​ខឹង​សុំ​លុយ​ប្រពន្ធ​ទៅ​ផឹកស៊ី​មិនបាន​បើករថយន្ត​បុក​ស្ថានីយ​ប្រេង​ឆេះ​អស់​ខ្ទេច​

1179

​(​ស្ទឹងត្រែង​)៖​ស្ថានីយ​ប្រេង​មួយកន្លែង​ស្ថិតនៅ​ឃុំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ឆេះ​អស់ទាំង​ស្រុង​កាលពី​យប់​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​។​សមត្ថកិច្ច​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅក្នុង​ហេតុការណ៍​នោះ​ថា​ដើមហេតុ​បណ្តាលមកពី​ឆេះ​ស្ថានីយ​ប្រេង​ដោយសារ​ម្ចាស់​ឈ្មោះ​ឌី​ផឹកស៊ី​ស្រវឹង​ទៅសុំ​លុយ​ប្រពន្ធ​ឈ្មោះ​លី​តា​ដើម្បី​ទៅ​ផឹកស៊ី​ទៀត​។

វេលា​យប់នោះ ប្រពន្ធ​មិនឱ្យ​លុយ​ប្តី​ដើរ​ផឹកស៊ី​ប្តី​ខឹង​ក៏​បើករថយន្ត​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ​បុក​កន្លែង​ចាក់​ប្រេង​ជ្រុល​ដល់​មាត់ទ្វារ​កញ្ចក់​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​ណ្តា​ត​ភ្លើង​ឡើង​សន្ធោសន្ធៅ​រត់​ជាន់ជើងគ្នា​ទាំង​ថៅកែ​និង​កម្មករ​។​ភ្លាមៗ​នោះ​ប្រពន្ធ​ឈ្មោះ​លី​តា​កំពុងតែ​ដេក​នៅ​ខាងក្នុង​ជាមួយ​កូន​រត់គេច​ស្រែកយំ​ដួលសន្លប់​។

បន្ទាប់ពី​ហេតុការណ៍​កើតឡើង រថយន្ត​បាញ់​ទឹក​ចំនួន​២​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចុះទៅ​បាញ់​ទឹក​ពន្លត់​ប៉ុន្តែ​មិនអាច​គ្រប់គ្រង​អណ្តាតភ្លើង​បាន​ទាល់តែ​ឆេះ​អស់​តាម​ដំណើរ​។​នៅ​យប់​នោះគេ​ឃើញ​លោក​ថោង​ស្រា​ន់​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និង​លោក​ម៉ៅ​តារា​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ចុះទៅ​អន្តរាគមន៍​ដែរ​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត មនុស្ស​ម្នាក់​ឡើយ​តែ​លុយ​ជាច្រើន​ម៉ឺន​ដុល្លារ នៅក្នុង​ទូ​ចាក់សោ​មិនអាច​យកចេញ​ទាន់​។​ហើយ​រថយន្ត​ចំនួន​២​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​អស់​។​ម្ចាស់​ស្ថានីយ​ប្រេង​បាន​ខ្ចីលុយ​ពី​ធនាគារ​ទៅរក​ស៊ី​ប្រមាណ​ជាង​១៥​ម៉ឺន​ដុល្លារ​។​ឥឡូវ​ប្តី​ផឹក​ស្រវឹង​បើករថយន្ត​បុក​ឆេះ​អស់ទាំង​ដើម​ទាំង​ចុង​គួរឱ្យ​អាណិត​ណាស់​៕S/
​ដោយៈ​សុខុម​