​ខុន​ដូ​ប្រណីត​កម្ពស់​៣៥​ជាន់​មួយទៀត​នឹង​លេចចេញ​រូបរាង​នៅ​ដើមឆ្នាំ​២០២០

168
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​នឹង​កំពុង​រីកចម្រើន​យ៉ាង​លឿន​តាមរយៈ​ការវិនិយោគ​ដោយផ្ទាល់​ពី​វិនិយោគិន​បរទេស​ដែល​នឹង​នាំឱ្យ​វិស័យនេះ​ក្លាយជា​វិស័យ​អាទិភាព​ខ្ពស់​ក្នុងការ​ទាញ​ចំណូល​បាន​ច្រើន​ចូល​សេដ្ឋកិច្ចជាតិ​។​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រមាណ​ពី​២០-៣០​ភាគរយ​ថែមទៀត​នៅក្នុង​ឆ្នាំ​២០១៩​។ ខណៈ​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យនេះ គិត​ត្រឹម​ឆ្នាំ​២០១៨ មានការ​កើនឡើង​ប្រមាណ​ជាង​២០​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។

​កាលពី​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុន MCC Singapore បាន​បើកសម្ពោធ​គម្រោង​ខុន​ដូ ស្កា​យ​វីឡា​(SkyVilla)​ដ៏​ប្រណីត​បំផុត​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សាធារណរដ្ឋ​ប៉ូឡូញ ខណ្ឌ​៧​មករា​រាជធានី​ភ្នំពេញ​។​ខុន​ដូ​ស្កា​យ​វីឡា​គ្រោង​នឹង​សាងសង់​រួចរាល​ជា​ស្ថាពរ​នៅ​ដើមខែ​មីនា ឆ្នាំ​២០២០​។​

ស្កា​យ​វីឡា​ជា​គម្រោង​ខុន​ដូ​ដែលមាន​អគារ​កម្ពស់​៣៥​ជាន់​ចំនួន​ពីរ​បញ្ចូល​គ្នា​មាន​យូ​នី​ត​សរុប​ចំនួន​២៥៦​យូ​នី​ត​(​អគារ​នីមួយៗ​មាន​១២៨​យូ​នី​ត​)​និង​មាន​ចំណតរថយន្ត​ជាន់​ក្រោម​ដី​ចំនួន​៤​ជាន់​។​ជាមួយនឹង​សាល​ទទួលភ្ញៀវ​GrandLobby​ដែលមាន​ពិ​ដាន​កម្ពស់​រហូតដល់​១០​ម៉ែត្រ​អម​ជាមួយនឹង​ជណ្តើរ​ភ្លោះ​នាំឱ្យ​សាល​បដិសណ្ឋារកិច្ច​មួយ​នេះ​ក្លាយជា​តំណាង​នៃ​ភាព​ប្រណីត​ទាំង​មូលនៃ​អគារ​។​

​ក្រោម​ការ​រចនា​របស់​ស្ថាបត្យករ​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ លោក Chu-Yuan Lee ជា​អ្នក​រចនា​អគារ​តៃប៉ិ​១០១ នៅ​ទីក្រុង​តៃប៉ិ​នៃ​កោះ​តៃវ៉ាន់​ដ៏​ល្បី​អាចធ្វើឱ្យ​ខុន​ដូ​ស្កា​យ​វីឡា​បំបែក​កំណត់ត្រា​ជា​គម្រោង​រស់នៅ​ស្ថិត​ចំ​កណ្តាល​រាជធានី​ដែលមាន​ភាព​ទូលាយ​ជាងគេ​មាន ទំហំ​លំនៅស្ថាន​ចន្លោះ​ពី ២៧២ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ​។

លំនៅស្ថាន​នីមួយៗ​មាន​បំពាក់​ជូន​នូវ​គ្រឿង​សង្ហា​រឹម និង​អំពូល​ភ្លើង​ទំនើបៗ ព្រមទាំង​អាច​គយគន់​ទេសភាព​ភ្លើងពណ៌​នៃ​ទីក្រុង​ដ៏​ស្រស់ត្រកាល​។
​ដោយ​ត្រូវបានគេទទួលស្គាល់​ថា​ជា​គម្រោង​បែប​ធម្មជាតិ​បៃតង​នៅ​ចំ​កណ្តាល​ក្រុង​ផ្ទៃដី​ក្រៅពី​អគារ​នៅ​ជាន់​ផ្ទាល់​ដី​របស់​ខុន​ដូ ស្កា​យ​វីឡា (Sky Villa) ត្រូវបាន​រចនា​ជា​សួនច្បារ​អម​ជាមួយ​ដើមឈើ​បៃតង មិនតែប៉ុណ្ណោះ នៅតាម​យូ​នី​ត​នីមួយៗ​ក៏មាន​ទីធ្លា​ល្មម​គ្រប់គ្រាន់​សម្រាប់​ធ្វើជា​សួន​ផ្ទាល់ខ្លួន​ផងដែរ​។​

នៅ​កម្ពស់​ជាន់​ទី​៣៤ អ្នកស្នាក់នៅ​អាច​ប្រើប្រាស់​សេវាកម្ម​ជាច្រើន​មានដូចជា កន្លែង​ហាត់ប្រាណ បន្ទប់​ម៉ាស្សា អាង​ហែល​ទឹក​លើ​អាកាស សាល​ពពក (Cloud Pavilion) និង សួនច្បារ​លើ​អាកាស ដែលមាន​ទេសភាព​ស្រស់ត្រកាល ដែល​បង្ហាញ​ពី​ទេសភាព​ដ៏​អស្ចារ្យ​នៃ​ទីក្រុង​។​

នៅ​ជា​ន់ទី​៣៥​គឺ Sky Villa Club ដែល​ផ្តល់នូវ កន្លែង​សម្រាប់​អាន​សៀវភៅ មាន ក្លិប​និង​ភោជនីយដ្ឋាន​ដែលមាន​បម្រើ​ជូន​នូវ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ព្រមទាំង​សាល​កំសាន្ត​ដ៏​សម្បូរបែប​។ ក្រៅពីនេះ ខុន​ដូ ស្កា​យ​វីឡា​(SkyVilla)​ក៏មាន​សាល​ពិធី​ដ៏​ធំ​មួយទៀត​ឈ្មោះថា​GrandBallroom​ដែល​ស្ថិតនៅ​ពី​ជាន់​ឡៅតឿ​ដែល​លោកអ្នក​អាច​ប្រារព្ធ​ពិធី​ជួបជុំ​កំសាន្ត​ផ្សេងៗ​បាន​យ៉ាង​សប្បាយ​។​

​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ប្រណីត​ខុន​ដូ​ស្កា​យ​វីឡា​(SkyVilla)​ផ្តល់ជូន​នូវ​បុគ្គលិក​ផ្តល់​សេវា​ពេញលេញ​រួមទាំង​សេវា​គ្រប់គ្រង​របៀប​រស់នៅ​ដូចជា​សេវា​កក់​មធ្យោបាយ​ធ្វើដំណើរ​ដំណើរ​កម្សាន្ត​ក្នុង​ទីក្រុង សេវា​បោកគក់ និង​ថែរក្សា​លំនៅស្ថាន អ្នករត់​សំបុត្រ ការដើរ​ទិញ​ម្ហូបអាហារ ការរៀបចំ​ព្រឹត្តិការណ៍ សេវា​លេខាធិការ និង​សេវា​ច្រើន​ទៀត​។​

​ក្នុង​ពិធី​សម្ពោធ​ខុន​ដូ​ស្កា​យ​វីឡា លោក Tan Zhiyong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​MCC Singapore បាន​មានប្រសាសន៍ថា “​យើង​មាន​ក្តីរំភើប​រីករាយ​ខ្លាំងណាស់ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ខុន​ដូ ស្កា​យ​វីឡា (Sky Villa) ដើម្បី​បង្កើត​បែបបទ​ថ្មី​នៃ​ការរស់នៅ​បែប​ប្រណីត​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​។

ក្នុងនាម​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​និង​ជាទី​ក្រុង​ដែលមាន​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៅលើ​ពិភពលោក​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​សម្គាល់​អំពី​កំណើន​នៃ​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ក៏ដូចជា​លំហូរ​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​អន្តរជាតិ ដូច្នេះ​ខុន​ដូ ស្កា​យ​វីឡា (Sky Villa) ចូលរួមចំណែក​ជា​លំនៅដ្ឋាន​ក្នុង​ក្តី​ប្រាថ្នា​របស់​ពួកគេ​៕S/

​ចំណងជើង​រូបថត​៖​ខុន​ដូ ស្កា​យ​វីឡា​គ្រោង​នឹង​សាងសង់​រួចរាល​ជា​ស្ថាពរ​នៅ​ដើមខែ​មីនា ឆ្នាំ​២០២០(​រូបៈ​សុផល​)

#