ដោយ: គង់ហេង/កំពង់ចាម: នៅចុងខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះលោក គួច ចំរើន អភិបាលខេត្តកំពង់ចាមនឹងដឹកនាំក្រុមកីឡាករបាល់ទាត់ខេត្តនេះដោយផ្ទាល់ដើម្បីទៅចូលរួមការប្រកួតជាលក្ខណ:មិត្តភាពជាមួយខេត្តសម្ព័ន្ធមិត្ត គឺខេត្តតៃនិញ របស់ប្រទេសវៀតណាម។
នេះជាប្រកាសឲ្យដឹងជាសាធារណ:របស់លោក គួច ចំរើន ក្នុងពិធីជួបជុំបុណ្យខែរ៉ាម៉ាទនស្រាយបួស នៃសាសនាអ៊ីស្លាមខេត្តកំពង់ចាម រាប់រយនាក់ក្នុងបរិវេណវិហារ ស្ថិតនៅក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាមកាលពីល្ងាចថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៨។
លោកគួចចំរើនបានមានប្រសាសន៍ថាសូមសម្តែងការកោតសរសើរដល់បងប្អូនអ៊ីស្លាមទាំងអស់បានសាមគ្គីភាពគ្នាល្អគឺក្រុមកីឡាករបាល់ទាត់ជម្រើសខេត្តកំពង់ចាម ដែលសុទ្ធសឹងជាយុវជនដែលមានថ្វីជើងល្អៗ នៅក្នុងសហគមន៍អ៊ីស្លាម។ ថ្វីបើមិនទទួលបានពានរង្វាន់ក៏ពិតមែន ប៉ុន្តែក្រុមកីឡាបាល់ទាត់ខេត្តយើងទទួលជោគជ័យលើបណ្តាខេត្តជាច្រើន នៃការប្រកួតកន្លងមក។
លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថានេះបានបង្ហាញពីការផ្តល់កិត្តិយសនិងលើកកម្ពស់វិស័យកីឡារបស់ខេត្តកំពង់ចាម។ពិសេសដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ខេត្តយើងនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះគឺលោកនឹងដឹកនាំក្រុមកីឡាករនេះដោយផ្ទាល់ទៅចូលរួមការប្រកួតជាលក្ខណ:មិត្តភាព ជាក្រុមកីឡាករបាល់ទាត់ខេត្តតៃនិញ ជាខេត្តសម្ព័ន្ធមិត្ត នៃប្រទេសវៀតណាម។
លោក ស្រេង វ៉ាន់ណូ ជាគ្រូបង្វឹក ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ១០ មិថុនានេះថា ដើម្បីត្រៀមចូលរួមការប្រកួតជាមួយក្រុមកីឡាករបាល់ទាត់ខេត្តតៃនិញ ប្រទេសវៀតណាមនោះ គឺខាងលោកចាប់ផ្តើមប្រមូលកីឡាករបាល់ទាត់តាមបណ្តាសហគមន៍អ៊ីស្លាមពី ស្រុកកងមាសស្រុកស្ទឹងត្រង់និងក្រុងកំពង់ចាមឲ្យចូលរួមហ្វឹកហាត់ក្នុងពហុកីឡដ្ឋានបាល់ទាត់ខេត្តកំពង់ចាម នៅដើមសប្តាហ៍នេះ។
គ្រូបង្វឹកបាល់ទាត់តាំងពីឆ្នាំ២០១២ និងមានអាយុ ៣៩ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា ក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាមបច្ចុប្បន្នដែលគ្រោងចេញទៅប្រកួតក្រៅប្រទេសនេះ គឺមានសមាជិកទាំងពេញសិទ្ធិ និងទាំងបម្រុងចំនួន ៥០ នាក់៕S/