​ខឹង​សុំ​ផ្សះផ្សារ​ជាមួយ​ប្រពន្ធ​មិនបាន​យក​កាំភ្លើង​បាញ់​ចូល​ផ្ទះ​ប៉ង​សម្លាប់​គ្រួសារ​ខាង​ប្រពន្ធ​

743
ចែករម្លែក

ដោយ:​ស​រិ​ទ្ធ​/​ភ្នំ​ពេ​ញ ៖ ​បុរស​ម្នាក់​ដែល​ឪពុកក្មេក​អះអាងថា​ជា​យោធា ​បាន​យក​កាំភ្លើងខ្លី​មក​បាញ់​ចូល​ផ្ទះ​ប្រពន្ធ​ទាំង​កណ្តាល​អា​ធ្រា​ត្រ ​ព្រោះតែ​ខឹង​សុំ​ផ្សះផ្សា​ជាមួយ​ប្រពន្ធ​មិនបាន​។​ ​ហេតុការណ៍​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៥ ​ខែធ្នូ ​នៅ​ចំណុច​ផ្ទះ​លេខ​៧៦​ ភូមិ​ដើម​ស្លែង​១​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​។​

​យោងតាម​ពាក្យបណ្តឹង​របស់លោក ​វ៉ែន លីន អាយុ​៤៩​ឆ្នាំ ​ដែល​ត្រូវជា​ឪពុកក្មេក​ជនដៃដល់​បាន​ឲ្យ​ដឹងថា អ្នក​ដែល​បាន​បាញ់​ចូលក្នុង​ផ្ទះ​របស់លោក​នេះ​ គឺជា​កូនប្រសារ​ឈ្មោះ​មឿ​ន តុលា អាយុ​២៩​ឆ្នាំ ​មុខរបរ​ជា​យោធា​។​ឈ្មោះ​មឿ​ន តុលា បាន​ចុះ​ចេញពីផ្ទះ​ដោយ​លែងលះ​ជាមួយ​កូនស្រី​របស់លោក​តាំងពី​កូន​របស់គាត់​សម្រាលកូន​បាន​៧​ថ្ងៃ​មក​ម្លេះ​។ ​ហើយក៏​បានមក​ផ្តិតមេដៃ​លែងលះ​នៅត្រឹម​សាលាសង្កាត់​ច្បារអំពៅ​ទី​២ ​ដែល​មកដល់​ថ្ងៃនេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​។​

​លោក ​វ៉ែន លីន បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា​ក្នុងអំឡុងពេល​២​ខែ​កន្លងទៅ​ ជននេះ​ធ្លាប់បាន​មកសុំ​ត្រូវរ៉ូវ​ជាមួយ​កូនស្រី​របស់លោក​វិញ​។ ​ប៉ុន្តែ​កូនស្រី​របស់លោក​មិន​ព្រម ​ព្រោះតែ​ប្តី​រូបនេះ​ចិត្តសាហាវ​និង​តែង​បង្ករឿង​ក្នុង​គ្រួសារ​ដែល​មិនអាច​ទ្រាំ​បាន​។ ​ដោយសារ​មិនបាន​សម​ដូច​បំណង​ឈ្មោះ​ មឿ​ន តុលា ​តែង​បង្ករឿង​ដល់​មុខផ្ទះ​ឥតឈប់ឈរ​រហូតដល់​យប់​កណ្តាល​អា​ធ្រា​ត្រ ​ឈានចូល​ថ្ងៃទី​៥ ​ខែធ្នូ​ នេះ​ស្រាប់តែ​មឿ​ន តុលា​យក​កាំភ្លើងខ្លី​បាញ់​ចូល​ក្នុងផ្ទះ ​ដែល​ប្រពន្ធ​កូន​និង​ឪពុកក្មេក​កំពុង​ដេក​ចំនួន​៤​គ្រាប់​ត្រូវចំ​សម្ភា​រៈ​ក្នុងផ្ទះ​តែ​សំណាង​ណាស់​មិនត្រូវ​អ្នកស្នាក់នៅ​ក្នុងផ្ទះ​។

​លោក​វ៉ែន លីន សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដល់​គ្រួសារ​លោក​ផង​បើ​ពុំ​ដូច្នេះ​ទេ ​នៅ​ថ្ងៃ​ណាមួយ​ជននេះ​និង​មក​បាញ់សម្លាប់​គ្រួសារ​លោក​ជាក់​ជាមិនខាន​។​ ​ចំពោះ​បញ្ហា​នេះ​ខាង​សមត្ថកិច្ច​បានបញ្ជាក់​ថា ​ករណី​ផ្ទុះអាវុធ​នេះ​គឺ​សមត្ថកិច្ច​ពុំបាន​ដឹង​ឡើយ​។​ លុះ​ព្រឹក​ឡើង​ទើប​ឃើញ​ឪពុកក្មេក​ជនដៃដល់​ម​ក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍ច្បារអំពៅ​ទី​២ ​ដោយ​កាន់​ទាំង​សំបក​គ្រាប់​និង​ក្បាល​គ្រាប់​យកមក​ជាមួយ​ទៀត​ផង​៕​B/