​ខឹម ប៊ុន​ថូ អតីត​ពេទ្យ​យោធា​ក្នុង​របប​ខ្មែរក្រហម​

189

​ខឹម ប៊ុន​ថូ ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ​តា​រោង ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល​។ ថុ​ន មាន​ប្រពន្ធ​ឈ្មោះ សុខ ណា និង​មានកូន​ចំនួន​៧​នាក់ (​ប្រុស​៤ ស្រី​៣​នាក់​)​។ ប៊ុន​ថូ មាន​បងប្អូន​បង្កើត​៥​នាក់ ប៉ុន្តែ​ស្លាប់​២​នាក់ ក្នុង​របប ប៉ុល ពត​។

​កាលពី​សង្គមចាស់ ប៊ុន​ថូ រៀន​បាន​បន្តិចបន្តួច​ដោយសា​រ​កាលណោះ គាត់​កំព្រា​ឪពុកម្តាយ នៅក្នុង​វ័យ​១៣​ឆ្នាំ (​ឪពុកម្តាយ ប៊ុន​ថូ ស្លាប់​នៅ​សម័យ​សង្គម រាស្ត្រនិយម​)​។

​នៅ​ឆ្នាំ​១៩៧០ ប៊ុន​ថូ បាន​ស្នាក់អាស្រ័យ​នៅ​វត្ត​ស្អាង​ស្រែ អស់​រយៈពេល​បី​ឆ្នាំ ទើប​គាត់​ចាក​ចេញពី​វត្ត​ទៅ​ចូលធ្វើ​កង​ពិសេស នៅក្នុង​កងពល​១១ ដែលមាន​អ្នកគ្រប់គ្រង​ឈ្មោះ សោម​។ ប៊ុន​ថូ បានធ្វើការ​ជាមួយ សោម អស់​រយៈពេល​មួយឆ្នាំ ក្រោយមក គាត់​ក៏ត្រូវ​របួស និង​ពិការ​ជើង ដោយសារ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន លន់ នល់​។

​រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ កង​យោធា​ខ្មែរក្រហម​ទទួលបាន​ជ័យជំនះ​ទូទាំងប្រទេស ពេលនោះ ខ្មែរក្រហម​បាន​ចាត់តាំង ប៊ុន​ថូ ឲ្យ​នៅ​មន្ទីរ​ពិការ​។ ប៊ុន​ថូ ធ្វើការ​នៅ​មន្ទីរ​ពិការ​រហូតដល់​ឆ្នាំ​១៩៧៦ ទើប​អង្គការ​បាន​ដក​គាត់​ឲ្យ​មក​ធ្វើ​ពេទ្យ​វិញ​។

​នៅ​ឆ្នាំ​១៩៧៧ ប៊ុន​ថូ ត្រូវបាន​អង្គការ​ចាប់​គូរ​ឲ្យ​រៀបការ ដែល​កាលណោះ​មាន​បួន​គូរ ដែល​សុទ្ធតែ​ត្រូវ​អង្គការ​ចាប់បង្ខំ​។ ចាប់ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​បាន​វាយ​ប្រយុទ្ធ​ជាមួយ​កង​យោធា​ខ្មែរក្រហម​នៅ​ខេត្តរតនៈគិរី មណ្ឌលគិរី និង​ខេត្តព្រៃវែង ពេលនោះ កងទ័ព​ខ្មែរក្រហម​បាន​ត្រូវរបួស និង​ស្លាប់​ជាច្រើន​នាក់​។

​ប៊ុន​ថូ បាន​បន្តថា មាន​អ្នករបួស​ខ្លះ ពេលមកដល់​មន្ទីរពេទ្យ​ស្លាប់​ក៏មាន ដោយសារ​នៅតាម​ផ្លូវ​មេរោគ​បាន​ឆ្លងតាម​មុខរបួស ធ្វើ​ឲ្យ​ពិបាក​ព្យាបាល​។ រហូតដល់​ឆ្នាំ​១៩៧៩ ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ ដោយ​កងទ័ព​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស ពេលនោះ ប៊ុន​ថូ បាន​រត់គេចខ្លួន​ជាមួយនឹង​បក្ខពួក​ដោយ​ជិះ​ម៉ូតូ​ចេញពី​ភ្នំពេញ កាត់​តាម​ផ្លូវជាតិ​លេខ​៤​។ ពេលទៅដល់​ឧ​ត្តុ​ង ប៊ុន​ថូ បានឮ​ស្នូរ​កាំភ្លើង​ប្រយុទ្ធ​គ្នា​កាន់តែ​កៀក ធ្វើ​ឲ្យ​គាត់​ភ័យខ្លាច និង​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ប៊ុន​ថូ បាន​ទុក​ម៉ូតូ​ចោល រួច​រត់​ចូលទៅ​ក្នុងព្រៃ​។ ប៊ុន​ថូ បានធ្វើ​ដំណើរ​នៅក្នុង​ព្រៃ​អស់​រយៈពេល​ជាង​បី​ខែ ទើប​ទៅដល់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ម្តុំ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

​ប៊ុន​ថូ បាន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​តាម​ព្រំដែន ជាមួយ​កង​យោធា​ខ្មែរក្រហម​ជាច្រើន​នាក់​ទៀត ដើម្បី​ធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព​វៀតណាម ប៉ុន្តែ​ពេលនោះ​មិនសូវមាន​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ដល់​កង​យោធា​ទេ​។ នៅ​ឆ្នាំ​១៩៨០-៨១ កង​យោធា​ខ្មែរក្រហម​បានរៀបចំ​ឲ្យ​មាន​ប្រជាជន​សារ​ឡើងវិញ ដោយ​ថ្នាក់លើ​បានប្រកាស​ទៅកាន់​យោធា​ថា ប្រសិនបើ​យោធា​ណា​ចង់​ឈប់​មក​រស់នៅ​ជា​ប្រជាជន​សាមញ្ញ​វិញ គឺអាច​ឈប់​បាន ប៉ុន្តែ​ពេលនោះ​គ្មាន​យោធា​ណា​ម្នាក់​និយាយថា​ចង់​ឈប់​ទេ​។

​ក្រោយមក ប្រជាជន​ដែល​រស់នៅក្នុង​ស្រុក​ម៉ាឡៃ បាន​ទន្ទ្រានព្រៃ​ដើម្បី​សង់​លំនៅដ្ឋាន ទើប​មាន​យោធា​មួយចំនួន​បាន​លាឈប់​មក​រស់ក្នុង​ជីវ​ភាពជា​ប្រជាជន​វិញ​។ នៅ​អំឡុង​ពេលនោះ ក៏មាន​ប្រជាជន​ដែល​កាប់​ព្រៃ​ឆ្ការព្រៃ បាន​ជាន់មីន​ស្លាប់ និង​របួស​ជាច្រើន​នាក់​ដែរ​។

​រហូតមកដល់​ឆ្នាំ​១៩៩៨ កង​យោធា​ខ្មែរក្រហម​នៅ​ម៉ាឡៃ​បានធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ពេលនោះ ប៊ុន​ថូ មិនបាន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​របស់ខ្លួន​ទេ ដោយ​គាត់​យល់ថា នៅ​ស្រុកកំណើត​ពិបាក​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី ដោយ​មានតែ​របរ​នេសាទ​ប៉ុណ្ណោះ ដែល​ខុសពី​នៅ​ស្រុក​ម៉ាឡៃ​ដែលមាន​ចំនួន​ប្រជាជន សមល្មម​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី​។ ម្យ៉ាងទៀត ប្រសិនបើ​គាត់​គ្មាន​ដើមទុន​រកស៊ី គាត់​អាច​ស៊ីឈ្នួល​ឲ្យ​ថៅកែ ឬ​អាច​បេះ​ផ្លែឈើ និង​បន្លែ​យកទៅលក់​។ ដូច្នេះហើយ ទើប ប៊ុន​ថូ និង​ប្រពន្ធ​បានសម្រេច​ចិត្ត​កសាង​ជីវិត​ថ្មី រស់នៅក្នុង​ស្រុក​ម៉ាឡៃ ចាប់​តាំងតែ​ពី​ពេល​នោះមក​៕L ដោយ​៖ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​