​ខឿន​ច្រាំងទន្លេ​ក្រុង​កំពង់ចាម​ស្ថាបនា​ធ្នឹម​គ្រឹះ​ខាងក្រោម​ច្រាំង​បាន​មួយ​ជាន់​ហើយ

601
ចែករម្លែក

ដោយៈ​គង់​ហេង​/​កំពង់ចាម​:​ការដ្ឋាន​ខឿន​ច្រាំងទន្លេ​មេគង្គ​ក្រុង​កំពង់ចាម​ប្រវែង​១៧០​ម៉ែត្រ​ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​លក្ខណ​:​បច្ចេកទេស​និង​កំពុង​ស្ថាបនា​ដោយ​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នោះ​គឺ​សាងសង់​បាន​សសរ​គ្រឹះ​ធ្នឹម​ខាងក្រោម​ច្រាំង​បាន​មួយ​ជាន់​ហើយ​។​ក្នុងចំណោម​សសរ​គ្រឹះ​សរុប​ចំនួន​បួន​ជាន់​គឺ​សម្រេចបាន​ប្រមាណ​១០​ភាគរយ​ហើយ​គិត​ត្រឹម​សប្តាហ៍​ទី​២​ខែឧសភា​ឆ្នាំ​២០១៩​នេះ​។​

លោក​អ៊ុ​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ប្រាប់​ឱ្យដឹងថា​ខណ​:​យើង​បានបញ្ចប់​ការចាក់​សសរ​គ្រឹះ​ចំនួន​៣៥​ដើម​ចុះទៅ​ខាងក្រោម​ដី​ជម្រៅ​១៦​ម៉ែត្រ​និង​ចាក់​ធ្នឹម​ភ្ជាប់​ពីស​សរ​មួយ​ទៅ​សសរ​មួយ​ប្រវែង​១៧០ ម៉ែត្រ នៅ​ជាន់​ក្រោម​ច្រាំង​គេ​បង្អស់​នោះ​រួចហើយ​។​

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​សប្តាហ៍​ទី​៣​នៃ​ខែឧសភា​នេះ​ក្រុម​ជាង​សម្រុក​បន្ត​សាងសង់​គ្រោងឆ្អឹង​សសរ​គ្រឹះ និង​ធ្នឹម​ជាន់​ទី​២ និង​ជាន់​ទី​៣ ដែលមាន​ជម្រៅ​គ្រឹះ​សសរ​ចុះក្រោម​ដី ១៦​ម៉ែត្រ​ស្មើគ្នា និង​ចំនួន​សសរ​នៃ​ធ្នឹម​ក៏​ស្មើគ្នា​ដែរ​។ លើកលែងតែ​ជាន់​ទី​៤ ខាងលើ​ច្រាំង​ខ្ពស់បំផុត​គឺ​ជម្រៅ ២០ ម៉ែត្រ ដោយ​សរុប​ខឿន​ផ្ទៃ​ច្រាំងទន្លេ​ទាំងមូល​ប្រើប្រាស់​សសរ​គ្រឹះ​ចំនួន ១៤០​ដើម​។​

​លោក វិបុល បាន​បន្តថា តាម​ការពិនិត្យ​ជាក់ស្តែង​លើ​ការដ្ឋាន​ខឿន​ច្រាំងទន្លេ គឺ​សម្រេចបាន​ប្រមាណ ១០​ភាគរយ​។​ប៉ុន្តែ​ល្បឿន​នៃ​ការស្ថាបនា​នេះ​ហាក់​មានការ​យឺត​យាវ​បន្តិច​ដោយសារ​ជួប​បញ្ហា​ប្រឈម​ផ្នែក​គ្រឿងចក្រ​ម៉ាស៊ីន​លាយ​បេតុង​រអាក់រអួល​របស់​ខាង​ក្រុមហ៊ុន​ឯកជន​។​

ពិសេស​បើ​ខាង​ក្រុមហ៊ុន​លាយ​បេតុង​ប្រើប្រាស់​រថយន្ត​លាយ​បេតុង ដែលមាន​ទុយោ​វែង​បោះដៃ​ប្រមោយ​ដល់​ធ្នឹម​ជាន់​ក្រោម នៃ​ច្រាំងទន្លេ​នោះ គឺ​ភាគរយ​នៃ​ការស្ថាបនា​ច្រាំងទន្លេ​ខ្ពស់ជាង​នេះ​។​

លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​នាឱកាស​ដែល​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការដ្ឋាន​ច្រាំងទន្លេ​នាពេល​ថ្មីៗ នេះ​ថា សូម​កោតសរសើរ​ដល់​ក្រុម​ជាងសំណង់​ច្រាំងទន្លេ ដែល​ដឹង​នាំ​ដោយ​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្តេជ្ញា​ប្រឹងប្រែង​ជំរុញ​ការស្ថាបនា​ច្រាំងទន្លេ​នេះ​ឲ្យ​បាន​ទាន់​មុខ​រដូវ​ទឹកទន្លេ​មេគង្គ​ឡើង​នា​ប៉ុន្មាន​ខែ​ទៀត​ខាងមុខនេះ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​”​សំខាន់​ជាង​នេះ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​ខិតខំ​ខ្នះខ្នែង​ចែករំលែក​ថវិកា​តាម​កា​រស​ម្រេច​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រុង​កំពង់ចាម​ឲ្យ​ច្រាំងទន្លេ​មួយ​នេះ​មាន​សុខ​សុវត្ថិភាព​ឡើងវិញ​”​។​

​គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ថវិកា​ចំនួន ១,៦​លាន ដុល្លារ​អាមេរិក ដើម្បី​ស្ថាបនា​ខឿន​ច្រាំង​ទន្លេមេគង្គ​ប្រវែង​១៧០​ម៉ែត្រ​។ ស្ថិតក្នុង​ភូមិ​ទី ១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​បាន​រអិល​បាក់​ដី ពី​គ្រោះថ្នាក់​ទឹកជំនន់​ទន្លេ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៨ ជាបន្ទាន់​ឡើងវិញ​នៅ​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ​។​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជុំវិញ​តំបន់​នោះ​៕S/​