​ខាំ​សុខ ផ្សព្វផ្សាយ​ពី​នីតិវិធី​រដ្ឋបាល និង​ហិរញ្ញវត្ថុ សម្រាប់​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣

204
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ដែល​ហៅ​កាត់​ថា ខាំ​សុខ (CAMSOK) នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ នេះ បាន​បើក​ធ្វើ​សិក្ខាសាលា ស្ដីពី​ការផ្សព្វផ្សាយ​នីតិវិធី បែបបទ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​របស់ គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ ២០២៣ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ គឺមាន​អត្ថន័យ​ខ្លឹមសារ សំខាន់​ណាស់ ដើម្បី​យើង​ដើរ​ទៅមុខ​ទាំងអស់គ្នា ក្នុង​គោលការណ៍​រួមមួយ ពី​គោលការណ៍​រដ្ឋបាល គោលការណ៍​ហិរញ្ញវត្ថុ​នេះ គឺជា​គោលការណ៍​មូលដ្ឋាន នៅក្នុង​ការអនុវត្ត នូវ​ផែនការ​យុទ្ធសាស្ត្រ ហើយក៍​ជា​ធាតុ​ចូល​មួយ ដែល​យើង​ឯកភាពគ្នា ជា​ធ្លុង​មួយ សម្រាប់​អនុវត្ត​កម្មវិធី​ខាំ​សុខ ទទួលបាន​ជោគជ័យ ។

​លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់ថា ដើម្បី​ឲ្យ​ស៊ី​ហ្គេម ២០២៣ ទទួលបាន​ជោគជ័យ​នោះ យើង​ត្រូវ​ការឱ្យ​សហព័ន្ធ​កីឡា​ជាតិ មាន​សមត្ថភាព កីឡាករ កីឡា​ការ​នី​របស់​យើង មាន​សមត្ថភាព ហើយ​ខិត​ជិតគ្នា និង​ខិតខំ​ទាំងអស់គ្នា ធ្វើ​ការកែ ទម្រង់ តាម​គោលការណ៍ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ នូវ​គោលនយោបាយ​ជាតិ​កីឡា​។ យើង​ត្រូវតែកំណត់ ហើយ​យល់ថា ចាប់ពីពេលនេះ​តទៅ យើង​មាន​កាតព្វកិច្ច​ទទួលខុស​ត្រូវ ចំពោះមុខ​ជាតិ​ទាំងមូល នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម យើង​ត្រូវ​នាំគ្នា​ចូលរួម​ទាំងអស់គ្នា ធ្វើការ​កែតម្រូវ​វ​ការកែទម្រង់ ដែល​យើង​យល់ ដឹង​ទាំងអស់គ្នា​ថា ក្នុងការ​កែទម្រង់ គឺ​រាជរដ្ឋាភិបាល បានដាក់​ចេញ​ទិសដៅ​ថា កែទម្រង់​រស់ ៩៩ % អត់​កែទម្រង់​យើង ស្លាប់ ៩៩% ។​

​លោក ប៉ូ រតនា អគ្គលេខាធិការរង និង​ជា​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ បានបញ្ជាក់​អោយដឹងថា ដោយ​យោងតាម​ស្មារតី នៃ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព របស់​ខាំ​សុខ សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ គណៈកម្មាធិការ គណៈកម្មការ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ និង​អគ្គលេខាធិការដ្ឋាន បានរៀបចំ​គោលការណ៍​ណែនាំ ស្ដីពី​នីតិវិធី​ហិរញ្ញវត្ថុ ក្នុងការ​រៀបចំ​គំរូ ស្នើសុំ​ថវិកា​កម្មវិធី​អភិវឌ្ឍន៍​អត្ត​ព​លិ​ក ដល់​សហព័ន្ធ​កីឡា​ជាតិ កម្ពុជា ដែល​ក្នុងនោះ មួយ គឺ​ផ្ដល់​ថវិកា​សម្រាប់​ការហ្វឹកហាត់ និង​បណ្ដុះបណ្ដាល នៅក្រៅ​ប្រទេស សម្រាប់​រយៈពេល​ខ្លី មធ្យម និង​វែង​។ ពីរ ផ្ដល់​ថវិកា សម្រាប់​ការប្រកួត​កម្រិត​ជើងឯក និង​ប្រកួត​ជំនួស​អូឡាំពិក ប្រកួត​ឡើង rangking ជា​ផ្លូវការ​របស់​សហព័ន្ធ​អន្តរជាតិ ជា​លក្ខណៈ​អន្តរជាតិ ក្នុង និង​ក្រៅប្រទេស​។​

​លោក ប៉ូ រតនា បាន​បន្ត​ដោយ​សំណូមពរ ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ អនុវត្តតាម​គោលការណ៍​ណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ធានា​ដល់​គោលការណ៍ ចីរភាព​តម្លាភាព គណនេយ្យភាព សុ​ច្ចរិតភាព និង​ស័ក្តិ​សិទ្ធ​ភាព ដែលមាន​ចែង​ជា​ធរមាន ក្នុង​ផែនការមេ ឆ្ពោះទៅ​ការធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ទទួលបាន​ការឯកភាព​ទាំងស្រុង ពី​គណៈរដ្ឋមន្ត្រី ក្នុងសម័យ​ប្រជុំ​ពេញអង្គ នៅ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០១៦ ៕​v

#