយ របស់​ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ទំនងជា ម៉ា​ណូយ មានលទ្ធភាព​ដណ្ដើម​ជ័យជំនះ លើ​ចាន់​រាជ ច្រើនជាង​ហើយ ។​

​សារឿន ទិ​ត្យ ក្លិប​ទា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ ម៉ន រស្មី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ដែរ ៕v