​ខាវ ចន្ទ​ឡា​៖ ការគាបសង្កត់​បង្កើត​ឲ្យ​មានការ​រើបម្រះ​

677
ចែករម្លែក

ដោយ ៖ លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង
​ភ្នំពេញៈ​
ខាវ ចន្ទ​ឡា មាន​អាយុ​១៨​ឆ្នាំ បាន​ធំធាត់​និង​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​អន្លង់វែង ដែលជា​វិទ្យាល័យ​ដំបូងបង្អស់​នៅក្នុង​តំបន់​កាន់កាប់​ចុងក្រោយ​នៃ​ចលនា​ខ្មែរក្រហម នៅក្នុង​ស្រុក​អន្លង់វែង​។ ចន្ទ​ឡា កើត​នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ឪពុក​ជា​ជនជាតិភាគតិច​ទំពួន និង​ម្តាយ​ជា​ជនជាតិ​ឡាវ​។ ចន្ទ​ឡា បាន​និយាយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ខ្លួន​មិនមាន​ទទួលរង ស្លាកស្នាម​អសោច ឬ​មាន​ភាព​ខ្មាស់អៀន ដោយសារតែ​ឪពុកម្តាយ​របស់ខ្លួន​ធ្លាប់​បម្រើ​ឲ្យ​របប​ខ្មែរក្រហម​ឡើយ ដែល​របប​នេះ​មានឈ្មោះ​ផ្លូវការ​ថា «​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ឡើយ​។​

​បច្ចុប្បន្ន ចន្ទ​ឡា ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​អន្លង់វែង ដែលជា​អតីត​សាលាបឋមសិក្សា​របស់ តា​ម៉ុក កាលពី​ឆ្នាំ​១៩៩៣ ហើយ​បាន​ប្រែក្លាយជា​វិទ្យាល័យ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០​។ ចន្ទ​ឡា គឺជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ចំនួន​១០៣​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​វេទិកា​ថ្នាក់រៀន​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​។ សិស្សានុសិស្ស​មកពី​វិទ្យាល័យ​អន្លង់វែង និង​វិទ្យាល័យ​ត្រពាំង​តាវ បាន​ចូលរួម​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ​។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ថ្នាក់ជាតិ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងការ​រៀបចំ​វេទិកា​ប្រភេទ​នេះ នៅតាម​បណ្តា​វិទ្យាល័យ​ដើម្បី​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ធិបតេយ្យ​។ ជា​រៀងរាល់ខែ សិស្សានុសិស្ស​រាប់រយ​នាក់​បាន​ចូលរួម​នៅក្នុង​វេទិកា​បែបនេះ​។ ទោះបីជា​យ៉ាងណាក្តី មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដែលជា​គម្រោង​មួយ​ផ្តួចផ្តើម​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​មោទកភាព​ក្នុងការ​ផ្តោតលើ​ជាពិសេស​លើ​វិទ្យាល័យ និង​អនុវិទ្យាល័យ​ក្នុងស្រុក​អន្លង់វែង​។​

​ចន្ទ​ឡា គឺជា​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ជាច្រើន​នាក់​ផ្សេងទៀត ដែលមាន​ឪពុកម្តាយ​បានគេច​ខ្លួន​ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ ជាមួយនឹង​ខ្មែរក្រហម នៅក្នុង​ឆ្នាំ​១៩៧៩ និង​រស់នៅ​ក្នុងស្រុក​អន្លង់វែង​។ ប្រជាជន​ខ្លះ​បាន​លើកឡើងថា ការតាំង​ទីលំនៅ​ក្នុងស្រុក​អន្លង់វែង​របស់ខ្លួន ត្រូវបាន​ធ្វើឡើង​ដោយសារតែ​សង្គ្រាម​ដែល​កើតមាន​ខណៈពេលដែល​ក​ង​ទ័ព​អាវុធ​វៀតណាម បាន​បណ្តេញ​ខ្មែរក្រហម​ចេញពី​អំណាច ហើយ​សង្គ្រាម​នេះ​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ​ស្នាក់អាស្រ័យ​នៅ​ស្រុកកំណើត​របស់ខ្លួន​ឡើយ​។ កត្តា​នេះ​ក៏បាន​កើតមាន​លើ​ឪពុកម្តាយ​របស់ ចន្ទ​ឡា ដែល​បាន​ចាក​ចេញពី​ខេត្តមណ្ឌលគិរី​ទៅកាន់​ជំរំ​ជនភៀសខ្លួន​នៅ​ប្រទេស​ថៃ​។ នេះ​ស​បញ្ជាក់ថា​ប្រជាជន​មួយចំនួន​ពុំមាន​ជម្រើស គឺ​ត្រូវ​ផ្លាស់​ទី និង​ចូលរួម​នៅក្នុង​ចលនា​ខ្មែរក្រហម ក្នុងនោះ​ប្រជាជន​ភាគច្រើន​ជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​។ ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ជាច្រើន​ដែល​នាំ​ឲ្យ​មានការ​គាំទ្រ​នេះ គឺថា​ប្រជាជន​ជាច្រើន​ត្រូវបាន​បំពាក់បំប៉ន​ឲ្យ​ប្រឆាំងនឹង​សត្រូវ​ប្រវត្តិសាស្ត្រ​រួម​គឺ​វៀតណាម និង​បន្ត​ភាព​ស្មោះស្ម័គ្រ​ចំពោះ​បុព្វ​ហេតុនេះ​រហូតដល់​ខ្មែរក្រហម​រំសាយ​នៅក្នុង​ឆ្នាំ​១៩៩៨​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៧៩ ខ្មែរក្រហម​ត្រូវបាន​ជឿជាក់ថា​បាន​បង្ក​ឲ្យ​ប្រជាជន​ប្រមាណ​ជាង​១.៧​លាន​នាក់ បាត់បង់​ជីវិត ដោយសារតែ​ការធ្វើការ​ហួសកម្លាំង ជំងឺ ការ​បង្អត់អាហារ និង​ការសម្លាប់​រង្គាល​។​

​ក្រៅពី​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​សមាជិកគ្រួសារ​របស់​ខ្លួន ចន្ទ​ឡា បាន​ចូលរួម​នៅក្នុង​វេទិកា​នេះ​ជា​លើកដំបូង ដែល​ផ្តល់ឱកាស​ឲ្យ​ខ្លួន​អាច​យល់ដឹង​ស៊ីជម្រៅ​ចំពោះ​ប្រធានបទ​ពិភាក្សា​នៅក្នុង​វេទិកា​ថ្នាក់រៀន​នេះ​។ ទន្ទឹមនឹង​នេះដែរ ចន្ទ​ឡា បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​កិច្ចពិភាក្សា​ផ្ទាល់​ជាមួយនឹង​មិត្ត​រួម​ថ្នាក់ និង​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​

​វេទិកា​ថ្នាក់រៀន​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ស្រុក​អន្លង់វែង ដែល​៨០​ភាគរយ​នៃ​ប្រជាជន​សរុប​ចំនួន​៦​ម៉ឺន​នាក់​គឺជា​អតីត​សមាជិក​ខ្មែរក្រហម​។ ជាក់ស្តែង មនោគមវិជ្ជា​កុម្មុយនីស្ត​ដែល​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​ក្នុង​តំបន់​នេះ​អស់​រយៈពេល​យ៉ាងយូរ​នៅតែ​បន្ត និង​មាន​ឥទ្ធិពល​លើ​បែបបទ​រស់នៅ​របស់​អ្នក​ទាំងនេះ ក៏ដូចជា​សហគមន៍រ​ហូត​មកទល់​បច្ចុប្បន្ន​។ ប្រជាជន​មូលដ្ឋាន​និយាយ​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​ទៅតាម​បែបផែន​របស់ខ្លួន​នៅក្នុង​ចលនា​នេះ​។ ជា​លទ្ធផល ការបង្រៀន​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅក្នុង​ស្រុក​អន្លង់វែង គឺជា​ការខិតខំ​ប្រឹងប្រែង​ថ្មី​សម្លាង​មួយ​។ នេះ​គឺជា​ឧបសគ្គ​មួយ​ដែរ ព្រោះថា​ឪពុកម្តាយ​របស់​សិស្សានុសិស្ស​ភាគច្រើន​បាន​បម្រើ​ចលនា​នេះ​រហូតដល់​ឆ្នាំ​១៩៩៨​។​

​ចន្ទ​ឡា ពុំបាន​ពើបប្រទះ​នឹង​បញ្ហា​ក្នុងការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​តាមរយៈ​វេទិកា​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ទេ ព្រោះថា​វេទិកា​នេះ​មាន​សារប្រយោជន៍​ណាស់​ក្នុង​ការផ្តល់​ចំណេះដឹង​ដល់​ខ្លួន​។ ចន្ទ​ឡា បាន​លើកឡើងថា ៖ «​វេទិកា​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​ខ្ញុំ​អាច​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​បាន​កាន់តែច្បាស់​»​។ ចន្ទ​ឡា បាន​ឲ្យ​ដឹងថា​ឪពុកម្តាយ​របស់ខ្លួន​បាន​ភៀសខ្លួន​ពី​ភូមិកំណើត​នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ស្ថិតនៅ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​បាន​បម្រើ​ដល់​ខ្មែរក្រហម​ដោយសារតែ​សង្គ្រាម​ជាមួយ​វៀតណាម​។ ឪពុកម្តាយ​របស់ ចន្ទ​ឡា បាន​រៀបរាប់​ប្រាប់​គេ​ថា គាត់​ចង់​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់ តា​ម៉ុក ព្រោះ​តា​ម៉ុក​មើលថែទាំ​អ្នកក្រោមបង្គាប់​បាន​យ៉ាង​ល្អ​។ តា​ម៉ុក បានផ្តល់​ឲ្យ​អ្នក​រាល់គ្នា​នូវ​តម្រូវការ​មូលដ្ឋាន ដូចជា​ស្បៀងអាហារ​ជាដើម​។​

​ពាក្យ​ថា «​ខ្មែរក្រហម​» បង្កប់​អត្ថន័យ​ដ៏​ខ្លាំងក្លា​មួយ​។ ពាក្យ​នេះ​អាច​ត្រូវបាន​ចាត់ទុកថា​ជា «​ការរើសអើង​និង​ការបែងចែក​» ដែល​រារាំង​ដល់​សន្តិភាព និង​ស្ថិរភាព​។ ចំពោះ ចន្ទ​ឡា និង​ឪពុកម្តាយ​របស់ខ្លួន ពាក្យ​នេះ​តំណាង​ឲ្យ​ចលនា​ទាំងមូល គឺ​មិនមែន​សំដៅលើ​បុគ្គល​ទេ​។ ចន្ទ​ឡា បាន​សិក្សា​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ​ពី​វេទិកា​ថ្នាក់រៀន​ថា​ជា ឈ្មោះ​ដែល​សម្តេចព្រះ នរោត្តម សីហនុ ដាក់​ឲ្យ​សត្រូវ​របស់​ព្រះអង្គ គឺ​ក្រុម​កុម្មុយនីស្ត​។​ ​

​ប្រវត្តិសាស្ត្រ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ត្រូវបាន​ចាត់ទុកថា​ជា​ផ្នែក​ដ៏​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ដោយសារ​មូលហេតុ​នេះហើយ ចន្ទ​ឡា មិនអាច​បំភ្លេច​ប្រវត្តិសាស្ត្រ​នេះ​បានទេ​។ ផ្ទុយទៅវិញ ប្រវត្តិសាស្ត្រ​នេះ​ត្រូវតែ​កត់ត្រា​ទុក និង​ចងចាំ ព្រោះថា​របប​នេះ​ជា​របប​ផ្តាច់​ការដែល​បង្ក​ទៅជា​អំពើ​ប្រល័យពូជសាសន៍​។ របប​នេះ​បាន​លុបបំបាត់​រាល់​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន ជាពិសេស​គឺ​សិទ្ធិ​រស់រានមានជីវិត​។​ ​

​ការពិភាក្សា​ជា​ក្រុម និង​ការធ្វើ​បទ​បង្ហាញ នាំ​ឲ្យ ចន្ទ​ឡា និង​មិត្ត​រួម​ថ្នាក់​យល់បាន​កាន់តែច្បាស់​អំពី​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ចន្ទ​ឡា បាន​ពោលថា «​បរិយាកាស​អប់រំ​បែបនេះ ជំរុញ​ចិត្ត​ឲ្យ​ខ្ញុំ និង​មិត្ត​រួម​ថ្នាក់​ឲ្យ​បណ្តុះ​ការគិត​ត្រិះរិះ​ពិចារណា​។ ជា​ឧទាហរណ៍ យើង​បានចាប់ផ្តើម​ពិចារណា​ថា​តើ​ការដឹកនាំ​បែប​ផ្តាច់ការ​គឺ​ល្អ​ឬ​យ៉ាងណា​។ នេះ​ពឹង​ផ្អែកលើ​យើង​ដែលជា​មនុស្ស​ជំនាន់​ថ្មី ក្នុង​ការរារាំង​ប្រវត្តិសាស្ត្រ​ដ៏​ខ្លោចផ្សា​នេះ​ពី​ការកកើត​មាន​»​។ នៅពេល​ត្រូវបាន​សួរថា​តើ​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​អាច​ចូលរួមចំណែក​នៅក្នុង​ដំណើរ​ការកសាង​សន្តិភាព​ឬទេ ចន្ទ​ឡា បាន​ងក់ក្បាល​យល់ស្រប ព្រមទាំង​លើកឡើងថា សកម្មភាព​នេះ​អាចជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​របស់​យើង​។ របប​ខ្មែរក្រហម​គឺជា​ឧទាហរណ៍​មួយ​បញ្ជាក់ថា របប​មួយ​មិនអាច​សម្រេចបាន​សន្តិភាព​ទេ​ប្រសិនបើ​ប្រជាជន​ត្រូវបាន​គាបសង្កត់​។ នេះ​ស្របទៅនឹង​ពាក្យ​មួយ​ឃ្លា​ដែល​តែង​ត្រូវ​បានលើកឡើង​គឺ «​ការគាបសង្កត់​បង្កើត​ឲ្យ​មានការ​រើបម្រះ​»​។ ប្រជាជន​ត្រូវ​ទទួលបាន​សិទ្ធិសេរីភាព​របស់ខ្លួន​។ មតិយោបល់​របស់​ប្រជាជន​ត្រូវតែ​ទទួល​បានការ​ស្តាប់ និង​ការគោរព​។ បុគ្គល​ម្នាក់ៗ​មាន​អាច​ចូលរួមចំណែក​នៅក្នុង​កា​រ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ទៅតាម​លទ្ធភាព​របស់គេ​។ អ្នកដឹកនាំ​ខ្មែរក្រហម​ត្រូវតែ​ទទួលខុសត្រូវ ចំណែក​អ្នក​នៅក្រោម​បង្គាប់​ធ្វើ​ទៅតាម​បញ្ជា​ថ្នាក់លើ​ប៉ុណ្ណោះ​។ ចន្ទ​ឡា បាន​និយាយថា «​អ្នក​ត្រូវ​ធ្វើតាម​បញ្ជា បើ​មិន​ដូច្នេះ​ទេ អ្នកនឹង​ត្រូវ​សម្លាប់​»​។​

​ចំពោះ​បដិវត្តន៍​ខ្មែរក្រហម ប្រជាជន​តំបន់ភ្នំ​ត្រូវបាន​ចាត់ទុកថា “​ស្មោះស្ម័គ្រ និង​ស្មោះត្រង់​” ចាប់តាំងពី​ដើមដំបូង​។ នៅ​ដំណាក់កាល​បន្ទាប់​នៃ​របប​នេះ ប្រជាជន​ក្រុម​នេះ​ត្រូវ​ប្រឈម​នឹង​បន្សុទ្ធកម្ម​ជា​ប្រព័ន្ធ និង​រីក​រាលដាល​។ ចន្ទ​ឡា យល់ថា នេះ​ពិតជា​សោកសង្រេង​ចំពោះ​ប្រជាជន​ព្រោះថា​អ្នក​ទាំងនេះ​ត្រូវបាន​កំណត់​មុខសញ្ញា ហើយ​សម្លាប់ចោល​។ នេះ​គឺជា​បញ្ហា​នៃ​អ្នកដឹកនាំ​ខ្មែរក្រហម និង​គោលនយោបាយ​ដែល​របប​បាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ប្រទេស ហើយ​របប​នេះ​ធ្វើ​ឲ្យ​ប្រជាជន​បាត់បង់​ភាពជា​មនុស្ស និង​មិនត្រូវ​បានផ្តល់​តម្លៃ​។​

​ចន្ទ​ឡា បានលើកឡើង​អំពី​សារសំខាន់​នៃ​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ចន្ទ​ឡា បាន​និយាយថា «​វា​ពិត​ជាមាន​សារសំខាន់​ណាស់​ចំពោះ​យើង​ក្នុងការ​ឆ្លុះបញ្ចាំង និង​គិត​ថ្លឹងថ្លែង​សម្រាប់​អនាគតកាល​។ កាលបើ​យើង​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​បាន​កាន់តែច្រើន យើង​អាច​បណ្តុះ​ការ​ត្រិះរិះ​ពិចារណា ដែល​អាច​ជំរុញ​ឲ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​មាន​ភាពប្រសើរឡើង និង​អាចធ្វើ​ការសម្រេច​ចិត្តបាន​ឈ្លាសវៃ​ជាង​មុន​»​។ ចន្ទ​ឡា លើកទឹកចិត្ត​ឲ្យ​អ្នកចូលរួម​ទាំងអស់​គិត និង​សម្រេចចិត្ត​អំពី​អ្វីដែល​ក្នុងនាម​ជា​បុគ្គល​ដែល​អាច​សម្រេច​អនាគត​របស់​ប្រទេស​កម្ពុជា យើង​គួរ​ឬ​មិនគួរ​ធ្វើ​នាពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។ ចន្ទ​ឡា ក៏បាន​គូសបញ្ជាក់ថា ការដឹកនាំ​ប្រទេសជាតិ​មិនគួរ​បង្ក​ហានិភ័យ​លើ​អ្នកដទៃ​ទាំង​ផ្នែក​ផ្លូវកាយ​និង​ផ្លូវ​ស្មារតី​ឡើយ​៕ ល​