​ខេត្តកំពតនឹងមានសំណង់​អគារ​លំដាប់​អន្តរជាតិ​សម្រាប់​បម្រើការ​ទេសចរ​និង​ធុរជន​សំខាន់ៗ​

366
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​សំណង់​កម្ពស់​៤២​ជាន់​ជា​ប្រភេទ​អគារ​ពហុ​មុខងារ​លំដាប់​អន្តរជាតិ​នឹង​កើតឡើង​លើកដំបូង​ក្នុង​ក្រុង​កំពត​តាមរយៈ​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៩៥​លាន​ដុល្លារ​។​នេះ​ជាការ​បង្កើន​សោភ័ណភាព​ក្រុង​និង​ឆ្លើយតប​តម្រូវការ​ធុរជន​សំខាន់ៗ​ឱ្យមក​ស្នាក់នៅ​ដើម្បី​វិនិយោគ​ក្នុង​ខេត្តកំពត​។​
លោកស្រី​សុផាត​តារា​រតនា​តំណាង​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង​បានឱ្យដឹងថា​ថៃ​ប៊ុន​រ៉ុង​កំពត​បៀ​ល​ឌី​ង​ជា​គម្រោង​សាងសង់​អគារ​ពហុ​មុខងារ​កម្ពស់​៤២​ជាន់​ដែលមាន​ផ្ទៃ​សំណង់​១៣៨.៤៥០,៤៤​ម៉ែត្រក្រឡា​ស្ថិតក្នុង​ភូមិ​១​ឧសភា​សង្កាត់​កំពង់​កណ្តាល​ក្រុង​កំពត​។​ដោយ​មិន​គិត​បញ្ចូល​តម្លៃ​ដី​គម្រោង​ត្រូវ​ចំណាយ​ទឹកប្រាក់​ចំនួន​៩៥​លាន​ដុល្លារ​។​

​លោកស្រី​បាន​បញ្ជាក់ថា​ក្រោយ​ស្ថាបនា​រួច​ដែល​ប្រើ​រយៈពេល​៤២​ខែ​អគារ​នានា​នឹង​ក្លាយជា​ការិយាល័យ​កន្លែង​ស្នាក់នៅ​ប្រមូលផ្តុំ​មាន​ទាំង​ហាង​ទំនិញ​ក្លិប​ហាត់ប្រាណ​អាង​ហែល​ទឹក​ទី​កម្សាន្ត​សួន​បៃតង​និង​រចនាសម្ព័ន្ធ​ដទៃទៀត​សម្រាប់​បម្រើ​អតិថិជន​ប្រកបដោយ​ផាសុកភាព​តាមបែប​សម័យ​ទំនើប​។

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​ថៃ​ប៊ុន​រ៉ុង​កំពត​បៀ​ល​ឌី​ង កាលពី​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​លោក​ទេព​ធន​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​រូ​នីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍ថា​នេះ​ជា​អគារ​ទី​១.៣៣០​នៅ​ទូទាំងប្រទេស​ដែលជា​ប្រភេទ​សំណង់​កម្ពស់​ចាប់ពី​ប្រាំ​ជាន់ឡើង​។

សមិទ្ធផល​ថ្មី​នឹង​ធ្វើឱ្យ​ខេត្តកំពត​កាន់​តែមាន​សក្តានុពល​ក្នុងការ​ស្រូប​ទាញ​ភ្ញៀវទេសចរ​ពិសេស​វិនិយោគិន​ឱ្យ​ចាប់អារម្មណ៍​បង្វែរ​ទិស​មករក​ស៊ី​នៅ​ខេត្ត​ភាគ​និរតី​នេះ​។​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​នា​អំឡុងពេល​ចុងក្រោយ​វិស័យ​សំណង់​មានការ​អភិវឌ្ឍ​ខ្លាំងក្លា​ធ្វើឱ្យ​ថវិកាជាតិ​បានមកពី​ផ្នែក​ដីធ្លី​កើន​រហូតដល់​៩០​ភាគរយ​នៃ​ចំណូល​រួម​។

​គិត​ត្រឹម​ប្រាំបួន​ខែ​ឆ្នាំ​២០១៩​ចំណូល​ដែល​ទទួលបាន​មាន​ចំនួន​២.១៨៤​លាន​ដុល្លារ​គឺ​កើនឡើង​៣០​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៨​។​ដោយឡែក​បើ​គិតតែ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៩​ចំណូល​បាន​រហូតដល់​២៣២​លាន​ដុល្លារ​កើន​លើស​ខែកញ្ញា​ឆ្នាំមុន​ប្រមាណ​២៣​ភាគរយ​។

ជាមួយគ្នានេះ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ព្រឹត្តិការណ៍​នៃ​ការបើក​ការដ្ឋាន​សាងសង់​អគារ​ថៃ​ប៊ុន​រ៉ុង​កំពត​បៀ​ល​ឌី​ង​នាពេលនេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​សំណង់​អគារ​លំដាប់​អន្តរជាតិ​លើកដំបូង​និង​ខ្ពស់​ជាងគេ​ក្នុង​ខេត្តកំពត​។​សមិទ្ធផល​ថ្មី​នឹង​រួមចំណែក​អភិវឌ្ឍ​ខេត្ត​និង​ជាការ​បំពេញតម្រូវការ​សម្រាប់​ភ្ញៀវ​ជាតិ​អន្តរជាតិ​ពិសេស​វិនិយោគិន​ក្នុងការ​វិនិយោគ​នៅ​ខេត្តកំពត​៕S/​