​ក្រោយ​បង្កឱ្យមាន​មនុស្ស​ស្លាប់​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាលផ្លូវ​នៅ​ជិត​ស្ថុ​ប​ផ្សារ​ដី​ហុយ​នឹងត្រូវ​រុះរើ​ចេញ​

1167
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈរដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា​បង្គោល​ភ្លើង​ធំៗ​ដែល​នៅ​ចំ​កណ្តាលផ្លូវ​ហើយ​បាន​បង្ក​អោយ​បុរស​ម្នាក់​បុក​ស្លាប់​នៅត្រង់​ផ្លូវ​ណ័​រ​ប្រី​ដ៍​ក្នុង​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​ថ្មីៗ​មកនេះ​នឹងត្រូវ​រុះរើ​នៅ​ចន្លោះ​ពី​ចុងខែ​មេសា​ដល់​ខែមិថុនា​ឆ្នាំ​២០១៨​។​

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាលផ្លូវ​បង្ក​ឱ្យ​បុរស​ម្នាក់​ស្លាប់​និង​មានការ​គ្រោះថ្នាក់​កើតឡើង​មួយចំនួន​នៅត្រង់​ផ្លូវ​ណ័​រ​ប្រី​ដ៍​សង្កាត់​អូ​បែកក្អម​នោះ​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​នេះហើយ​ក៏បាន​សុំទោស​ប្រជាពលរដ្ឋ និង​សុំ​ការ​អធ្យាស្រ័យ ដែល​ក្រសួង ក៏ដូចជា​អាជ្ញាធរ នៅ​មិនទាន់បាន​ដក​បង្គោល​ភ្លើង​ទាំងនោះ ចេញពី​ផ្លូវ​នៅឡើយ​។​

សូមបញ្ជាក់ថា​បង្គោល​ភ្លើង​ដែល​បន្សល់ទុក​នៅ​ពាក់​កណ្តាលផ្លូវ​នេះ​គឺ​ក្រោយពី​រាជ​រដ្ឋា​បាល​កម្ពុជា​បាន​ពង្រីក​ផ្លូវត្រង់​តំបន់​ផ្លូវ​ទាំងនេះ​ទៅជា​ផ្លូវ​ក្រវាត់ក្រុង​ទី​២ ដែលមាន​ប្រវែង​១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី ត្រង់​ស្តុ​ប​ផ្សារ​ដី​ហុយ កាត់​តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ដ ផ្លូវ​៦០​ម៉ែត្រ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​២​រួចមក​។​ការសាងសង់​ផ្លូវ​នេះ​នឹង​ដែរ​បាន​ចំណាយ​ថវិកា​៦១​លាន​ដុល្លារ​ក្រោម​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ ផ្លូវ​នេះ​នឹងត្រូវ​បញ្ចា​ប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០១៩
​ ​
ទាក់ទិន​ទៅក្នុង​រឿងនេះ​ដែរ​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បានអោយដឹង​ក្នុង​ពី​ធី​បើកដាក់​អោយប្រើ​ប្រាស់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ជា​បណ្តោះអាសន្ន​នា​ព្រឹក​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​កន្លងមក​ថា​ចំពោះ​ការ​ថ្នាំងថ្នាក់​របស់​ពលរដ្ឋ​ជុំវិញ​បញ្ហា​បង្គោល​ភ្លើង​នេះ​គឺ​ខាង​ក្រសួង​សាធារណការ និង​អគ្គិសនី​កម្ពុជា បាន​ពិភាក្សាគ្នា​រួចហើយ ដោយ​សម្រេច​ថា នឹង​ដក​បង្គោល​ភ្លើង​ទាំងអស់នោះ​ចេញ ចាប់ពី​ចន្លោះ​ខែមេសា រហូតដល់​ខែមិថុនា ឆ្នាំ​២០១៨​។

ជុំវិញ​បញ្ហា​នេះដែរ​ឯកឧត្តម​បានធ្វើការ​ពន្យល់ថា​ក្នុងពេល​ដក​បង្គោល​ភ្លើង​ចាំបាច់ អគ្គិសនី​កម្ពុជា ត្រូវ​បង្កប់​ខ្សែភ្លើង​នៅក្រោម​ដី​ជាមុនសិន​ក្រោយពី​នោះ​ទើប​អាច​ដក​បង្គោល​ភ្លើង​ទាំងនោះ​ចេញ​បាន​បើ​ពុំ​នោះទេ​ពលរដ្ឋ​មួយចំនួន​ច្បាស់​ជា​គ្មាន​អគ្គិសនី​ប្រើ​ពុំខាន​។

ទាក់ទិន​ទៅនឹង​រឿងនេះ​ដែរ​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​បង្គោល​ភ្លើង​នេះ​នៅ​ចុងខែ​មេសា​ខាង​អគ្គិសនី​កម្ពុជា​ចាប់ផ្តើម​រុះរើ​ហើយ​។​សម្រាប់​ខ្សែភ្លើង​ទាំង​នេះដែរ​គឺជា​បណ្តាញ​ដ៏​សំខាន់​សម្រាប់​ប្រើប្រាស់​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បើ​ដាច់​ខ្សែភ្លើង​នេះដែរ​នៅ​រាជធានី​ភ្នំពេញ​ស្ទើរតែ​៧០​ទៅ​៨០​ហើយ​ដែល​គ្មាន​អគ្គិសនី​ប្រើប្រាស់​ឡើយ​៕S/

​ក្រោយ​បង្កឱ្យមាន​មនុស្ស​ស្លាប់​បង្គោល​ភ្លើង​នៅ​ចំ​កណ្តាលផ្លូវ​នៅ​ជិត​ស្ថុ​ប​ផ្សារ​ដី​ហុយ​នឹងត្រូវ​រុះរើ​ចេញ​